ក្លឹប Fenerbahce កំពុង​តាមមើល​ស្ថានភាព​ជុំវិញ​អនាគត​របស់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល​

817

ពេលវេលា​របស់​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) នៅ​ក្លឹប Arsenal ទំនងជា​នៅ សល់​មិន​ច្រើន​ទេ ស្របពេល​ក្លឹប​យក្ស​តួ​ក​គី Fernerbache គ្រោង​ដាក់សំណើ​ផ្ទេរ​ខ្សែបម្រើ រូបនេះ​នៅ​ខែមករា​។​

​អនាគត​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​នៅ​ពហុកីឡាដ្ឋាន Emirates Stadium មើលទៅ ហាក់ដូចជា​មិន​ច្បាស់លាស់ បន្ទាប់ពី​ខកខាន​មិនបាន​ឆ្លើយតប​តាម​ការចង់បាន​របស់​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ។​

​អូ​ហ្ស៊ី​ល បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ កាលពី​ដំណាច់​រដូវ​កាល​មុន ប៉ុន្តែ​ហាក់ដូចជា​មិនបាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​តាម ដែល​លោក អេ​មឺ​រី និង​អ្នកគាំទ្រ Arsenal ចង់បាន​។​

​នៅពេលនេះ ក្លឹប Fenerbache បាន​ក្លាយជា​បេក្ខភាព​នាំមុខគេ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ អូ​ហ្ស៊ី​ល នៅ​ខែម​ករានេះ ខណៈ​ពួកគេ​ឆ្លៀតឱកាស​នៅពេល​អនាគត​របស់​កីឡាករ​រូបនេះ​ស្ថិត ក្នុង​ភាពមិនច្បាស់លាស់​។​

​តាម​បណ្តាញ​ព័ត៌មាន​តួ​ក​គី Fotomac បាន​ឲ្យ​ដឹងថា ក្លឹប Fenerbache កំពុង​នាំមុខគេ ក្នុង​ការផ្ទេរ​ខ្សែបម្រើ​រូបនេះ ស្របពេល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក៏​កំពុង​តាម​ឃ្លាំង មើល​ស្ថានភាព​នេះ​ផងដែរ​។​

​គេ​មិនទាន់​ច្បាស់​ថា តើ អូ​ហ្ស៊ី​ល នឹង​ពិចារណា​ចាក​ចេញពី Arsenal ឬ​យ៉ាងណា នៅពេល​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក​ថ្មី អេ​មឺ​រី មិនសូវ​ល្អ​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។​
​ ​
​មានការ​អះអាងថា អ្នក​ទាំងពីរ​មាន​ជម្លោះ​នៅពេល​ហ្វឹកហាត់ បន្ទាប់ពី អូ​ហ្ស៊ី​ល ដឹងថា ខ្លួន​នឹង​មិនបាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង អំឡុងពេល​ពួកគេ​យកឈ្នះ​ក្រុម West Ham កាលពី​ខែ​មុន​។ គេ​ជឿថា អតីត​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ​ក៏​មិន​សប្បាយចិត្ត​ដោយសារ តែ​លោក អេ​មឺ​រី តម្រូវ​ឲ្យ​ខ្លួន​លេង​នៅ​ស្លាប​ស្តាំ​ផ្ទុយ​ពី​តំណែង​លេខ​១០ ដែល​ខ្លួន​ពេញចិត្ត​៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)