ខឹង​ខុស ខឹង​ខាត ឬ​ស្រវឹង កើត​ជម្លោះ​!

1416
ចែករម្លែក

មាន​ហេតុការណ៍​ជិះឡានតាម​បាញ់​ភាគី​ជម្លោះបានកើត​ឡើង កាលពី​វេលា​ម៉ោង មួយ​យប់​រំលងអធ្រាត្រ ថ្ងៃទី​១ ឈានចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្ដោយផ្លូវ​៣៦៣ ស្ថិតនៅ​ចំណុច​មុខ​អធិការនគរបាល​ដ្ឋា​ន​ខណ្ឌ​ច្បារអំពៅ​ក្នុង​សង្កាត់ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ឡាន​ដែល​ត្រូវគេ​បាញ់ ឈ្មោះ ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទី លំនៅ​ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជនបង្ក ឈ្មោះ ឌួង ណាគ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ប៉ូលិស​ថ្នាក់​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៩៤៣ ផ្លូវ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកងទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ដំណើររឿង​ ជនបង្ក​ជា​ប៉ូលិស និង​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នាតាំងនៅ​ពីមុខ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក នៅ​មហាវិថី​ព្រះមុនីវង្ស នៅ​បឹងត្របែក រហូតដល់​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ជនបង្ក​ជា​ប៉ូលិស បាន​ចុះ​ពីលើរថយន្ត បាញ់​ទៅលើ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ​ចំនួន ៥​គ្រាប់​។ ក្រោយ​បាញ់​ហើយ ជនបង្ក​រូបនេះបាន​បើករថយន្ត​គេចខ្លួនបាត់ តែមួយ​សន្ទុះ​ក្រោយមក បាន​បើករថយន្តមក​កន្លែងកើតហេតុ​វិញ ក៏ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយ​ការឃាត់ខ្លួន មាន​ដំណឹង​ពី​ការសម្របសម្រួល ចរចា​បញ្ចប់រឿង ហើយ​ខាងក្រសួងមហាផ្ទៃ ក៏បាន​ដាក់ចេញ​នូវ​វិធានការ​វិន័យ​ចំពោះ​ប៉ូលិស ដែល​បាន​ដក​កាំភ្លើងបាញ់ និង​សង​សំណង​ដល់​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​។​ក៏ប៉ុន្តែ​ករណីនេះ​មានប្រតិកម្ម​ពី​មហាជន​យ៉ាងច្រើន​។

​ទីបំផុត​ទៅ អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​បទបញ្ជា​ឲ្យ​នាំខ្លួន​ប៉ូលិស ឌួង ណាគ្រី ទៅកាន់​តុលាការ កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។ ​

​មហាជន​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​ប៉ូលិស ដែល​មិន​កាន់ជើង​ប៉ូលិសគ្នាឯង ជា​មនុស្ស​ខូច​និង​ជា​ជនល្មើសបាញ់​គេ ក្នុង​បំណង​សម្លាប់​ជនរងគ្រោះ​ដោយសារ​តែ​ជម្លោះ​បើកឡាន​តាមផ្លូវ​ពេលយប់​ស្ងាត់​។​

​សាក្សី​បញ្ជាក់ថា លោក ឌួង ណាគ្រី នៅពេល​កើតឡើង​នោះ​ស្ថិតក្នុង​សភាព​ស្រវឹងស្រា​។ ដូច្នេះ​សរុបទៅ ជម្លោះ​នោះ គឺ​ដោយសារតែ​ស្រវឹង និង​ដោយសារតែ​រឿងខឹង​ខុស ខឹង​ខាត ឬក៏​ថា​ម្យ៉ាងទៀត បើ​ខឹង រឿង​តូចនឹង​ក្លាយជា​រឿង​ធំ​។​

​ក្នុង​ព្រះពុទ្ធសាសនា បាន​ព្រានប្រដៅ​ថា អ្នក​សេព​គ្រឿង​ស្រវឹង ឬ​ផឹកទឹក​ស្រវឹង ឬ​ផឹកស្រា នាំមក​នូវ​វិនាស ៦ ប្រការ ១-​វិនាស​ទ្រព្យ​ក្នុង​គ្រួសារ​, ២-​បង្កជម្លោះ​, ៣-​កើត​រោគា​ក្នុង​ខ្លួន​, ៤-​ខូច​ឈ្មោះ ៥-​បង្ហាញ​កេរខ្មាស​ទាំង​រស់ និង​៦-​បាត់បង់​បញ្ញា​។ ដូច្នេះ​ករណី​លោក​ប៉ូលិស​មួយ​នេះគឺ​ចូលក្នុង​វិនាស​បង្កជម្លោះ​។​

