ខាង​ជំនាញ​ណែនាំ​ឱ្យ​កសិករ​ដាំ​ដំណាំ​ស្វាយចន្ទី​ត្រូវ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ

207
ចែករម្លែក

ដោយ:​សុខុម/ស្ទឹងត្រែង ៖ ​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​និង​អ្នកមាន​បទពិសោធ​ន៍ប​ង្ហា​ញ​ថា​ កសិករ​ដែល​និយម​ដាំ​ស្វាយចន្ទី​ត្រូវតែ​ជ្រើសរើស​ពូជ​ឱ្យបាន​ត្រឹមត្រូវ​ មុននឹង​ដាំ​ទើប​ទទួលបាន​ទិន្នផល​ខ្ពស់​។

លោក លៀង សេង ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​និយាយថា ​ខេត្ត​មួយ​នេះ​មាន​ផ្ទៃដី​ដាំ​ដំណាំ​ស្វាយចន្ទី​ប្រមាណ​ជិត​ព​២​ម៉ឺន​ហិកតា​។ ​មន្ទីរ​បាន​បង្កើត​ក្រុមការងារ ចុះ​ណែនាំ​និង​បង្ហាត់បង្រៀន​ដល់​កសិករ នៅតាម​ភូមិ​ឃុំ​គោលដៅ​ក្រុង​ស្រុក​ទាំង​ប្រាំមួយ​ទូទាំង​ខេត្ត​រួចហើយ​។​កសិករ​បាន​យល់​ពី​សារៈប្រយោជន៍​ នៃ​ការដាំ​កូន​ចន្ទី​ពូជ​ដែល​បំបៅ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ ​តែ​ពលរដ្ឋ​ខ្លះ​នៅតែ​យក​គ្រាប់​ទៅ​ដាំ​តាម​ទម្លាប់​ដដែល​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ​បាន​ណែ​នាំឱ្យ​ប្រជាកសិករ​ត្រូវ​ប្រើប្រាស់​ពូជ​ណាមួយ​ដែល​មានការ​ផ្សាំ​ត្រឹមត្រូវ​​ ដូចជា​ពូជ​M២៣​ឬ​កូន​ពូជ​០៩ ជាដើម​ពីព្រោះថា ពូជ​ប្រភេទ​នេះ ​វា​ងាយស្រួល​ថែទាំ​និង​ពុំ​សូវ​មាន​ជំងឺ​។ ​កសិករ​មិនគួរ​យក​គ្រាប់​ទៅ​ដាំ​ដែល​បណ្តាលឱ្យ​ទិន្នផល​ផ្លែផ្កា​យឺត ទទួលបាន​ផល​តិច និង​មាន​ជំងឺ​ច្រើន​នាំឱ្យមាន​ការខាតបង់​ប្រាក់​នោះឡើយ​។

អ្នកស្រី​សៃ​ច​ន្នី​កសិករ​ភូមិ​រា​ជានុ​កូ​ល​បាន​និយាយថា ​ឆ្នាំនេះ​គាត់​បណ្តុះ​កូន​ស្វាយចន្ទី​បាន​ប្រមាណ​៦​ម៉ឺន​កូន ​ច្រើនជាង​ឆ្នាំមុន​មាន​ត្រឹម​២​ម៉ឺន​កូន​ប៉ុណ្ណោះ​។​ អ្នកស្រី​ថា​ឆ្នាំនេះ​មាន​គេ​បញ្ជា​ទិញ​ច្រើន ​ហើយ​និយម​ទិញ​កូន​យកទៅ​ដាំ​មាន​ពីរ​ប្រភេទ​គឺ​ពូជ​M២៣​ និង​ពូជ​០៩​។​ ពូជ​ទាំងពីរ​ប្រភេទ​នេះ​មានតម្លៃ​ប្រហាក់ប្រហែលគ្នា ​គឺ​ចន្លោះ​២២០០​រៀល​ទៅ​២៣០០​រៀល​តាម​ដើម​តូចធំ​ក្នុង​មួយ​កូន​។

អ្នកស្រី​ច​ន្នី​រៀបរាប់​ថា បើ​កសិករ​ចង់​ជោគជ័យ​ត្រូវ​ជ្រើសរើស​ពូជ​ឱ្យបាន​ត្រឹមត្រូវ​ ពុំ​នោះទេ​នឹងត្រូវ​ខាតបង់​ប្រាក់​ទុន​ជាមិនខាន​។​ អ្នកស្រី​ដែលមាន​ដីចម្ការ​ស្វាយចន្ទីរ​ច្រើន​គួរសម​បាន​បង្ហាញថា​ ពូជ​ទាំងពីរ​ប្រភេទ​ខាងលើនេះ​កសិករ​យកទៅ​ដាំ​ពិតជា​មិន​ខកបំណង​ឡើយ​៕​B/