ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​លេច​ស្រមោល​ស្ទង់ៗ យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ចិន​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ធំ​

2453
ចែករម្លែក

​សេដ្ឋកិច្ច​ចិន​កំពុង​ស្ថិតនៅ​ចំណុច​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់ខ្លួន​។ ក្នុងឱកាស​គម្រប់​ខួប ៤០ ឆ្នាំ​នៃ​ការកែទម្រង់​និង​ការបើក​ទូលាយ​សេដ្ឋកិច្ច ចិន​បាន​ក្រឡេក​ទៅ​មើល​កាលពីមុន និង​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន​។​

​បញ្ហា​ប្រឈម​ធំ​ជាង​នេះ គឺ ការ​សម្លឹង​មើលទៅ​ឆ្នាំ ២០៥០ និង​គោលដៅ​គួរ​ជាទី​សង្ឃឹម​ជាច្រើន​សម្រាប់​អ្វី ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​និង​ថ្នាក់ដឹកនាំ​របស់ខ្លួន ប្រសិទ្ធ​នាម​ថា យុគសម័យ​ថ្មី​របស់​ចិន​។​

​ការ​សម្លឹង​មើលទៅ​អនាគត​វែងឆ្ងាយ​គឺ​តែងតែ​ជា​ជំហាន​គួរឱ្យ​ជឿជាក់ ប៉ុន្តែ​កុំ​ទាន់​រំពឹង​ខ្ពស់​ពេក នៅពេលដែល​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់​ចិន គឺ​សហរដ្ឋអាមេរិក បបួលគ្នា​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម ដែល​អាច​នឹង​ផ្ទុះឡើង​នៅពេល​ណាមួយ​នោះ​។​

* អន្តរកាល​គួរឱ្យខ្លាច ទោះបី​មានការ​រីកចម្រើន​ក្នុងការ​ធ្វើ​មាន​តុល្យភាព​ឡើងវិញ​ក្តី​

​គេ​អាច​និយាយបានថា អន្តរកាល​នៅពេល​ខាងមុខ​គឺ​គួរឱ្យខ្លាច​។​

​ម្យ៉ាងវិញទៀត វា​តម្រូវឱ្យមាន​ការកែ​តម្រូវ​ពេញលេញ​ក្នុង​បំណង​ធ្វើឱ្យមាន​តុល្យភាព​ឡើងវិញ​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ចិន ពី​ការផលិត​ទៅរក​សេវាកម្ម ពី​ការនាំចេញ​ទៅរក​ការប្រើប្រាស់​ក្នុងស្រុក ពី​អតិរេក​ប្រាក់​សន្សំ​ទៅរក​ការ​ស្រូ​យ​យកប្រាក់​សន្សំ​វិញ និង​ពី​ការបញ្ជា​របស់​រដ្ឋ​ទៅរក​ការ​បែក​ចែក​ធនធាន​ផ្អែកលើ​ទីផ្សារ​។​

​ការរីកចម្រើន​ខ្លះៗ​ក្នុង​ដំណើរ​នេះ​គឺ​ឃើញច្បាស់​ជាក់ស្តែង​រួចទៅហើយ​។​

​ខណៈដែល​សេដ្ឋកិច្ច​ចិន​គឺ​ធ្វើបាន​ល្អ​ដោយ​មិនសូវ​ពឹង​ផ្អែកលើ​តម្រូវការ​ពី​ខាងក្រៅ​ជាង​ករណី​មុន​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ឆ្នាំ ២០០៨ ការនាំចេញ​នៅតែមាន​ចំនួន ២០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន ឬ​ប្រហែលជា​ពាក់កណ្តាល​នៃ​ការប្រើប្រាស់​ក្នុងស្រុក​។​

​ទោះយ៉ាងណា ជាមួយ​ការធ្វើឱ្យមាន​តុល្យភាព​ឡើងវិញ​ដែល​ពឹង​លើ​ទំនិញប្រើប្រាស់​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៅ​ឡើយនិង​មិនទាន់​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ភាពចលាចល​មិន​នឹកស្មាន​ដល់​នៅ​វិស័យ​ផ្សេងទៀត​ក្នុង​សេដ្ឋកិច្ច​នោះ រាល់​ការរំខាន​ណាមួយ​នៅក្នុង​បរិយាកាស​សកល​អាចជា​បញ្ហា​មួយ​សម្រាប់​ចិន​។​

