ខឹង​អ្នកជិតខាង​សួរ​មិន​ឈប់​ថា “​ពេលណា​រៀបការ​?” សម្លាប់ចោល​យ៉ាង​សាហាវ​

189

បុរស​ម្នាក់​អាយុ ២៨ ឆ្នាំ​ដែល​មកពី​តំបន់​កាម​ពុង ប៉ា​សៀ ចុន​ហ្គេ (Kampung Pasir Jonge) ប្រទេស​ឥណ្ឌូនេស៊ី បាន​ក្លាយជា​​ឃាតករ​សម្លាប់​អ្នកជិតខាង​ដោយសារ​ខឹង​ជនរងគ្រោះ​សួរ​ខ្លួន​មិន​ឈប់​ថា “​ពេលណា​ទើប​រៀបការ​?”​។

​ជនសង្ស័យ​ឈ្មោះ ហ្វា​អ៊ី​ហ្ស នួ​ឌី​ន (Faiz Nurdin) បានសម្លាប់​ស្ត្រី​រងគ្រោះ អាយ​ស្យា (Aisyah) វ័យ ៣២ ឆ្នាំ​ដែល​កំពុងមាន​ផ្ទៃពោះ​។ ប៉ូលិស​និយាយថា “​ជនសង្ស័យ​សារភាពថា ស្ត្រី​រងគ្រោះ​តែងតែ​សួរ និង​តឿន​ឱ្យគេ​រៀបការ​ឆាប់ៗ ព្រោះ​អ្នកផ្សេង​គេ​រៀបការ​រួច​អស់ហើយ​”​។ ​មុនពេល​សម្លាប់ ជនសង្ស័យ​បានធ្វើ​ជា​ទៅសួរសុខទុក្ខ​ស្ត្រី​រងគ្រោះ ហើយ​ថែមទាំង​ចូលទៅ​អង្គុយលេង​នៅ​បន្ទប់ទទួលភ្ញៀវ​ទៀតផង​។ នៅ​​ពេល​ស្ត្រី​រងគ្រោះ​ដើរចូល​បន្ទប់ដេក ជនសង្ស័យ​បាន​ដើរ​តាម​ពីក្រោយ ហើយ​រុញ​ស្ត្រី​រងគ្រោះ​ទៅលើ​គ្រែ​រួច​ធ្វើ​សកម្មភាព​ច្របាច់​កនាង​​រហូតដល់​ស្លាប់​។

​បន្ទាប់ពី​សម្លាប់​រួច ជនសង្ស័យ​បានគេច​ខ្លួន​ជាមួយនឹង​លុយ​ប្រហែល ៥៩ ដុល្លារ​អាមេរិក​និង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​មួយគ្រឿង​របស់​ជន​រង​​គ្រោះ​។​

​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​បាញ់​ជើង​ឲ្យ​របួស ខណៈពេល​រត់គេចខ្លួន ហើយ​ប្រឈម​ការជាប់គុក​អស់​មួយជីវិត​៕
ដោយ​៖ ខុម​/sn