ខណ្ឌ​ច្បារអំពៅ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

1000
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ខណ្ឌ​ច្បារអំពៅ នៅថ្ងៃនេះ ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ ដើម្បី​រក​សំឡេងឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ ប្រជាពលរដ្ឋ តាម​ដងផ្លូវ ទះដៃ​អបអរសាទរ ដែល​ក្បួន​ដង្ហែ​នេះ​ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា​។

​លោក​ចេង មុនី​រ៉ា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ បាន​ជួបជុំ​សមាជិក សមាជិកា​បក្ស ដើម្បី​ដង្ហែ​ក្បួន​ឃោសនា​ធំ​ក្នុង​មូលដ្ឋាន​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ថ្ងៃត្រង់​ឈប់សម្រាក​ញាំ​បាយ និង​បន្ត​ដង្ហែ​ក្បួន​បន្ត​ចាប់ពី​ម៉ោង​២​រសៀល​ដល់​យប់​តែម្តង​ទើប​ឈប់​។​

​លោក​បន្តថា បើតាម​ចំនួន​សមាជិក​បក្ស​ដែលមាន​ក្នុង​មូលដ្ឋាន​ខណ្ឌ​គឺមាន​ច្រើន​លើសលប់​។ ប៉ុន្តែ​ទុក​មួយចំនួនធំ​សម្រាប់​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​គូស​សន្លឹកឆ្នោត​នៅតាម​ខ្នង​ផ្ទះ​។ ក្នុង​ក្បួន​ឃោសនា​គឺ​មិន​អនុញ្ញាត​ឱ្យមាន​យានយន្ត​របស់​ស្ថាប័នរដ្ឋ ឬ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រដាប់អាវុធ​ចូលរួម​ឡើយ​ព្រោះ​ខុ​ច​ទៅនឹង​ច្បាប់​ដែល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បាន​ហាមឃាត់​។​

​លោក​ចេង មុនី​រ៉ា បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​សមាជិក​ស​មា​ជិ​កា​បក្ស​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ដង្ហែ និង​អបអរសាទរ​ក្នុងការ​ដង្ហែ​ក្បួន​ឃោសនា​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នឹកស្មាន​មិន​ដល់​ដែល​ការអបអរ​នេះ​សបញ្ជាក់​ឱ្យឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​នា​អាណត្តិ​ទី​៦​នេះ​៕ ល​

#