​រីឯ​ខឹង​ខូច ខឹង​ខាត ឬក៏​បើ​ខឹង រឿង​តូចនឹង​ក្លាយជា​រឿង​ធំ គឺ​ច្បាស់​ណាស់ ករណីនេះ បើសិនជា​គ្រាន់​តែមាន​បញ្ហា​បើកបរ​ឡាន ហើយ​សម្រួល​គ្នាបញ្ចប់រឿង ព្រោះថា ករណី​នោះ​មិនមាន​ការខូចខាត​ឡាន​អ្វី​ផង​នោះ​។ តែ​បែរជា​លោក​ប៉ូលិស​ចិត្តខ្លាំង បន្ត​បើកឡានដេញ​រករឿងជនរងគ្រោះ​ពីរ​ប្តី​ប្រពន្ធ ហើយ​ថែមទាំង​ដក​កាំភ្លើង​បាញ់ឡាន​របស់​ជនរងគ្រោះ បណ្តាល​ឲ្យ​បែក​កញ្ចក់ខាងក្រោយ​។ នេះ​សំណាង​ហើយ ពីរ​នាក់​ប្តី​ប្រពន្ធ​នោះមិន​រងរបួស ឬក៏​ត្រូវ​គ្រាប់​ស្លាប់​។ ចុះបើ​របួស និង​ស្លាប់​មនុស្ស តើ​បង្ក​មហន្តរាយ​ដល់​កម្រិតណា​?

​សរុបមក ប៉ូលិស​ចិត្ត​ខឹង មានះ ដក​កាំភ្លើង​បាញ់​គេ គឺជា​រឿង​មិន​សមរម្យ​ទាល់តែ​សោះ​។ ក្នុងនាម​ខ្លួនឯងជា​សមត្ថកិច្ច​ប៉ូលិស ដែល​ត្រូវការពារ​សុខ​សុវត្ថិភាព​ដល់ ប្រជាជនជនស្លូតត្រង់​ជាទូទៅ​។

​ករណីនេះ ទោះបីជា​មានការ​សម្របសម្រួល សង​សំណងការខូចខាត តាមច្បាប់ រដ្ឋប្បវេណី ប៉ុន្តែ​សំណុំរឿង​ព្រហ្មទណ្ឌ គឺ​បាញ់​សំដៅ​ឡាន​គេ ក្នុង​បំណង​សម្លាប់ មនុស្ស ពិតជា​ទោស​ព្រហ្មទណ្ឌ ដែល​តុលាការ​ត្រូវអនុវត្ត​ន៍ច្បាប់ ដើម្បី​កុំ​ឲ្យ​ជនល្មើស ពិសេស​ខ្លួន​ជា​ប៉ូលិស ប្រព្រឹត្ត​បទល្មើស ​ហើយរួចខ្លួន​។ ករណីនេះ ក៏​ទុកជា​មេរៀនសម្រាប់​ជន​ទាំងឡាយ មិន​ថា​ស៊ីវិល ឬក៏​កងកម្លាំងប្រដាប់អាវុធ​នោះទេ​។ ពោលគឺនៅពេល​ជាតិ​ស្រា​ចូលខ្លួន ហើយ​មាន​កាំភ្លើង​ទៀត ក៏​ចាប់ផ្តើម​ដំឡើង​មានះ បង្ក​ឲ្យរឿង​តូច ក្លាយជា​រឿង​ធំ ហើយ​ទីបំផុត នាំ​តែ​ទុក្ខទោស​ដាក់ខ្លួន វិនាស​អន្តរាយ កេរ្តិ៍ឈ្មោះ បុណ្យស័ក្តិ​ក៏ត្រូវ​ខូច ហើយ​ខ្លួនត្រូវ​ជាប់គុក​ថែមទៀត​៕ ដោយៈ​ម៉េង​ឆៃ​/Ha