​អ្វីដែល​គួរឱ្យកត់សំគាល់​គឺថា ការធ្វើឱ្យមាន​តុល្យភាព​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​ចិន​មិនអាច​កើតឡើង​ទាំង​មាន​ចំណុច​ខ្វះខាត​ឡើយ​។ ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ចពិភពលោក​និង​នៅក្នុង​ទំនាក់ទំនង​របស់​ចិន​ជាមួយ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ​ដទៃទៀត​នៅក្នុង​ពិភពលោក​ក៏មាន​ផលប៉ះពាល់​យ៉ាងសំខាន់​លើ​លទ្ធផល​ផងដែរ​។​

​ក្នុងន័យនេះ​ប្រទេស​ចិន​មាន​អ្វីៗ​ជាច្រើន​ត្រូវ​រៀនសូត្រ​ពី​ការវិវត្ត​នាពេល​ថ្មីៗ​នេះ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការ​ហែកហួរ​និង​វិបត្តិ​នេះ ក្នុងនោះ​រួមបញ្ចូល​ទាំង​មេរៀន​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ ២០០៨ និង​វិបត្តិ​សេដ្ឋកិច្ច​ក្នុងប្រទេស​ជប៉ុន​។​

​នៅក្នុង​ករណី​ទាំងនេះ ផលប៉ះពាល់​យូរអង្វែង​នៃ​លទ្ធផល​ដែល​ងាយ​ប្រែប្រួល​និង​គ្មាន​ស្ថិរភាព​នេះ គឺ​គូសបញ្ជាក់ ទាំង​ភាព​ធ្ងន់ធ្ងរ​និង​ភាពស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​ជាស​កល ដែល​ចិន​ទំនងជា​នឹង​ប្រឈមមុខ​នៅ​ដំណាក់កាល​បន្ទាប់​ទៀត​នៃ​អន្តរកាល​សេដ្ឋកិច្ច​របស់ខ្លួន​។​

* មេរៀន​៣​យ៉ាង​ពី​ជប៉ុន​

​ប្រទេស​ជប៉ុន ដែលជា​អព្ភូតហេតុ​កំណើនសេដ្ឋកិច្ច​ដំបូង​របស់​អាស៊ី និង​ជា​ប្រទេស​កំពុងមាន​បញ្ហា​សេដ្ឋកិច្ច​នោះ បានផ្តល់​មេរៀន​ពាក់ព័ន្ធ​ចំនួន ៣ ជាពិសេស​សម្រាប់​សេដ្ឋកិច្ច​ចិន​ដែល​ពឹងផ្អែក​ខ្លាំង​លើ​បំណុល​។ ទី​១ គឺ​ចៀសវាង​ដាក់​គំនាប​លើ​ម៉ូ​ដែល​កំណើនសេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​និង​ពាណិជ្ជករ​និយម និង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ដែល​ខ្លួន​បាន​ជំ​រុញឱ្យ​កើតមាន​ពី​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​។​

​ទី​២ កុំ​ព្រងើយកន្តើយ​ចំពោះ​អន្តរ​កម្ម​ដ៏​គ្រោះថ្នាក់​រវាង​ការឡើង​ថ្លៃ​កប់​ពពក​នៃ​អចលនទ្រព្យ និង​កម្ចី​ទិញ​ផ្ទះសម្បែង​។ ហើយ​ទី​៣ ចៀសវាង​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ជាប់បំណុល​ធ្ងន់​ក និង​ហានិភ័យ​ដែល​ក្រុមហ៊ុន​ទាំងនោះ​បានដាក់​មកលើ​កំណើន​ផលិតភាព​។​

​ខណៈដែល​ប្រទេស​ចិន​មាន​មូលហេតុ​ត្រូវ​ព្រួយបារម្ភ​ចំពោះ​កត្តា​ទាំង​៣​នេះ ការផ្តោត​សំខាន់​របស់​ចិន​នាពេល​ថ្មីៗ​នេះ​ទៅលើ​ការកាត់បន្ថយ​កម្ចី​ទិញ​ផ្ទះសម្បែង​និង​ស្ថិរភាព​ហិរញ្ញវត្ថុ ជាពិសេស​ការបង្កើត​គ​ណៈ​ក​ម្មា​ធិ​ការត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ថ្មី គឺជា​សញ្ញា​គួរ​ជាទី​រំពឹងថា ចិន​អាច​ចៀសផុត​បញ្ហា​ដូច​នៅ​ជប៉ុន​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​យុទ្ធសាស្ដ្រ​កំណែទម្រង់​សហគ្រាស​របស់​រដ្ឋ​ឆ្ពោះទៅរក​វិធីសាស្ត្រ​ស្តារឡើងវិញ​នូវ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​រួមគ្នា​ចម្រុះរ​បស់​ក្រុមហ៊ុន China Unicom គឺ​គួរឱ្យ​ព្រួយបារម្ភ ពីព្រោះ​វា​ជំរុញ​នូវ​រចនាសម្ព័ន្ធ​នៃ​ភាគហ៊ុន​ដុល ដែល​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​ពាក្យ Keiretsu របស់​ជប៉ុន ដែលជា​ចំណុច​ស្នូល​នៃ​បញ្ហា​បំណុល​យូរ​រ៉ាំរ៉ៃ​ក្រោយ​ការឡើង​ខ្ពស់កប់ពពក​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​ជប៉ុន​។​

