ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ចុះបង្ក្រាប​ទ​ល្មើស​នេសាទ​បាន​៦​ករណី​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៩

407
ចែករម្លែក
  • 7
    Shares

ដោយ:​គ្រញូង/​បាត់ដំបង ៖ ​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ចុះបង្ក្រាបបទ​ល្មើស​នេសាទ​បាន​ចំនួន​៦ករណី​ក្នុងភូមិ​សាស្ត្រ​ ស្រុក​មោង​ឫ​ស្សី ស្រុក​សង្កែ ស្រុក​ថ្មគោល​ និង​ស្រុក​ឯក​ភ្នំ​ ដោយ​ប្រើ​ប្រាស់​កម្លាំងចម្រុះ​ បានរឹបអូស​បាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយចំនួន​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​។​

លោក ​ជួង សុភា ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​បា​ដំបង​បានឲ្យដឹងថា ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី នគរបាល កម្លាំងកងរាជអាវុធហត្ថសឹក​រង​ស្រុក​ទាំង​បួន​ ដឹកនាំ​ដោយ​លោក​ព្រះ​
​រាជអាជ្ញា​រង​ម្នាក់​ និង​មន្ត្រីជលផល​ខណ្ឌ​សង្កាត់​​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៦ករណី​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​បទល្មើស​មួយចំនួន​រួមមាន​សាច់​មង​ចំនួន​៤.១៥​ម៉ែត្រ បង្គោល​ចំនួន​១.៣៦០​ដើម ឡុ​ក​ចំនួន២៤​គ្រឿង​និង​លែង​ត្រី​ចម្រុះ​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៣០០​គីឡូក្រាម​និង​ពិន័យ​ជា​ប្រា​ក់បាន​ចំនួន​៥​លាន​រៀល​បង់​ចូល​ថវិកា​ជាតិ​។​

លោកនាយ​ខណ្ឌ​បាន​បញ្ជាក់ថា ​ចំពោះ​ឧ​ប​ករ​ណ៍​ល្មើសច្បាប់​ដែល​រឹបអូស​បាន​សមត្ថកិច្ច​ចម្រុះ​បានធ្វើ​ការកាប់​កម្ទេច​ និង​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​ ដើម្បី​ជាការ​ព្រមាន​ចំពោះ​ជនខិលខូច​ ដែល​នៅតែ​ប្រើ​ឧបករណ៍​ដែល​ច្បាប់​ហាមឃាត់​។​

លោក ​ជួង សុភា​ បាន​បន្តថា ​ក្នុងចំណោម​បទល្មើស​ទាំង​៦​ករណី​ក្នុងនោះ​មាន​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសពី​ការកំណត់​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ទាំង​៦​ករណី​។​

ក្រៅពី​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​ នៅបាន​ចុះ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​នេសាទ​ឲ្យបាន​យល់ដឹង​ពី​ការ​ប្រើប្រាស់​ឧបករណ៍​ ដែល​ច្បាប់​ហាមឃាត់​ និង​ជួយ​ណែនាំ​និង​បង្ហាត់បង្រៀន​ពី​របៀប​ចិញ្ចឹម​សត្វ​បង្កង អន្ទង់ ត្រី​ក្នុង​អាង​ប្លា​ស្ទីក​ងាយ​ស្រួល​ជាង​ជិ​ក​ស្រះ ​ចំពោះ​អ្នក​ដែល​គ្មាន​ដី​សម្រាប់​ចិញ្ចឹមសត្វ​ទាំងនោះ​ ដើម្បី​រក​ថវិកា​បន្ថែម​ពី​ការងារ​កសិកម្ម​ក្រោយពេល​ប្រមូល​​ផល​កសិកម្ម​រួចរាល់​៕B/