ខឹង​ប្រពន្ធ​មិន​ទិញ​ខ្សែក​ឱ្យ​ដុត​ផ្ទះ​ចោល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

830
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​បុរស​ជា​ប្តី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​បន្ទាប់ពី​បុរស​រូបនោះ​ខឹង​ប្រពន្ធ​មិន​ទិញ​ខ្សែក​ឱ្យ​ហើយ​យក​សាំង​មកចាក់​ដុត​ផ្ទះ​បណ្តាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​។

​ក្រោយពី​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ករណី​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នេះ បាន​កើតឡើង​ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់ ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប​បាន​និយាយថា​ជនសង្ស័យ​បាន​ទិញ​សាំង ចំនួន​១​លីត្រ យកមក​ដុត​ផ្ទះ របស់ខ្លួន​ដែលមាន​ទំហំ ៣​ម៉ែត្រ គុណ​៤ ម៉ែត្រ ធ្វើ​ពី ឈើ បាំងជញ្ជាំង​ស័ង្កសី ប្រក​ដំបូល​ស័ង្កសី ដោយសារ​ខឹង​នឹង​ប្រពន្ធ​របស់ខ្លួន​ដែល​មិន​ទិញ​ខ្សែក​ឱ្យ​ខ្លួន​។​

​លោក​បាន​បន្តថា​ជនសង្ស័យ​មានឈ្មោះ​យ៉ុម​ធី​សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជា​សន្តិសុខ​ឯកជន ចំណែក​ប្រពន្ធ​មានឈ្មោះ ហួន សិ​ដា ភេទ​ស្រី អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិក​ផ្ទះសំណាក់ មានកូន​ចំនួន​២​នាក់​នៅក្នុង​បន្ទុក​។​

លោក​បាន​បន្តទៀតថា ករណី​ដុត​ផ្ទះ​ខ្លួនឯង​នេះ​បណ្តាល ឱ្យ​ខូចខាត​រួមមាន ផ្ទះមួយ​ខ្នង​ឆេះ​អស់ទាំង​ស្រុង​, តុ ចំនួន​១, គ្រែ ចំនួន​២ និង​កង្ហា​ចំនួន​១ ផងដែរ​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាពៈ​ខឹង​ប្រពន្ធ​មិន​ទិញ​ខ្សែក​អោយ​ដុត​ផ្ទះ​ចោល​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​៕​បាយ័ន​