ខាំ សាបាន និង អៀ​ប លី​ឆា កក់​កៅអី ជុំ​ទី​២ មុនគេ សម្រាប់​រដូវ​កាល​ថ្មី​

171
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement រដូវ​កាល​ថ្មី បានចាប់ផ្ដើម​ហើយ នៅ​យប់​ថ្ងៃទី​១៤ ធ្នូ ដោយមាន​អ្នក​ប្រដាល់ ចំនួន ៣២ រូប មកពី​សមាគម ក្លិប​ចូលរួម ។​

​ទាំង​លោក​ឩ​ត្ត​ម​សេនីយ៍ ស៊ិន សុផាត តំណាង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន អនុប្រធាន​សហព័ន្ធ ប្រដាល់​គុន​ខ្មែរ បាន​ថ្លែង​ក្នុង​ពិធី​បើក ការប្រកួត​រដូវ​កាល​ថ្មី ស្រដៀង​គ្នា​ថា សូម​ចៅក្រម អាជ្ញាកណ្ដាល ត្រូវបំពេញ​ការងារ ដោយ​យុត្តិធម៌ ចំពោះ​កីឡាករ ត្រូវ​ប្រកួត​ឲ្យ​អស់ ពី​សមត្ថភាព ។​

ទិដ្ឋភាព​ប្រកួត​

​នៅ​ថ្ងៃ​បើកឆាក​ដំបូង ដែលមាន ២ ប្រកួត​នោះ អ្នក​ប្រដាល់ ចិត្រ សុ​ភី ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ប្រកួត​ចាញ់​អ្នក​ប្រដាល់ អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្តព្រៃវែង ដោយ​ពិន្ទុ ។ ការប្រកួត​ដែលមាន​តែ ៣ ទឹក​នោះ ភាគច្រើន នៃ​ការប្រកួត អៀ​ប លី​ឆា ជា​អ្នក​មានប្រៀប​។​

​បន្ទាប់ពី​ប្រកួត​គ្នា ៣ ទឹក​ពេញ​នោះ អៀ​ប លី​ឆា បានទទួល​ជ័យជំនះ លើ ចិត្រ សុ​ភី ដោយ​ពិន្ទុ ។ លី​ឆា ត្រឿ​ម​ខ្លួន​ឡើង​ប្រកួត វគ្គ​ជម្រុះ​ជុំ​ទី​២ ក្នុងខណៈដែល ចិត្រ សុ​ភី ហាលអាវ​ទាំង​ព្រលឹម​អុរ​នោះ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ខាំ សាបាន របស់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​យកឈ្នះ​អ្នក​ប្រដាល់ ពុទ្ធ អ៊ុំ​អ៊័​ន ក្លិប​ពុទ្ធ​សេរី​វង្ស បាន​ដោយ​ពិន្ទុ​។ ស្ថានភាព នៃ​ការប្រកួត រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ មាន​លក្ខណៈ​តឹងតែង គ្រាន់បើ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនសូវមាន​នរណា​ស្គាល់ នោះឡើយ ព្រោះ​ពួកគេ ជា​អ្នក​ប្រដាល់​ថ្មី ទោះជា​យ៉ាងណា ក៏​ពួកគេ​ប្រកួត​គ្នា​ពេញ​ទាំង ៣ ទឹក ដោយ​លទ្ធផល​ចុងក្រោយ ខាំ សាបាន ជា​អ្នកឈ្នះ ដោយ​ពិន្ទុ ។

ទិដ្ឋភាព​ប្រកួត​

​ខាំ សាបាន ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ដែល​គូប្រកួត​របស់គេ នៅ​ជុំ​ទី​២ គឺ អៀ​ប លី​ឆា ។ ចំពោះ ពុទ្ធ អ៊ុំ​អ៊័​ន ខ្ទាត​ចេញពី ការប្រកួត​ត្រឹមនេះ ទាំង​ព្រលឹម​ដែរ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​ថៃ​វិញ​នោះ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់​ថៃ មឿង ភេ​ច (Moeung Phich) មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។ នៅ​ទឹក​ទី​២ កែង​របស់​យក្ស​ផ្លែ បានធ្វើ​ឲ្យ មឿង ភេ​ច ដួល ហើយ​ត្រួវ​អាជ្ញាកណ្ដាល រាប់ ៨ ម្ដង​ហើយ តែ​គេ​នៅ​បន្ត​ការ​
​ប្រកួត បាន​ទៀត តែ​យក្ស​ផ្លែ បានបញ្ចប់​សកម្មភាព មឿង ភេ​ច បាន​នៅត្រឹម​ទឹក​ទី​២ ដោយសារ​កណ្ដាប់ដៃ របស់ខ្លួន ។ សូមបញ្ជាក់ថា ៤ ប្រកួត​ចុងក្រោយ ជាប់ៗ​គ្នា​នេះ យក្ស​ផ្លែ ឈ្នះ​អ្នក​ប្រដាល់​ថៃ ជាប់​គ្នា​តែម្ដង ។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ឡុង រ៉ា​មី ក្លិប​ខ្លារខិន​កីឡា ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស បាន​ដោយ​ពិន្ទុ ៕v