ខុន​ដូ​ស្តង់ដា​ជប៉ុន​លើកដំបូង​នៅ​កម្ពុជា​ កំពុង​ទាក់ទាញ​អ្នកមាន​ជីវភាព​មធ្យម​ឱ្យ​ចាប់អារម្មណ៍​

116
ចែករម្លែក

ដោយ​៖​ដេប៉ូ​:​ភ្នំពេញ​៖ លំនៅឋាន​ស្តង់ដា​ជប៉ុន​ដែល​បាន​បង្ហាញមុខ​លើកដំបូង​នៅ​កម្ពុជា​ឬ​គេ​ឱ្យ​ឈ្មោះថា​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែល​ស្ថិតនៅ​កណ្តាល​ក្រុងភ្នំពេញ មានតម្លៃ​សមរម្យ​បាន​បើក​លក់​ហើយ​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម​អាច​ទិញ​រស់​នៅបាន ។​


លំនៅឋាន​អា​រ៉ា​ខា​វ៉ា​ដែល​ព្វ​ថ្ងៃ​មាននៅ​ទីតាំង​ស្ថិតនៅ​ផ្លូវ​២៣ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន​បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៧០​លាន​ដុល្លារ​។​លំនៅដ្ឋាន​បែប​សម័យថ្មី​នេះ​បាន​សាងសង់​លើ​ផ្ទៃដី​ជាង​១,៣​ហិកតា ហើយ​នៅ​ដំណាក់កាល​ទី​១​មាន​ចំនួន​១០​អគារ​និង​មាន​កម្ពស់​២១​ជាន់​ស្មើៗ​គ្នា​។​លំនៅឋាន​ទាំងនេះ​ដែរ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​សមាជិកគ្រួសា​រតិ​ច​។​

លោក អៀង សុធា​រ៉ា សហ​ស្ថាប​និ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ឱ្យដឹងថា​លំនៅឋាន​អា​រ៉ា​ខា​វ៉ា បាន​បើក​ដំណើរការ​សាងសង់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​រហូតមក​ដល់ពេលនេះ​សម្រាប់​ដំណាក់កាល​ទី​១ សាងសង់​សម្រេច​៦០​ភាគរយ​ហើយ ដែល​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ នៅ​ចុងឆ្នាំ​២០២០​។​

លោក​បានបញ្ជាក់​ឱ្យដឹងថា “​ចាប់តាំងពី​ប្រកា​សលក់ កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ពេលនេះ គម្រោង​ដែលមាន​ចំនួន​សរុប​ជាង​១​ពាន់​យូ​នី​ត បាន​លក់​អស់​ជិត​១​ពាន់​យូ​នី​ត​ហើយ​។​ពលរដ្ឋ​កម្ពុជា​បាន​ចាប់អារម្មណ៍​ច្រើន​ដោយសារ​ថា​លំនៅឋាន​ទាំងនេះ​សាងសង់​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព​ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ សម្រាប់​ពលរដ្ឋ​ខ្មែរ ដែលមាន​ចំណូល​ទាប និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​”​។​

ទាក់ទិន​នឹង​រឿងនេះ​លោក អៀង សុធា​រ៉ា បានបញ្ជាក់​ឱ្យដឹង​ផង​ថា អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​ហើយ​គេ​អាច​រស់នៅ​តកូនតចៅ ដោយ​មិន​ព្រួយបារម្ភ​សោះឡើយ​។​ក្រៅពីនេះ​នៅក្នុង​អគារ​ទាំងមូល​ថែមទាំង​ធានាបាន​នូវ​បច្ចេកទេស​សំណង់​ស្តង់ដា​ត្រឹមត្រូវ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ និង​ប្រព័ន្ធ​ទឹកលូ ជាដើម ។​

លោក​បានបញ្ជាក់​បន្ថែម​ថា​”​ខ្ញុំ​សុំ​បញ្ជាក់ថា​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​គឺ​បាន ប្រើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងការ​សាងសង់​ទាំងស្រុង ដោយ​មិន​ប្រើ​ថវិកា​របស់​អតិថិជន​យកមក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​ឲ្យ​អតិថិជន​អាច​ទិញ ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំ​លោះ​ដោយ​មិនមាន​ការប្រាក់ ពោល​គឺអាច​បង់ប្រាក់​ប្រចាំខែ ចាប់ពី​២៧៣​ដុល្លារ​ឡើងទៅ សម្រាប់​រយៈពេល​៣៦​ខែ និង​បន្ទាប់ពីនោះ​បង់​ត្រឹមតែ​១៦០​ដុល្លារ ទៅ​១៧០​ដុល្លារ​ក្នុង​១​ខែ​”​។​

ដោយឡែក​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​ថ្លែងថា លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវបាន​សាងសង់ឡើង ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើទោះជា​ពួកគាត់​មាន​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូរ​របស់​អា​រ៉ា​ខា​វ៉ា​បាន និង​ទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើប នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​។​
​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ​បាន​បន្ថែមថា ទៅ​ថ្ងៃ​អនាគត​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការរស់នៅ​ផ្ទះល្វែង​ជាយក្រុង​ឆ្ងាយៗ មក​រស់នៅក្នុង​ខុន​ដូ​កណ្តាល​ក្រុង​វិញ ព្រោះ​ងាយស្រួល​រស់នៅ​ជិត​កន្លែងធ្វើការ​ជាង ហើយ​ជា​បទពិសោធន៍​របស់​ប្រជាជន​រស់នៅ​ប្រទេស​អភិវឌ្ឍន៍ ក៏​បែប​នេះដែរ​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ ក្នុងការ​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​រួចមកហើយ អា​ផាត​មិន​ដែលមាន​ឈ្មោះថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយចង្វារ​៕/Ha

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែល​ស្ថិតនៅ​កណ្តាល​ក្រុងភ្នំពេញ​បានប្រកាស​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​