* ស្ថានភាព​គ្រោះថ្នាក់​កំពុង​កើតឡើង​

​ទោះបី​ប្រទេស​ចិន​កំពុងមាន​ភាពជឿនលឿន​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​ការធ្វើឱ្យមាន​តុល្យភាព​ក៏ដោយ ក៏​ចិន​នៅតែ​ប្រឈម​នឹង​កេរ្តិ៍ដំណែល​នៃ​ការដាក់​សម្ពាធ​នានា​ទៅលើ​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ពីដំបូង​របស់ខ្លួន​។​

​អព្ភូតហេតុ​កំណើន​ផ្អែកលើ​ការនាំចេញ​របស់​ចិន ដែល​ពឹង​លើ​ភាពខ្លាំង​នៃ​តម្រូវការ​សកលលោក​ដែល​គាំទ្រ​ដល់​ការ​ចែកចាយ​ទំនិញ​ទូទាំង​ពិភពលោក​ពី​ក្បាលម៉ាស៊ីន​នាំចេញ​ដ៏​ខ្លាំងក្លា​របស់​ចិន បានធ្វើឱ្យ​ប្រទេស​នេះ​ក្លាយទៅជា​ប្រទេស​នាំចេញ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​។​

​គួរឱ្យ​ស្តាយ ឥឡូវនេះ​បញ្ហា​គឺ​កំពុង​កើតមានឡើង នៅក្នុង​ពិភពលោក​ដែល​ងាយ​នឹង​កើត​វិបត្តិ​នេះ​។ គ្រឹះ​នៃ​តម្រូវការ​ពី​ខាងក្រៅ​សម្រាប់​ការនាំចេញ​របស់​ចិន​ត្រូវបាន​កសាងឡើង​នៅលើ​ដី​ភក់​ទន់ (​សំដៅលើ​ស្ថានភាព​ងាយ​ប្រែប្រួល​មិន​ទៀង​)​។​

​បន្ទាប់ពី​ការធ្លាក់ចុះ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ ២០០៩ ចំនួន ១០,៥ ភាគរយ កំណើន​ក្នុង​ពាណិជ្ជកម្ម​សកលលោក​ជា​មធ្យម​មាន​ត្រឹមតែ ៣ ភាគរយ​ប៉ុណ្ណោះ​សព្វថ្ងៃនេះ​។ ប្រទេស​ចិន​ដែលជា​អ្នក​នាំចេញ​ធំជាងគេ​នៅលើ​ពិភពលោក​ស្ទើរតែ​មិនអាច​ទប់ទល់​ជាប់​ជាមួយ​ការធ្លាក់ចុះ​នេះ​។​

​ការដំឡើង​ពន្ធគយ​ថ្មីៗ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើឱ្យ​ចិន​ឃើញ​ស្ថានភាព​គ្រោះថ្នាក់​ដែល​ខ្លួន​ត្រូវ​ប្រឈម​កាន់តែច្បាស់​។ រដ្ឋបាល​ត្រាំ​បាន​ងាក​ពី​វោហា​សាស្ត្រ​មក​ធ្វើ​សកម្មភាព​ជាក់ស្តែង​ក្នុង​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​ការពារ​កម្មករ​អាមេរិក​ពី​អ្វីដែល​ប្រធានាធិបតី​ត្រាំ​ហៅថា “​ការសម្លាប់​រង្គាល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​គួរឱ្យ​ភ័យខ្លាច​”​។ ប្រទេស​ចិន​គឺជា​គោលដៅ​នៃ​ការសម្លាប់​រង្គាល​នេះ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Channelnewsasia

លោក ស៊ី ជីន​ពីង