ខឹង​ឪពុកម្តាយ​មិន​ចេញ​លុយ​ការ​ប្រពន្ធ​ឱ្យដុត​ផ្ទះ​ឆេះ​ខ្ទេច​

500

​យុវជន​ចិត្ត​ខ្លាំ​ម្នាក់​អាយុ ២៥ ឆ្នាំ​បាន​ដុតបំផ្លាញ​ផ្ទះ​របស់​ឪពុកម្តាយ​ខ្លួន​នៅ​ស្រុក​កា​រ៉ាង តេន​ហ្គា (Karang Tengah) ក្រុង​តាន​ហ្គើ​រ៉ាង (Tangerang) ប្រទេស​ឥណ្ឌូនេស៊ី នៅ​ម៉ោង​ប្រហែល ១១ យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី​ឪពុកម្តាយ មិន​ព្រម​ចេញ​លុយ​ការ​ប្រពន្ធ​ឱ្យ​។​

​គេហទំព័រ kompas.com បាន​ដកស្រង់​សម្តី​អធិការ​ប៉ូលិស​ស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ថា​យុវជន​នេះ​បាន​យក​ប្រេង​ពី​ម៉ូតូ​របស់ខ្លួន​ចាក់​លើ​សម្លៀកបំពាក់​ស្ងួត​។ បន្ទាប់មក​រូបគេ​បាន គូស​ឈើគូស​បោះ​លើ​សម្លៀកបំពាក់​នោះ បណ្តាលឱ្យ​ភ្លើង​ឆាបឆេះ​ដល់ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​។
​ជនល្មើស​ឈ្មោះ ស៊ូ​ពី​យ៉ាន​តូ (Supiyanto) ខាងលើនេះ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ បន្ទាប់ពី​ដុត​ភ្លើង​រួច​។

​ទោះជា​យ៉ាងណា យុវជន​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ នៅផ្ទះ​មិត្តភក្តិ របស់គេ​នៅ​កេ​បា​យ៉ូ​រ៉ា​ន ឡា​ម៉ា (Kebayoran Lama) ភាគខាងត្បូង​ក្រុង​ហ្សា​កាតា​។​

​ប៉ូលិស​ក៏​និយាយ​ដែរ​ថា យុវជន​នេះ​គ្មាន​រោគ​ផ្លូវចិត្ត​ទេ ហើយ​មូល​ហេតុដែល​រូបគេ​ធ្វើបែបនេះ គឺ​ដោយសារ​ខឹង​ចិត្ត​ដែល​ខ្លួន​គ្មាន​លុយ​ការ​ប្រពន្ធ​។ ទោះជា​យ៉ាងណា​ក៏ដោយចុះ​យុវជន​នេះ​នៅតែ ត្រូវ​ប្រឈម​ទោស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ជាប់ពន្ធនាគារ​៕ ប្រែ​សម្រួល​: ខុម​