ខណ្ឌកំបូលជាខណ្ឌទី១៤តើមាន​ទីតាំងនៅកន្លែងណា មានប៉ុន្មាន​ភូមិ ,មានប្រជាពលរដ្ឋប៉ុន្មាននាក់ ​?

116
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ខណ្ឌកំបូលគឺជាខណ្ឌកូនពៅគេក្នុងចំណោមខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដែលខណ្ឌនេះមានទីតាំងនៅភាគខាងលិចជាយរាជធានីភ្នំពេញ ។ តើមកដល់ពេលនេះខណ្ឌកំបូលមានអ្វីខ្លះហើយ។

ដោយសារតែខណ្ឌកំបូលជាខណ្ឌដែលទើបតែបង្កើតឡើងក្នុងរយៈពេលខ្លីនេះ ខណ្ឌកំបូលមិនទាន់មានសាលាខណ្ឌ ជារបស់ខ្លួននូវឡើយទេ ដោយខណៈនេះបាននិងកំពុងជួលទីតាំងគេ នៅក្នុងបុរីសង្ឃឹមថ្មី ដែលមានទីតាំងនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល សម្រាប់មន្ត្រីបំពេញការងារដើម្បីទទួលនិងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរដូចបណ្តាខណ្ឌផ្សេងៗទៀត។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា៖ ខណ្ឌកំបូលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ 0៤ អ រ ក្រ ប កចុះថ្ងៃទី០៨ ខែមករាឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មាន៧សង្កាត់ស្មើនិង៩៣ ភូមិ ក្នុងនោះ ៦សង្កាត់ បានកាត់ចេញពីខណ្ឌពោធិ៍សែនជ័យនិងមួយសង្កាត់ទៀត កាត់ចេញពីខាងដង្កោ ។

ខណ្ឌកំបូលជាខណ្ឌមួយស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រំប្រទល់ខាងកើតទល់នឹងខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ខាងត្បូងទល់នឹងខណ្ឌដង្កោ និងព្រំប្រទល់ខាងជើងទល់នឹងខណ្ឌព្រែកព្នៅ មានផ្ទៃក្រឡាសរុបប្រមាណ៩ពាន់ហិចតាជាង មាន៧សង្កាត់ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឳឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់ប្រទះឡាង។

លោកអភិបាលខណ្ឌកំបូលបានឱ្យដឹងថា៖ខណ្ឌកំបូលមានក្រុមប្រឹក្សាខណ្ឌមានចំនួន ១៧រូប ស្រី២រូប , គណៈអភិបាលខណ្ឌចំនួន៥រូប ស្រី១រូប , គណៈនាយករដ្ឋបាលចំនួន៣រូប , ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព និងមន្ត្រីក្របខ័ណ្ឌចំនួន ១៦រូប បុគ្គលិកជាប់កិច្ចសន្យាចំនួន១៣៥ រូប , ការិយាល័យជំនាញ ជុំវិញមានចំនួន ១១ការិយាល័យ , ក្រុមប្រឹក្សាសង្កាត់៤៣រូប ស្មៀនសង្កាត់ចំនួន៧រូប , មេភូមិ អនុភូមិ សមាជិកភូមិ ២៧៩ រូប ។ក្នុងនោះខណ្ឌកំបូល មានវត្តចំនួន១៨ វត្ត , ព្រះសង្ឃសរុបចំនួន ៥៨៥ អង្គ , គណកម្មការ អាចារ្យ ៥១៨ នាក់ , សីលវ័ន្តសីលវតី ២៧៦ នាក់ , សិស្ស និស្សិត ស្នាក់តាមវត្ត ២៦៥ នាក់ មានប្រជាពលរដ្ឋសរុប ៥១.៧១០ នាក់ ស្រី២៦.៤១២នាក់ គ្រួសារសរុប ១០.៧២៩គ្រួសារ ។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានបញ្ជាក់ទៀតថា៖បើទោះជារយៈពេលនៃការបង្កើតខណ្ឌកំបូល គិតមកទល់ពេលនេះ មានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែសមិទ្ធផលកើតមានជាបណ្តើរៗ ដូចជាការរៀបចំសណ្តាប់ធ្នាប់ រៀបចំសួនច្បារមុខសាលាបឋមសិក្សាកន្ទោក និងមុខសាលាសង្កាត់កន្ទោក ស្តារប្រឡាយ រៀបចំប្រមូល សំអាតដឹកជញ្ជូន ផ្សព្វផ្សាយអប់រំទុកដាក់សំរាម និងដាំដើមឈើលំអរសោភ័ណ្ឌភាពតាមដងផ្លូវជាតិលេខ៤ ជួលជុលផ្លូវចាក់គ្រួសតាមភូមិសង្កាត់សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ដាក់ភ្លើងអំពូលសឡាតាមបង្គោលក្នុងសង្កាត់មួយចំនួន។ ពង្រឹង និងត្រួតពិនិត្យជាប្រចាំនូវគុណភាព ក្នុងការផ្តល់សេវាសាធារណៈ ទាំងសេវាសំណូមពរនិងសេវាតម្រូវការ ដើម្បីធានាបាននូវគណនេយ្យភាព ប្រសិទ្ធភាព និងធ្វើឲ្យបាន ធ្វើឲ្យលឿននិងតម្លាភាព ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌបានចាត់តាំងក្រុមការងារចុះធ្វើសៀវភៅស្នាក់នៅគ្រប់ករណី ជូនដល់ប្រជាពលរដ្ឋ៕B/