ខុម​ផានី បញ្ចប់​អាជីព​នៅ Man City ជាមួយ​ការ​ដង្ហែ​ពាន​បី​ឆ្លងកាត់​កណ្តាល​ក្រុង​ម៉ាន់​ឆេ​ស្ទើ​

717
ចែករម្លែក

​ក្រុម​តារា​ឈ្នះ​ពាន​បី​របស់ Manchester City បាន​បង្អួត​ពាន​ដល់​អ្នកគាំទ្រ​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា បន្ទាប់ពី​ចាប់ផ្តើម​ការ​ដង្ហែ​ក្បួន​ជ័យជម្នះ​ឆ្លងកាត់​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​។​

​លោក​ប៉េ​ប ហ្គា​ឌី​អូ​ឡា និង កូនក្រុម​របស់គាត់​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​រាប់ពាន់នាក់ ដែល​ចេញមក​អបអរ​ក្នុង​ឈុត​ខៀវ​តំណាង​ក្លិប​ដើម្បី​ធ្វើ​សាក្សី​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​។ ប្រធាន​ក្រុម វីន​សិន ខុម​ផានី ដែល​ត្រៀម​ចាក​ចេញពី​ក្លិប បាន​ដឹកនាំ​ការអបអរសាទរ​នេះ ខណៈ​ហ្វូង​អ្នកគាំទ្រ​នាំគ្នា​ស្រែកច្រៀង​ឈ្មោះ​របស់​កីឡាករ​រូបនេះ​។

​ដប់​ពីរ​ខែក្រោយ រាប់​ចាប់ពី​ការ​ដង្ហែ​ក្បួន​លើក​ពាន Premier League ចុងក្រោយ​របស់​ពួកគេ ក្រុម City បាន​វិល​ត្រឡប់មក​ហែ​ក្បួន​ម្តងទៀត​ជាមួយ​ពាន​ពីរ​បន្ថែមទៀត​គឺ​ពាន FA Cup និង Carabao Cup និង​ឥឡូវ​កំពុង​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​ដែល​ឈ្នះ​ពាន​ទាំងបី​ក្នុង​ស្រុង​ក្នុង​យុទ្ធនា​ការប្រកួត​តែមួយ​។​

​ខុម​ផានី​បាន​ដឹកនាំ​ការអបអរ​តាំងពីដើម​រហូតដល់​ចប់ ដោយ​ឈរ​នៅលើ​ដំបូល​ឡានក្រុង​ជាមួយ​ពាន​ទាំងបី​នា​ល្ងាច​ថ្ងៃ​ចន្ទ​។ កីឡាករ​បែលហ្ស៊ិក​រូប​នេះ​គឺជា​កីឡាករ​ចុងក្រោយ​គេ​ដែល​ឡើង​និយាយ​សុន្ទរកថា​ទៅកាន់​ហ្វូង​អ្នកគាំទ្រ នៅពេល​ហៅ​ឱ្យ​ឡើង​ឆាក​នៅក្បែរ​វិហារ​ម៉ាន់​ឆេ​ស្ទើ និង​បាន​ទទូចថា ក្លិប​មេឃ​ខៀវ​គឺជា “​ក្លិប​ល្អ​ដាច់​គេ​លើ​លោក​” មុនពេល​សម្តែង​ការទម្លាក់​ក្បាល​ម៉ៃ​ក្រូ​ហ្វូ​ន​ចុះក្រោម និង​ត្រូវបាន​ចោមរោម​ដោយ​មិត្ត​រួម​ក្រុម​៕ ដោយ៖ កញ្ញាដាលីស