ខាធឺនិយាយថាផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ត្រាំរំលោភច្បាប់អន្តរជាតិ

239
ចែករម្លែក

លោកជីមមី ខាធឺបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០មករាថាផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ប្រធានាធិបតីដូណាល់ ត្រាំគឺរំលោភច្បាប់អន្តរជាតិនិងជំរុញឱ្យអង្គការសហប្រជាជាតិបញ្ឈប់អ៊ីស្រាអែលពីការកាត់យកទឹកដីប៉ាឡេស្ទីន។

អតីតប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផែនការថ្មីរបស់សហរដ្ឋអាម៉េរិកគឺផ្តោតលើទស្សនវិស័យសម្រាប់សន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន”។

លោកខាធឺ ដែលជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខេមដេវីតឆ្នាំ ១៩៧៨ ដែលបាននាំមកនូវសន្តិភាពរវាងអ៊ីស្រាអែលនិងអេហ្ស៊ីប បាននិយាយថា “ប្រសិនបើត្រូវបានអនុវត្ត ផែនការនេះនឹងធ្វើឱ្យវិនាសដំណោះស្រាយយូរអង្វែងតែមួយគត់មួយនេះ គឺដំណោះស្រាយរដ្ឋពីរ”។

លោកបានជំរុញឱ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ “ប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងបដិសេធរាល់ការអនុវត្តជាឯកតោភាគីរបស់អ៊ីស្រាអែលតាមរយៈការដណ្តើមយកទឹកដីប៉ាឡេស្ទីនបន្ថែមទៀត”។

ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការរបស់លោកត្រាំ ដែលបង្ហាញកាលពីថ្ងៃអង្គារ “រំលោភលើច្បាប់អន្តរជាតិទាក់ទងនឹងការប្តេជ្ញាចិត្តដោយខ្លួនឯង ការទិញយកដីដោយប្រើកម្លាំង និង ការកាត់យកទឹកដីដែលបានកាន់កាប់”។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ដោយហៅអ៊ីស្រាអែលថាជារដ្ឋប្រជាជាតិរបស់ប្រជាជនជ្វីហ្វ” ផែនការនេះក៏លើកទឹកចិត្តដល់ការបដិសេធនូវសិទ្ធិស្មើគ្នាចំពោះពលរដ្ឋប៉ាឡេស្ទីននៅអ៊ីស្រាអែលផងដែរ។

លោកត្រាំបានបង្ហាញផែនការដែលរង់ចាំជាយូររបស់គាត់កាលពីថ្ងៃអង្គាររួមជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់ ដែលភ្លាមៗនោះបានបង្ហាញសញ្ញាថា លោកនឹងស្វះស្វែងកាត់យកផ្នែកដ៏ធំនៃតំបន់វេសប៊ែង។

ផែនការរបស់ត្រាំគឺទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែងនិងជ្រលងភ្នំហ្ស៊កដានីក៏ដូចជាទីក្រុងហ្ស៊េរុយសាឡិម ដែលមិនអាចបំបែកបាន។

ផែនការនេះក៏គាំទ្ររដ្ឋប៉ាឡេស្ទីន ដែលមានរដ្ឋធានីស្ថិតនៅជាយក្រុងហ្ស៊េរុយសាឡិមផងដែរប៉ុន្តែនិយាយថាថ្នាក់ដឹកនាំប៉ាឡេស្ទីនត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាស្រុកកំណើតរបស់ជនជាតិជ្វីហ្វ និង យល់ព្រមក្លាយរដ្ឋគ្មានយោធា។

លោកខាធឺអាយុ ៩៥ ឆ្នាំ ដែលជាប្រធានាធិបតីអាយុវែងជាងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិក បានចេញនិយាយរឿងរ៉ាវផ្សេងៗជាញឹកញាប់ចាប់តាំងពីចាញ់ការបោះឆ្នោតឡើងវិញនៅឆ្នាំ ១៩៨០ និង បានឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ការងារមនុស្សធម៌របស់គាត់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគាត់បានទទួលរងការរិះគន់ជាញឹកញាប់ពីអ្នកគាំទ្រអ៊ីស្រាអែលចំពោះទស្សនៈរបស់គាត់លើជម្លោះនេះ ជាពិសេសការប្រើប្រាស់ពាក្យ “អាផាថេត” ដើម្បីពណ៌នាអំពីអនាគតរបស់រដ្ឋជ្វីហ្វដែលគ្មានកិច្ចព្រមព្រៀងសន្តិភាព៕ ដោយ៖ កញ្ញាដាលីស

លោកខាធឺរិះគន់ខ្លាំងៗចំពោះផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ត្រាំ