ក្លឹប PSG និង​ក្លឹប Juventus កំពុង​ចរចា​ផ្ទេរ ប៉ាវ​ឡូ ឌី​បា​ឡា

173
ចែករម្លែក

ក្លឹប​យក្ស​បារាំង Paris Saint-Germain និង​ក្លឹប Juventus នឹង​ចរចា​ជុំវិញ​កិច្ចសន្យា​ផ្ទេរ ៧៣​លាន​ផោន សម្រាប់​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) នៅ​សប្តាហ៍​នេះ​។​
​ ​
លោក ច​ច អាន​ធន់ (Jorge Antun) ភ្នាក់ងារ​របស់ ឌី​បា​ឡា នឹង​ជួប​ជាមួយ​ប្រធាន​បច្ចេក ទេស​ក្លឹប PSG លោក ឡេ​អូ​ណា​ដូ (Leonardo) ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ឲ្យ​បាន ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​។​
​ ​
​លោក ឡេ​អូ​ណា​ដូ ចង់​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​ពុធ​នេះហើយ​ចង់បាន​ខ្សែ ប្រយុទ្ធ​ថ្មី​នេះ​នៅ​បារាំង​។ វា​បានបង្ហាញ​យ៉ាងច្បាស់​ថា ពួកគេ​ពិតជា​ចង់បាន​ខ្សែប្រយុទ្ធ ម្នាក់ទៀត​នៅពេល​ពួកគេ​ចាញ់​ក្រុម Rennes នៅ​ក្របខណ្ឌ Ligue 1​កាលពី​យប់​ថ្ងៃ អាទិត្យ​។​
​ ​
គេ​នៅចាំ​មើលថា តើ​ក្លឹប Juventus នឹង​ទទួលយក​លក្ខខណ្ឌ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្លឹប PSG ឬ​យ៉ាងណា ហើយ​អាច​នឹង​រក្សា​តម្លៃ​៩១​លាន​ផោន​។ លោក ហ្វា​ប៊ី​យ៉ូ ប៉ា​រ៉ា​ទី​ស៊ី ប្រធាន​ក្លឹប Juventus អន្ទះសា​ចង់​លក់ ឌី​បា​ឡា ចេញ ដូច្នេះ​លោក​អាច​ប្រើប្រាស់ ថវិកា​នេះ ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) របស់​ក្លឹប Inter Milan មុនពេល​រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​
​ ​
ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Manchester United និង Tottenham នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មិនបាន​ក្លាយជា​ការពិត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#