ខាំ ខ្លា​នាង និង ឯម ឡេង​លី ចេញ​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ ជាថ្មី​

694
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Champion របស់​អាស៊ីអាគ្នេយ៍ នា​ព្រលប់ ថ្ងៃទី​១៦ មិថុនា នេះ អ្នក​ប្រដាល់​កម្ពុជា ខាំ ខ្លា​នាង ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ គៀវ បា (Kiev Ba) ។​

​គៀវ បា ខានមក​ប្រកួត​នៅ​ស្រុក​ខ្មែរ មួយរយៈ ហើយ​គេ​ធ្លាប់​ឈ្នះ ខាំ ខ្លា​នាង ដោយ​វាយ​ឲ្យ​សន្លប់ តែ​ជំនួប​លើក​នេះ មិនទាន់​ដឹងថា នរណា ជា​អ្នកឈ្នះ​នោះទេ ព្រោះ​ខ្លា​នាង មួយរយៈ​នេះ គេ​មានការ​ប្រកួត​ច្រើន ហេតុនេះ គេ​ក៏មាន​ការរីកចម្រើន មិនតិច​ដែរ ។​

ខាំ ខ្លា​នាង និង គៀវ បា​

​ចំពោះ​អ្នក​ប្រដាល់​ថៃ គៀវ បា វិញ គេ​ក៏​ឧស្សាហ៍​ឡើងមក​ប្រកួត នៅ​ស្រុក​ខ្មែរ​ដែរ ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​របៀប​វ៉ៃ​ល្អ រហ័ស និង​ការពារ បាន​មាំ​ល្អ​ណាស់ ។ ជំនួប​លើក​នេះ បើ​ខ្លា​នាង មិន​ប្រយ័ត្ន​ទេនោះ គេ​ក៏​អាច​នឹងត្រូវ​អ្នក​ប្រដាល់​ថៃ រូបនេះ វ៉ៃ​ឲ្យ​សន្លប់​ម្ដងទៀត ក៏​ថា​បានដែរ ។​

​ខ្លា​នាង មាន​ប្រវត្តិ​ប្រកួត ចំនួន​៩០​ដង ឈ្នះ​៧០​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ គៀវ បា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​២ ដង ។ ខាំ ខ្លា​នាង សងសឹក​ជាមួយ គៀវ បា បានសម្រេច​ឬទេ ?​។​

​ឯម ឡេង​លី ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កង ថៃ​ឡេ​ន (Kong Thailand) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ ឡេង​លី មួយរយៈ​នេះ ការប្រកួត​របស់គេ តែងតែ​បានទទួល​ជ័យជំនះ គ្រប់ការ​ប្រកួត មិនតែប៉ុណ្ណោះ ការប្រកួត ភាគច្រើន គេ​យកឈ្នះ​គូប្រកួត បាន​មុន​ទឹក​ទី​៥ ទៀតផង ។ ចំពោះ កង ថៃ​ឡេ​ន គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ មួយដង​ដែរ គេ​មិនមែនជា​ដុំ​សាច់ ដែល​ស្រួល​ទំពារ​នោះទេ ។​

ឯម ឡេង​លី និង កង ថៃ​ឡេ​ន​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១២០​ដង ឈ្នះ​១០៧​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ ឯម ឡេង​លី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៨​ដង ឈ្នះ​៣៩​ដង ចាញ់​៦​ដង ស្មើ​ពិន្ទុ​៣​ដង និង​វាយ​គូប្រកួត ឲ្យ​សន្លប់​បាន ២២​ដង ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ​?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ថៃ រ៉េត ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ សារឿន ទិ​ត្យ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា ស សែន​សុខ ប្រកួត​ជាមួយ ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ប្រកួត​ជាមួយ សុខ វីន ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា