ខណ្ឌ ០៦ នៅ​ភ្នំពេញ បទល្មើស កើនឡើង​!

1145
ចែករម្លែក

ភ្នំពេញ​៖ ខណ្ឌ​ទាំង ០៦ នៅ​ភ្នំពេញ ដែលមាន​បទល្មើស​កើនឡើង រួមមាន​៖ ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​៧​មករា​។ រីឯ​ខណ្ឌ ដែលមាន​បទល្មើស​ថយ​ចុះ មាន​ចំនួន ០៥ ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។ ដោយឡែក ខណ្ឌឫស្សីកែវ មាន​បទល្មើស​ថេរ នៅ​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​របាយការណ៍ ដែល​បានបង្ហាញ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ជារួម កើតឡើង​ចំនួន ៩៦០ លើក ប្រៀបធៀប​ឆ្នាំ​២០១៦ កើនឡើង ២៧ លើក ស្មើនឹង ២,៨៩% ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៤៣ នាក់ របួស ១៨៣​នាក់ សម្ភារៈ​បាត់បង់​រួមមាន​៖ រថយន្ត ០៤​គ្រឿង ម៉ូតូ ៣៤ គ្រឿង ទូរស័ព្ទដៃ ៣១២ គ្រឿង និង​សម្ភារៈ​មាសប្រាក់​លុយកាក់​មួយចំនួន​។​

​ក្នុងចំណោម​បទល្មើស​ព្រហ្មទណ្ឌ នៅ​ឆ្នាំ​២០១៧ ដែល​បាន​កើតឡើង​ចំនួន ៩៦០ លើក រួមមាន​៖ បទល្មើស​ឧក្រិដ្ឋ ចំនួន ១២៩ លើក និង​បទល្មើស​មជ្ឈិម ចំនួន ៨៣១ លើក​។ រីឯ​មូលដ្ឋាន​កើត​បទល្មើស រួមមាន​៖ ខណ្ឌ​ពោធិ៍​សែន​ជ័យ ១៤៧ លើក ខណ្ឌចំការមន ១៣៣ លើក ខណ្ឌដូនពេញ ១១៩ លើក ខណ្ឌ​សែន​សុខ ១០៣ លើក ខណ្ឌទួលគោក ៩៧ លើក ខណ្ឌ​ច្បារអំពៅ ៤៦ លើក ខណ្ឌ ៧​មករា ៤៦​លើក ខណ្ឌ​ជ្រោយចង្វារ ១៩​លើក និង​ខណ្ឌ​ព្រែក​ព្នៅ ១៨​លើក​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​កត់សម្គាល់ថា នៅ​ឆ្នាំ​២០១៧ ប៉ូលិស​នៅ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ចំនួន ៨៨១ លើក ឃាត់ខ្លួន​ជនល្មើស​ចំនួន ១២៧៦ នាក់ ក្នុងនោះ មាន​បទឧក្រិដ្ឋ ៩៩ ករណី ឃាត់ខ្លួន ១៩៨ នាក់ បទល្មើស​មជ្ឈិម ៧៨២ ករណី ឃាត់ខ្លួន ១០៧៨ នាក់​៕ ដោយ​៖ ម៉េង​ឆៃ​