ខុន​ដូ​តំលៃ​ទាប​ថ្មី​មួយ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​សប្តាហ៍​នេះ​

754

ភ្នំពេញ ខុន​ដូ​តំលៃ​ទាប​ថ្មី​មួយទៀត ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​សប្តាហ៍​នេះហើយ​។​
​ ​
​លោក​ទុយ ប៊ុន​ភាគ​ហ៊ុ​និក​ក្រុមហ៊ុន​លំនៅដ្ឋាន​L​កម្ពុជា​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​៧ សីហា​នេះ​ថា ការសាងសង់​គ្រឹះ​របស់​ខុន​ដូ​កំពស់​២៤​ជាន់​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣ សីហា​ខាងមុខនេះ និង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​បី​ឆ្នាំ​។ ខុន​ដូ​នេះ​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ ក្នុង​សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ​។​លោក​បន្តថា ខុន​ដូ​នេះ​ជា​ប្រ​ភេ ទ​ខុន​ដូ​មាន​តំលៃ​ទាប ដែលមាន​មួយ​បន្ទប់​គេង និង​ពីរ​បន្ទប់​គេង និង​លក់​ក្នុង​តំលៃ​៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​ការលក់​ទេ ព្រោះ​យើង​មាន​អតិថិជន​ក្នុង​ដៃ​ស្រាប់ ហើយ​បើ​លក់​មិន​ដាច់ ក៏​ក្រុមហ៊ុន​អាច​ប្រើប្រាស់​សម្រាប់​ជួល​ផងដែរ​”​។​
​ ​
​ខុន​ដូ​នេះ​មាន​ចំណត​យានយន្ត​ចំនួន​៦​ជាន់ និង​មាន​ក្លឹប​ហាត់ប្រាណ Sky Bar ភោជនីយដ្ឋាន និង​ក្លឹប​ហាត់ប្រាណ​នៅ​ជាន់​ទី​២៤​។ នេះ​ជា​គំរោង​ទី​៦​របស់​ក្រុមហ៊ុន​លំនៅដ្ឋាន​អ៊ិ​ល កម្ពុជា​ភ្នំពេញ​។​
​ ​
​ការទិញ​លក់ ខុន​ដូ​នៅ​កម្ពុជា​កំពុង​ចាប់ផ្តើម​មានការ​កើនឡើង ពិសេស​ខុន​ដូ​សម្រាប់​ប្រជាជនមាន​ជីវភាព​មធ្យម​។​
​ ​
​ការសិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ​បាន​រកឃើញថា ការលក់​ខុន​ដូ​បាន​កើន​ពី​៦០​ភាគរយ​កាលពី​ឆ្នាំមុន ដល់​៦១​ភាគរយ​នៅក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ ចំនួន​ខុន​ដូ​ផ្គត់ផ្គង់​ចូល​ទីផ្សារ​បាន​កើនឡើង​ជាង​៤៧,៧០០០​យូ​នី​ត​៕​ដោយ​ច្រាយ ចំណាន​/sn

អាគារ​ខុន​ដូ​អ៊ិ​ល ដែល​បាន​សាងសង់​កន្លងមក​(​រូបថត​ឯកសារ​)