ខួប​លើក​ទី​៤០​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា គឺជា​ការ​រំឭក​ពី​ការបាត់បង់ និង​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា​ពី​របប​ខ្មែរក្រហម​

656
ចែករម្លែក
  • 42
    Shares

ដោយ​៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ គឺជា​ខួប​លើក​ទី​៤០ នៃ​ការផ្តួលរំលំ​នៃ​របប​ខ្មែរក្រហម​។ ខួប​៧​មករា ត្រូវបាន​ប្រារព្ធ​ឡើង​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​ឆ្នាំនេះ​រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ខួប​ទី​៤០​ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​ការសម្ពោធ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ ដែលជា​និ​មិ​ត្តិ​រូប​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​ថ្ងៃ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​។ នៅក្នុង​ប្រទេស​កម្ពុជា មាន​យុវជន​ប្រមាណ​ជា​៧០​ភាគរយ​ដែល​បានកើត​ក្រោយ​របប​ខ្មែរក្រហម​។
​យុវជន​កម្ពុជា​នៅតែ​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម​តាមរយៈ​កម្មវិធីសិក្សា​អំពី​អំពើ​ប្រល័យពូជសាសន៍ ក្នុង​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា ការចែករំលែក​រឿងរ៉ាវ​របស់​ឪពុកម្ដាយ ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ទៅកាន់​សមាជិក​ក្នុង​គ្រួសារ និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួនទៀត​។

កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខទីចាត់ការសភាតំណាងប្រជាជន

​ការ​ប្រារព្ធ​ខួប​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម ៧ មករា គឺជា​រំឭក​ដល់​ការរំដោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ការនាំ​មកវិញ​នូវ​សិទ្ធិសេរីភាព និង​វឌ្ឍនភាព​សម្រាប់​ពលរ​ដ្ឋ​កម្ពុជា​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​

​ប្រជាជន​ប្រមាណ​ជា​៥​លាន​នាក់ ដែល​បាន​រស់រានមានជីវិត​ក្រោយ​ការដួលរលំ​របប​ខ្មែរក្រហម​បានរួម​កម្លាំង​ជាមួយ​រាជរដ្ឋាភិបាល និង​បាន​ខិតខំ​កសាង​ប្រទេស​ឡើងវិញ​។ ការ​ប្រារព្ធ​ខួប​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​ជា​រៀងរាល់ឆ្នាំ គឺជា​ការផ្តល់​តម្លៃ​ទៅដល់​អាយុជីវិត​ប្រមាណ​ជា​២​លាន​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម និង​ការ​រួច​រស់​ជីវិត​របស់​ប្រជាជន​កម្ពុជា​ពីរ​បប​ដ៏​ឃោរឃៅ​ខ្មែរក្រហម ទោះបី​ជាមាន​ទស្សនៈ​យល់ឃើញ​ខុសគ្នា​ពី​វត្តមាន​របស់​កងទ័ព​វៀតណាម​ក្នុងប្រទេស​កម្ពុជា​រយៈពេល​មួយ​ទសវត្សរ៍​យ៉ាងណាក៏ដោយ​។

កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខព្រះបរមរាជវាំង

​នៅក្នុង​ឆ្នាំ​១៩៧៨ កងទ័ព​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដោយមាន​ជំនួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ស្ថិតក្រោម​មេបញ្ជាការ​វៀតណាម​ឈ្មោះ វ៉ាន់ ទៀន​យុង បាន​ដឹកនាំ​កងទ័ព​ស្ម័​គ​ចិត្ត​វៀតណាម​ប្រមាណ​មួយ​សែន​ពីរម៉ឺន​នាក់​ចែកចេញជា​១២​កងពលធំ​។ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម រួមមាន​កងទ័ពជើងទឹក ជើង​អាកាស កងរថក្រោះ និង​កងកាំភ្លើងធំ​។ កងទ័ព​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជាមាន​ចំនួន​៩​កងវរសេនាតូច ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បានធ្វើ​ការសហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ កងទ័ព​ទាំងពីរ​បានធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩៧៨​។ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​វាយលុក​ទៅលើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​៣​ទីតាំង​ផ្សេងៗ​គ្នា​ក្នុងនោះ​រួមមាន កងទ័ព​៣​កងវរសេនាតូច​បាន​វាយលុក​ចូល​ខេត្តស្វាយរៀង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ កងទ័ព​៣​វរ​សេនា​តូច​ទៀត​បាន​វាយ​ចូល​ខេត្តកំពង់ចាម និង​កងទ័ព​៣ កងវរសេនាតូច​ចុងក្រោយ​បានធ្វើការ​វាយលុក​ចូល​ស្រុក​ស្នួល​ខេត្តក្រចេះ​។ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​វាយ​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្ដាល បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​៧​ខែមករា ឆ្នាំ​១៩៧៩ ដោយ​ប្រើ​រយៈពេល​២១​ថ្ងៃ​។

កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខព្រះបរមរាជវាំង

​ទោះបីយ៉ាងណា កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បានធ្វើ​ការវាយលុក និង​កាន់កាប់​បាន​ខេត្តក្រចេះ តាំងពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៧៨ មកម្ល៉េះ និង​បាន​វាយ​រំដោះ​តំបន់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។ ចំណែក​តំបន់​ជាប់​សមុទ្រ ដូចជា ខេត្តកោះកុង និង កំពង់សោម ត្រូវបាន​រំដោះ និង​កាន់់កាប់​ក្រោយបង្អស់​គឺ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៩​។

