ខឹង​សុំ​លុយ​ម្ដាយ​២០០០​រៀល​មិនបាន ដុត​ផ្ទះ​ខ្លួនឯង​ចោល​រាល​ដល់ផ្ទះ​អ្នក​ដទៃទៀត​

1012
ចែករម្លែក

(​កណ្ដាល​)៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ ខឹង​សុំ​លុយ​ម្ដាយ​ខ្លួន​មិនបាន ក៏​បែកគំនិត​ដុត​ផ្ទះ បណ្ដាល​ឲ្យ​ឆេះ​រាលដាល និង​ខូចខាត​ចំនួន​២​ខ្នង កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​មន្ដ្រីនគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ មាស សារ៉ាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ យាវ ស៊ន ភេទ​ប្រុស អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ និង​ជនរងគ្រោះ​ម្ខាង​ទៀត​ឈ្មោះ ឆុង សោភា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ដោយឡែក​ទ្រព្យសម្បត្ដិ​ខូចខាត​ផ្ទះ​ចំនួន​២​ខ្នង មួយ​ខ្នង​ជា​របស់​ឈ្មោះ យាវ ស៊ន ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី មាន​ទំហំ​៥,៥×៧,៥​ម៉ែត្រ ឆេះ​ខូចខាត​ទាំងស្រុង​រួម​និង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយចំនួនទៀត​ដូចជា ទូ​ចំនួន​៣ ,​ទូរទស្សន៍​១​គ្រឿង ,​ទូរស័ព្ទដៃ​១​គ្រឿង និង​សម្លៀកបំពាក់​របស់រប​រ​ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ និង​មួយ​ខ្នង​ទៀត​ជា​របស់​ឈ្មោះ ឆុង សោភា ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​មាន​ទំហំ ៧×៩,៥​ម៉ែត្រ រៀប​បន្ទប់​ថ្ម​ខាងក្រោម​ឆេះ​ខូចខាត​ជ​ញ្ចាំ​ង​មួយ​ហៀ​ង​។​

​ប្រភព​ដដែល​បន្ដថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ខណៈ​មកដល់​ផ្ទះ​វិញ​បាន​សុំ​លុយ​ម្ដាយ​របស់ខ្លួន​ចំនួន​២០០០​រៀល តែ​ម្ដាយ​របស់ខ្លួន​មិន​ឲ្យ​នោះទេ ភ្លាមនោះ​ជនសង្ស័យ​ខឹង​យ៉ាងខ្លាំង ក៏​បែកគំនិត​ឡើងទៅ​លើផ្ទះ​រួច​បិតទ្វារ​ធ្វើ​សកម្មភាព​ដុត​ផ្ទះ បណ្ដាល​ឲ្យ​ឆេះ និង​ខូចខាត​អស់ទាំង​ស្រុង​ចំនួន​១​ខ្នង ចំណែកឯ​១​ខ្នង​ទៀត​ឆេះ​ខូចខាត​មួយ​ជញ្ជាំង​មួយ​ចំហៀង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​យក​រថយន្ដ​ពន្លត់អគ្គីភ័យ​ស្រុក​កៀនស្វាយ ចុះជួយ​ធ្វើការ​អន្ដរាគមន៍​ទប់ស្កាត់​មិនអោយ​ឆេះ​រីក​រាលដាល​តទៅទៀត​។ ដោយឡែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់​៕ L ដោយ​៖ សហការី​