ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បញ្ជូន​លិខិត​អោយ​អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់ការ​មេខ្លោង​បំផុស​ពលរដ្ឋ​យក​ដី​លោក​លី អ៊ុត​នី

545
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ​
​បន្ទាយមានជ័យ​:
ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​លិខិត​លេខ​៩៤៤ ខន​/០១៩ បាន​បញ្ជូន​មកកាន់​អភិបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​នូវ​សំណើ​ជា​សមត្ថកិច្ច​តាម​ការគួរ​។ នេះ​បើតាម​លិខិត​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៩​ខែកក្កដា​។​

​សំណើ​នោះ​គឺ​របស់​ឈ្មោះ​លី អ៊ុត​នី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ផ្លូវជាតិ​លេខ​៥ សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ដែល​ធ្វើលិខិត​ចុះ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩ មក​នាយខុទ្ទកាល័យ​ស​ម្ដេច​នាយករដ្ឋមន្ត្រី ។​

​នាយខុទ្ទកាល័យ​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ូ សុ​ទ្ធី ចុះ​ថ្ងៃទី ១៦​ខែកក្កដា​ឆ្នាំ​២០១៩ បានដាក់​លិខិត​គោរព​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សំណើសុំ​ជួយ​អន្តរាគមន៍​ដល់​ករណី​ឈ្មោះ​ហួត គង់​, ឈ្មោះ ឡឹ​ក វណ្ណា​, ឈ្មោះ ព្រាប សារុន និង​ឈ្មោះ គង់ ជា ដែល​បាន​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ចូលមក​យក​ដី​របស់គាត់​ចំនួន ៧១​ហិកតា នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​

​សូមបញ្ជាក់​បន្ថែមថា លោក ព្រាប សារុន អតីត​មេបញ្ជាការរង​កងពល​លេខ​២១ ទទួល​គ្រប់គ្រង​លើ​វរ​:​សេនា​តូច​លេខ​៦៧២ និង​វរៈ​សេនា​តូច​លេខ​៧៣ ក៏ត្រូវ​អតីត​ទាហាន​ខ្មែរក្រហម​ប្រភេទ​២ និង​ជនពិការ បាន​ប្តឹង​ថា​បាន​ស៊ីដាច់​ដី​របប​របស់​កូនទាហាន​ខ្លួន​ក្រោយ​ខ្មែរក្រហម ធ្វើ​សមាហរណកម្ម​កាលពី​ឆ្នាំ​១៩៩៨​។ គឺ​ដី​ចំណុច​បឹង​៧៥, ចំណុច​អុង​ម៉ុង​ភូមិ​អូរ​អំពិល ,​ដី​ចំណុច​បឹង​ក្របៅ​ភូមិ​សន្តិភាព​..​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​។​

​ដី​នោះ ត្រូវ​ស្មារតី​នៃ​ខ្លឹមសារ​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ដែលជា​សេចក្តីសម្រេច​ចុងក្រោយ​និង​បាន​អនុវត្ត​រួចហើយ​នៅ​ទីនោះ កំណត់ថា ទី​១- ដី​ទំនាស់​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ត្រូវ​បែងចែក : -​ប្រគល់​ដី​ទំហំ​២២៨​ហិច​តា ជូន​លោក លី អ៊ុត​នី ដែល​បាន​ទិញ​និង​កាន់កាប់​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៨​មក ជា​កម្មសិទ្ធិ​។ និង​ទី​២- ប្រគល់​ដី​ចំនួន​១០១ ហិច​តា​និង​៧៨​អា ៣៣​សង់​ទី​អា​និង​បូក​ចំនួន​៤​ហិច​តា​ទៀត សរុប​១០៦​ហិច​តា ជូន​អតីត​គ្រួសារ​យោធិន​ពិតប្រាកដ​នៃ​អង្គ​ភាពវរ​:​សេនា​តូច​លេខ​៦៧២​និង​៦៧៣ នៃ​កងពលធំ​ថ្មើរជើង​លេខ​២១ -​ម៉ាឡៃ មាន​ចំនួន​១០៦​គ្រួសារ​។​

​ប៉ុន្តែ​ជាក់ស្តែង​តាំងពី​ចុងខែ​មេសា ឆ្នាំ​២០១៩ មក មេខ្លោង​ដូចខាងលើ​បាន​បំផុសបំផុល​អោយ​ពលរដ្ឋ​ចំណាកស្រុក​និង​ជន​អាណាធិបតេយ្យ​រាប់រយ​នាក់​ចូលទៅ​ចាប់​កាន់កាប់ ទន្ទ្រាន​និង​សង់​សំណង់អាណាធិបតេយ្យ​យក​ដី​៧១​ហិច​តា​លើ​ទំហំ​នៃ​ចំណែក​ដី​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​រួច​ហើយ​ដូចខាងលើ​៕ ល​