ខឹង​ជនរងគ្រោះ​ធ្លាប់​ជេរ​ដៀល​ខ្លួន យក​កាំបិត​អា​រក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​

551
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តស្វាយរៀង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​ក្នុង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ មាន​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ ចាប ប៉ាក ស្រី អាយុ ៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក និង​លោកគ្រូ​ពេទ្យ​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ឃើញថា​មាន​ស្លាកស្នាម​អាករ នឹង​កាំបិត ព្រមទាំង​រកឃើញ​សម្ភារៈ​របស់​ជនរងគ្រោះ​មួយចំនួន​គឺ​លុយ​ចំនួន​២៣៤,០០០ រៀល​, លុយ​ដុល្លារ​៦៥$, លុយ​ដុង ១​លាន​៤​សែន​ដុង និង​ទូរស័ព្ទ​០១​គ្រឿង​។ ក្រោយពី​ការពិនិត្យ​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​សន្និដ្ឋានថា សាកសព​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។​

​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​រហូតមក​ដល់​ម៉ោង​១៦​និង​៣០​នាទី​ក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​នាំខ្លួន​ឈ្មោះ ទួ​ច នួ​ច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង ដែលជា​មុខសញ្ញា​មានការ​សង្ស័យ​យកមក​សាកសួរ នៅ​ការិយាល័យ​ជំនាញ​ខេត្ត​។ ឆ្លងកាត់​តាម​ការសាកសួរ​អស់​រយៈពេល​មួយ​ម៉ោង​ក្រោយមក ជនសង្ស័យ​ឈ្មោះ ទូច នួ​ច បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​អាក​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ចាប ប៉ាក ប្រាកដ​មែន តែ​ខ្លួន​ពុំបាន​យក​សម្ភារៈ ឬ​ទ្រព្យសម្បត្តិ​អ្វី​ទេ ព្រោះ​យប់​ងងឹត​ពេក​។ រីឯ​កាំបិត​ដែល​ធ្វើ​សកម្មភាព​នោះ ខ្លួន​យកទៅ​បោះចោល​នៅក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់ខ្លួន​។​

​ជនល្មើស​បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែលនាំអោយ​សម្លាប់​ស្ត្រី​ខាងលើ​ដោយសារ​ខ្លួន​ខឹង​នឹង​ឈ្មោះ ចាប ប៉ាក ជេរ​ដៀល​ខ្លួន​កន្លងមក​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕ ល​

#