ខួបកំណើត​របស់​ឌី សូ​នី​តា ៖ អ្នក​ច្នៃ​ម៉ូត ចំណាយពេល​បី​ម៉ោង កាត់​រ៉ូ​ប ជា​កាដូ​

1576
ចែករម្លែក

​ភ្នំពេញ​៖ ពិតជា​មិនធម្មតា​មែន តារា​សម្តែង​ល្បី កញ្ញា ឌី សូ​នី​តា សូម្បីតែ​មិន​រៀបចំ​ពិធី ធំដុំ​អ្វី ដើម្បី​អបអរ​ខួបកំណើត​របស់ខ្លួន ឆ្នាំនេះ​ក៏ពិតមែន ប៉ុន្តែ​នៅតែមាន​មិត្ត​សិល្បៈ ជាច្រើន ជូនពរ ហើយ​ជាពិសេស មាន​អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បី បាន​ចំណាយពេល​បី​ម៉ោង កាត់​រ៉ូ​ប ជូន​ជា​កាដូ​ពិសេស សម្រាប់​នាង​ទៀត​។​

​លោក សុធា​នី ដែល​គេ​ស្គាល់ ជា​ម្ចាស់​ហាង​កាត់ដេ សុធា​នី ថេ​ល័​រ បានធ្វើ​រឿង​មួយ ឱ្យ​ភ្ញាក់ផ្អើល​ដល់​តារា​សម្តែង​ល្បី កញ្ញា ឌី សូ​នី​តា ក្នុង​ថ្ងៃ​ខួបកំណើត​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​ជូន​កាដូ​ពិសេស ដោយ​លោក​បាន​កាត់​រ៉ូ​ប​ថ្មី​មួយ​ចេញពី​ស្នាដៃ របស់លោក​ផ្ទាល់ ដោយ​ចំណាយពេល​ត្រឹម​បី​ម៉ោង ឱ្យ​តារា​ល្បី​រូបនេះ សប្បាយចិត្ត និង​ទទួល​អារម្មណ៍​រំភើប​។

លោក សុធា​នី បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​កាលពី​ថ្ងៃ​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា រ៉ូ​ប​ពណ៌​ស ដែល​បង្ហោះ​នោះ ជា​ស្នាដៃ​របស់លោក​ផ្ទាល់ សម្រាប់​ជូន​តារា​សម្តែង ឌី សូ​នី​តា ជា​កាដូ​ខូ​ប​កំណើត​ឆ្នាំនេះ ។ ម៉ូត​មួយ​នេះ លោក​បាន​ចំណាយពេល​កាត់ចេញ ត្រឹមតែ​រយៈពេល ៣ ម៉ោង ដោយ​មិន​ប្រើពេល​យូរ​ឡើយ ដើម្បី​ចង់បាន​ចេញ​រូបរាង ផ្ញើជូន ឌី សូ​នី​តា ឱ្យ​ត្រេកអរ​សប្បាយចិត្ត​។

​ម្ចាស់​ហាង​កាត់ដេរ សុធា​នី ថេ​ល័​រ បាន​ប្រាប់ថា មូលហេតុ​ដែល​ជូន​កាដូ​នោះ​ដោយ សារ តែ ឌី សូ​នី​តា ជា​អតិថិជន​ប្រចាំ​ហាង ហើយ​ជា​បងប្អូន​ល្អ​រាប់អាន​រាប់​ឆ្នាំ​មកហើយ ដូច្នេះ​លោក​មានតែ​ខំប្រឹង​កាត់​រ៉ូ​ប​ណា​ស្អាតៗ ជូន​ដល់​តារា​ល្បី​រូបនេះ ឱ្យ​សប្បាយចិត្ត ប៉ុណ្ណោះ ក្នុង​ថ្ងៃ​ខួបកំណើត​។ លោក​ក៏​ជូនពរ​ដល់ក​ញ្ញា ឌី សូ​នី​តា ទទួល​ពុទ្ធពរ ៤ ប្រការ និង ការងារ​កាន់តែ​ជោគជ័យ​។​

​សូមបញ្ជាក់ថា តារាចម្រៀង ឌី សូ​នី​តា ជា​តារា​ល្បី​ដែលមាន​អ្នកគាំទ្រ​យ៉ាងច្រើន​ពេញ ចិត្ត​លើ​នាង ទាំង​ការសម្តែង ការ​ច្រៀង និង ចេះ​លេង​កំប្លែង ធ្វើឱ្យ​ទស្សនិកជន​សើច សប្បាយ​។ នាង​ក៏​ជា​តារា​ឈានមុខ​គេ ដែលមាន​ប្រជាប្រិយ​ភាពមិន​ចាញ់​តារា​កំពូលៗ ឡើយ ហើយ​ជាពិសេស​ការតុបតែង និង សម្លៀកបំពាក់​របស់​នា​ង មាន​អ្នក​ឌី​ហ្សា​ញ កាត់ដេរ​ប្រចាំ ឱ្យ​ថែមទៀត ដូច​ទៅនឹង​តារា​បរទេស ឬ​តារា​ហូលីវូដ ៕ ដោយ បូ​រិ​ន​