​ការរំដោះ​បាន​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែលជា​តំបន់​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់​កងទ័ពរ​ណ​សិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។

​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​លោក​ប្រធាន ហេង សំរិន នៅក្នុង​ខួប​លើក​ទី​១ នៅ​ថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៨០ បាន​រៀបរាប់​ពី​ការស្ដា​ប្រទេសជាតិ​ឡើងវិញ​ក្នុងនោះ រួមមាន ៖ វិស័យ​សុខាភិបាល គ្រូពេទ្យ​ដែល​រស់រានមានជីវិត​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​មានតែ​៤៤​នាក់ តែប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស ខណៈពេល​មាន​ប្រជាជន​ប្រមាណ​ជា​២​លាន​នាក់​បាន​ទៅពិនិត្យ​ជំងឺ និង​ត្រូវការ​ព្យ​បាល​ជាបន្ទាន់​។ វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​។ នៅ​ឆ្នាំ​១៩៨០ មាន​រោងចក្រ សហគ្រាស​ប្រមាណ​ជា​៤០ បានធ្វើ​សកម្មភាព​របស់ខ្លួន និង​ផលិត​ឡើងវិញ​។ ចំណែក​វិស័យ​កសិកម្ម​បាន​ដាំ​ដុះ​ឡើងវិញ ទោះបី​គ្មាន​ឧបករណ៍​កសិកម្ម​ប្រើប្រាស់​គ្រប់គ្រាន់​។ មធ្យោបាយ​ដឹកជញ្ជូន​នៅក្នុង​ឆ្នាំ​១៩៨០ រថភ្លើង​បាន​ដំណើរ​សារជាថ្មី ពី​ភ្នំពេញ​ទៅ​កំពង់សោម​។ ចំណែក​ផ្លូវទឹក​មាន​កំពង់ផែ​ខេត្ត​ព្រះសីហនុ សម្រាប់​ធ្វើការ​ផ្ដោះ​ផ្ដូ​រ​ទំនិញ​ទៅកាន់​ទីផ្សារ​ក្នុង​ពិភពលោក ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ដំណើរការ​ម្ដងទៀត ក្នុងពេល​ដំណាល​ផង​គ្នា​ដែរ​។

ផែនទីរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​សង្គមនិយម វៀតណាម និង សហភាពសូវៀត ព្រមទាំង​ធ្វើការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចំនួន​២៩​ផ្សេងទៀត ដែលមាន​ស្ថានទូត​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​។ សាលារៀន​បាន​បើកទទួល​សិស្ស និស្សិត ប្រមាណ​ជាង​៧​សែន​នាក់​ឲ្យ​ចូលរៀន​។ រដ្ឋាភិបាល​បាន​ប្រមូល និង​បង្កើតជា​ក្រុម​ប្រវាស់ដៃ ឬ​ក្រុមសាមគ្គី​បង្កបង្កើនផល ដាំ​ដុះ​ស្រូវ និង​ដាំ​ណាំ​ផ្សេងៗ ព្រោះ​រដ្ឋាភិបាល​ខ្វះខាត​កម្លាំង​ពលកម្ម​។ ក្នុងនោះ​មានការ​ចាត់តាំង​ក្រុម​បង្កបង្កើត​ផល​ដែលមាន​កម្លាំង​ប្រមាណ​ជា​៤៥.០០០​ពាន់​ក្រុម (​ក្នុង​មួយក្រុម​មាន​សមាជិក​ពី​១០​ទៅ​១៥​គ្រួសារ​)​។

​ដើម្បី​ជាការ​ចងចាំ​ចំពោះ​គុណបំណាច់​នៃ​កងទ័ព ដែល​បាន​ពលី​អាយុជីវិត​របស់ខ្លួន​ក្នុង​បុព្វហេតុ​ជាតិ និង​អបអរសាទរ​ដល់​ថ្ងៃ​ដែល​ប្រជាជន​កម្ពុ​ជាមាន​សេរីភាព ឯករាជ្យ ជួបជុំ​គ្រួសារ និង ការកសាង​ជីវិត​ឡើងវិញ រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​៧ ខែមករា ជា​ថ្ងៃ​រំឭក​ខួប​នៃ​ការទទួលបាន​ជ័យជម្នះ​លើ​របប​ខ្មែរក្រហម​។ គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន​នានា​បាន​ឈប់សម្រាក​រយៈពេល​មួយ​ថ្ងៃជា​រៀងរាល់ឆ្នាំ​។ ក្នុងឱកាស​ក្នុងការ​ប្រារព្ធ​ចងចាំ​ស្មារតី ៧​មករា នេះដែរ នៅតាម​ស្ថាប័នរដ្ឋ​មួយចំនួន​ដូចជា សាលាខេត្ត សាលាស្រុក ឬ​ឃុំ​ទូទាំងប្រទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ថ្ងៃ​៧ មករា យ៉ាង​ឱឡារិក ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ស្ថាប័នរដ្ឋ ព្រះ​ស​ង្ឈ សាធារណៈជន​ទូទៅ សិស្សានុសិស្ស ក្រុម​កាយ​រិ​ទ្ធ និង​កាកបាទក្រហម​។

​នៅ​ថ្ងៃទី​៧ ខែមករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​រំឭក​ពី​ការបាត់បង់ និង​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា​ពី​របប​ខ្មែរក្រហម​។ ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល និង​ជនរងគ្រោះ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ប្រទេស​ឡើងវិញ ក្រោយពី​ការបំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​ពីរ​បប​ខ្មែរក្រហម​៕ ល​