ខឹង​ខុស​ខឹង​ខាត​! កូនស្រី​ក៏​ស្លាប់ ខ្លួន​ក៏ត្រូវ​មានទោស​ស្លាប់

489
ចែករម្លែក

បុរស​ជនជាតិ​ចិន ម្នាក់​ត្រូវបាន​តុលាការ​កំពូល​ផ្តន្ទាទោស​ប្រហារជីវិត​កាលពី​ថ្ងៃទី​៣ ខែកក្កដា ពីបទ​សម្លាប់​វេជ្ជបណ្ឌិត​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​សងសឹក​បន្ទាប់ពី​កូន ស្រី​របស់ខ្លួន​ដែល​កើត​បានតែ ៣ ថ្ងៃ​ស្លាប់​ដោយសារ​ជំងឺ​។
​ ​
តុលាការ​កំពូល​និយាយថា ជនល្មើស ឈិន ជាន​លី (Chen Jianli) វ័យ ៣៦ ឆ្នាំ​ដែលជា កសិករ​មកពី​ខេត្ត​សាន​តុង ប្រទេស​ចិន បាន​កាន់​កាំបិតផ្គាក់​ស្ទុះ​ចូល ទៅ​កាប់ វេជ្ជបណ្ឌិត​ឈ្មោះ លី ប៉ាវ​ហ័​រ (Li Baohua) ចំក្បាល​ចំនួន ១៣ កាំបិតផ្គាក់​នៅ​ខែតុលា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​តក់ស្លុត​។​

​តុលាការ​បាន​រំឭកថា កូនស្រី​របស់​ជនល្មើស​បានកើត​នៅ​មន្ទីរពេទ្យ Hospital Affiliated to Laiwu Steel Corporation កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។ ទារិកា​នោះបាន ចាប់ផ្តើម​មាន​ជំងឺ​គ្រុនក្ដៅ​នៅ​ថ្ងៃ​បន្ទាប់​ហើយ​ត្រូវបាន​បញ្ជូនទៅ​ផ្នែក​កុមារ​នៃ​មន្ទីរពេទ្យ ខាងលើនេះ​មួយថ្ងៃ​ក្រោយមក​។ ជា​អកុសល​ទារិកា​នោះ​បាត់បង់​ជីវិត​គួរ​ឲ្យ​សោក ស្ដាយ ក្រោយ​ការព្យាបាល​បរាជ័យ​។​
​ ​
ជនល្មើស ឈិន ជាន​លី ជឿថា មន្ទីរពេទ្យ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់ កូនស្រី​ខ្លួន ហើយ​បានទាមទារ​សំណង​ជា​លុយកាក់ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​ច្រានចោល​។ ពេលនោះ​ជនល្មើស​ថែមទាំង​បាន​រារាំង​មន្ទីរពេទ្យ​មិន​ឲ្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​កូនស្រី​ខ្លួន​ទៀតផង ព្រោះ​ចង់​រក្សា​សាកសព​កូនស្រី​ឲ្យ​នៅ​ទាំងមូល​។

​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ ជនល្មើស ឈិន ជាន​លី បាន​កាន់ កាំបិតផ្គាក់​សម្រុកចូល​មន្ទីរពេទ្យ ឡើងទៅ​កាប់​ជនរងគ្រោះ​ដល់​ជាន់ ទី​៤ ខណៈ​ជន រងគ្រោះ​កំពុងនិយាយ​ទូរស័ព្ទ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​៕ ប្រែ​សម្រួលៈ ខុម​