ខួប​ទី​១៥៥​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខេត្តសៀមរាប ប្រមូល​ថវិកា​បាន​ជាង​៦៧​ម៉ឺន​ដុល្លារ​អាមេរិក​

627
ខួប​ទី​១៥៥​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខេត្តសៀមរាប​ប្រមូល​ថវិកា​បាន​ជាង​៦៧​ម៉ឺន​ដុល្លារ​អាមេរិក​ (រូប៖ គូលែន)

ដោយ​: គូលែន / សៀមរាប​: ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៥ ក្រោម​ប្រធានបទ (​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​មិន​ទុក​នរណាម្នាក់​ចោល ) បាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​រោង​មហោស្រព រ៉ូ​សា​ណា ក្រុង​សៀមរាប ដែលមាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តសៀមរាប និង លោកជំទាវ ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី​ជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន បងប្អូន​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋា​ន អង្គការ​ជា​ដៃគូរ​។​

​លោក ឃឹម ប៊ុន សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង ជា​អភិបាល​ខេត្តសៀមរាប បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា ក្រោម​កិច្ចដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទាំង​ថ្នាក់កណ្តាល សាខា និង អនុសាខា បាន​ខិតខំ​ពុះពារ​នូវ​រាល់​ការលំបាក ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ការប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​មាន​គ្រោះធម្មជាតិ ប៉ះពាល់​ដល់​អាយុជីវិត ផ្ទះសម្បែង​មួយចំនួន របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប គិតពី​ខែឧសភា​ឆ្នាំ​២០១៧​ដល់​ខែមេសា​ឆ្នាំ​២០១៨​នេះ មាន​គ្រោះមហន្តរាយ និង​ឧបទ្ទវហេតុ​ផ្សេងៗ បានកើត​ឡើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ៩​ពាន់​៣៤៧​គ្រួសារ មាន​មនុស្ស​ប្រមាណ​ជិត ៥០​ពាន់​នាក់ និង​មាន មនុស្ស​រងគ្រោះ​៤៨​នាក់ ស្លាប់ ៣៦​នាក់ របួស ១២​នាក់​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ធ្វើការ​គូសបញ្ជាក់​នូវ​ខ្លឹមសារ អត្ថន័យ នៃ​សារលិខិត​របស់​សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើជូន​ដល់​ជនរួមជាតិ ក្នុងឱកាស​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​លើក​ទី​១៥៥ ឲ្យ​ស្របតាម​ប្រធានបទ ( កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់ គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​ឡើយ ) ក្នុងការ​លើកកម្ពស់​នៃ​ការយល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ ទៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ សាខា អនុសាខា​កាកបាទក្រហមកម្ពុជា​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​កាន់តែ​បាន​ទូលំទូលាយ​បន្ថែមទៀត នូវ​រាល់ គោលការណ៍​គ្រឹះ​ទាំង​៧ នៃ​ចលនា​កាកបាទក្រហមកម្ពុជា ឲ្យ​កាន់តែ​ចូល​ជ្រៅ​ដល់​ប្រជាពលរដ្ឋ និង មហាជន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​លើកឡើង អំពី​បញ្ហា​គ្រោះធម្មជាតិ ដែល​បាន​កំពុង​គំរាមកំហែង​នៅលើ​ភពផែនដី និង បាន​កំពុង​ធ្វើ​ឲ្យ​ផែនដី​យើង មានការ​ប្រែប្រួល​អាកាសធាតុ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ធ្វើ​ឲ្យ​បរិស្ថាន​នៃ​ការរស់នៅ របស់​មនុស្ស សត្វ រុក្ខជាតិ មានការ​ជួបប្រទះ ក៏ដោយ​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ភពផែនដី មានការ កើនឡើង​នូវ​រលក​កម្តៅ ព្រមទាំង​ធ្វើ​ប្រទេស​មួយចំនួន ជួប​នូវ​គ្រោះមហន្តរាយ ដោយ​គ្រោះធម្មជាតិ​។​

​ក្នុង​ពិធី​នោះដែរ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប បានទទួល​នូវ​ថវិកា​ជា​តួលេខ​បណ្តោះអាសន្ន​សរុប​ចំនួន ៦៧៥,៨០០​ដុល្លា​អាមេរិក​, អង្ករ​១៤​តោន​៥០០​គីឡូក្រាម​, ទឹក​សុទ្ធ ២៥០​កេស៕​