ខាយ​លី មី​ណូ​ក ឈានដល់​អាយុ ៥០ ឆ្នាំ នៅតែ​ស្អាត

871
ចែករម្លែក

​ខាយ​លី មី​ណូ​ក (Kylie Minogue) បាន​ជាប់​លេខ​១​លើ​កំពូល​តារាង​បទ​ចម្រៀង​ល្បី​ក្នុង​ឆ្នាំ ១៩៨៧ ជាមួយ​បទ The Locomotion ហើយ​អាជីព​របស់​នាង​មិនបាន​ឈប់​ត្រឹមហ្នឹង​នោះឡើយ​។ តារាចម្រៀង​កើត​នៅ​អូស្ត្រាលី​រូបនេះ​បាន​ប្រារព្ធ​ខួបកំណើត​គម្រប់ ៥០ ឆ្នាំ កាលពី​ថ្ងៃទី ២៨ ឧសភា ដោយ​អ្នកគាំទ្រ​ពិតណាស់​នឹងមិន​អាច​បំភ្លេចបាន​នូវ​បទ Can’t Get You Out Of My Head​។​

​ប៉ុន្តែ​នាង​បាន​និយាយ​អំពី​ការ​ប្រារព្ធ​ខួបកំណើត​របស់​នាង​ថា “​ខ្ញុំ​មិន​ធ្វើតាម​លោក​អែល​តុ​ន ច​ន ទេ នៅពេល​គាត់​មកដល់​ក្នុងនាម​ជា​ស្តេច​បារាំង ល្វី​ស ទី​១៦ (​នៅពេល​គាត់​មាន​អាយុ ៥០ ឆ្នាំ​ក្នុង​ឆ្នាំ ១៩៩៧)” ដោយ​នាង​នឹង​ឡើង​ឆាក​ក្នុងនាម​ជាតា​រា​ម៉ូ​ដែល​សិច​ស៊ី​ម្នា​ក់នៅ​ថ្ងៃកំណើត​របស់​នាង​។ នេះ​បើ​យោងតាម​សារព័ត៌មាន Sun-Herald​។​

​នាង​មី​ណូ​ក ដែល​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ឡុង​ដ៍ បាន​ជម្នះ​រាល់​ការរិះគន់​ដើម្បី​ក្លាយខ្លួនជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​អូស្ត្រាលី ដោយ​លក់​ថាស​ចម្រៀង​បាន ៨០ លាន​បន្ទះ​។​

​នាង​កាលណោះ​មាន​អាយុ​ទើបតែ ១១ ឆ្នាំ​ប៉ុណ្ណោះ នៅពេល​នាង​បាន​បង្ហាញខ្លួន​លើកដំបូង​ក្នុង​រឿង​ភាគ Skyways (១៩៧៩ ដល់ ១៩៨១) ប៉ុន្តែ​ល្បីល្បាញ​ពេល​ដើរតួ​ជា​នាង​ឆា​លីន ក្នុង​រឿង​ភាគ Neighbours ពី​ឆ្នាំ ១៩៨៦ មកដល់​ឆ្នាំ ១៩៨៨​។​

​នៅ​ឆ្នាំ ២០០៥ ជំងឺមហារីក​សុដន់​បាន​គំរាម​បញ្ចប់​អាជីព​របស់​នាង ប៉ុន្តែ​នៅ​មួយឆ្នាំ​ក្រោយមក នាង​ពុំ​ត្រូវបាន​រកឃើញ​ជំងឺមហារីក​ទេ​។ តាំងពី​ពេលនោះ​មក នាង​ចាប់ផ្តើម​ជួយ​លើកកម្ពស់​ការយល់ដឹង​អំពី​តម្រូវការ​សម្រាប់​ស្ត្រី​ដើម្បី​ទទួល​ការពិនិត្យ​រកមើល​ជំងឺ​មហារីក​សុដន់​៕ ដោយ៖ កញ្ញាដាលីស

ខាយ​លី មី​ណូ​ក អបអរ​ខួបកំណើត​គម្រប់ ៥០ ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