ខួប​២០​ឆ្នាំ​នៃ​ការចុះ​ចូល​របស់ នួន ជា និង ខៀវ សំផន ដែល​ឈានទៅរក​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​កម្ពុជា​

856

ដោយ ៖ សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ឆ្នាំនេះ គឺជា​ខួប​២០​ឆ្នាំ​នៃ​ការចុះ​ចូល​របស់ នួន ជា និង ខៀវ សំផន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

រូប​រាប់​ពីឆ្វេង ៖ ខៀវ សំផន និង នួន ជា រួមទាំង​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដទៃទៀត នៅក្នុង​ជំនួប​ប្រជុំ​នៅផ្ទះ​របស់ តា​ម៉ុក ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ឆ្នាំ​១៩៩៨​។ រក្សា​សិទ្ធិ និង​រូបថត​ដោយ ៖ ជេ​ម៍ ជឺ​រាណ​។​

នួន ជា គឺជា​អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន​។ ខៀវ សំផន គឺជា​អតីត​គណៈ​ប្រធាន​រដ្ឋ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩)​។ អ្នក​ទាំងពីរ​បាន​រត់​ភៀសខ្លួន​ទៅ​រស់​នៅតាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ ក្នុង​ខេត្តកោះកុង ខេត្ត ពោធិ៍សាត់ និង​ខេត្តបាត់ដំបង បន្ទាប់ពី​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​វាយ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ដើមឆ្នាំ​១៩៧៩​។ នៅ​ទីនោះ នួន ជា និង ខៀវ សំផន បាន​បន្ត​ដឹកនាំ និង​អនុវត្ត​ការងារ​សំខាន់ៗ​ជាច្រើន ដូចជា កិច្ចការ​សេដ្ឋកិច្ច កិច្ចការបរទេស ការបណ្តុះបណ្តាល​ផ្នែក​នយោបាយ គោលនយោបាយ និង​ឃោសនា​។ ចំណែក​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងទៀត បាន​ប្រមូល​កម្លាំង​ទ័ព​ដែល​នៅ​សេសសល់​របស់ខ្លួន​ឡើងវិញ និង​បានរៀបចំ​គ្រប់គ្រង​ទឹកដី​កម្ពុជា​ដែល​នៅ​សេសសល់​ដោយបាន​បង្កើត​ទៅជា​ភូមិ សាលារៀន និង​ប្រព័ន្ធ​សុខាភិបាល​។ មេដឹកនាំ​យោធា​ខ្មែរក្រហម ក៏បាន​រៀបចំ​ធ្វើ​សង្គ្រាមឈ្លប ឬ សង្គ្រាម​ប្រជាជន ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កងទ័ព​វៀតណាម និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែរ​។​

​នៅពេលដែល​កងយោធពល​ខេរ​ភូមិន្ទ បាន​វាយ​កាន់កាប់​ទីបញ្ជាការ​រប​ស់​ខ្មែរក្រហម​នៅ​ភ្នំ​ឆ័​ត្រ ក្នុងស្រុក​ស្វាយចេក ជាប់​នឹង​ព្រំដែន​ថៃ នៅ​ឆ្នាំ​១៩៩៣ ខៀវ សំផន បាន​រត់​ភៀសខ្លួន​មក​ស្រុក​អន្លង់វែង ដែល​គ្រប់គ្រង​ដោយ តា​ម៉ុក អគ្គបញ្ជាការ​កងទ័ព​បន្ទាប់ពី ប៉ុល ពត (​មេ​បញ្ជា​កងទ័ព​) នៅក្នុង​រចនាសម្ព័ន្ធ​យោធា​ថ្មី​របស់​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦​។ នួន ជា បាន​ផ្លាស់​មក​រស់នៅ​អន្លង់វែង នៅ​ខែតុលា ឆ្នាំ​១៩៩៦ បន្ទាប់ពី​ខ្មែរក្រហម នៅ​ម៉ាឡៃ ប៉ៃលិន និង​សមរភូមិ​ទិស​២៥០ រួមមាន ស្រុក​សំពៅ​លូន ភ្នំ​ព្រឹក្ស និង​កំរៀង បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ តា​ម៉ុក បាន​សង់ផ្ទះ​ឲ្យ នួន ជា ខៀវ សំផន និង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​មួយចំនួនទៀត​ស្នាក់នៅ នៅ​ម្តុំ​ពើយ​តា​ម៉ុក ក្បែរ​ច្រកព្រំដែន​ជាំ​ស្រ​ងុំ​ា​។​

​រហូតមកដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩៩៤ រដ្ឋសភា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ច្បាប់ “​ដាក់​ឲ្យ​ក្រុមខ្មែរក្រហម​នៅក្រៅ​ច្បាប់​” និង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​ដដែល ដែល​ច្បាប់​នេះ​បាន​ផ្តោតទៅលើ​តែ​មេដឹកនាំ​ខ្មែរក្រហម និង​កងទ័ព​ខ្មែរក្រហម​តែប៉ុណ្ណោះ ដោយ មិន​រាប់បញ្ចូល​ប្រជាជន​សាមញ្ញ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​ឡើយ​។ នៅ ក្រោម​ច្បាប់​នេះ អង្គការ​ខ្មែរក្រហម​ត្រូវបាន​ចាត់ទុកថា ជា​អង្គការ​ខុសច្បាប់ ហើយ​មេដឹកនាំ​ខ្មែរ ក្រហម​អាច​ប្រឈម​នឹង​ការកាត់ទោស​ឲ្យ​ជាប់គុក​ពី​១០​ឆ្នាំ ទៅមួយ​ជីវិត​។ ជាការ​ឆ្លើយតប​ទៅនឹង ច្បាប់​នេះ ខ្មែរក្រហម​បានប្រកាស​បង្កើត​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ និង​សាមគ្គី​ជាតិ​កម្ពុជា ដែលមាន​ទីស្នាក់ការ​នៅក្នុង​ស្រុក​អន្លង់វែង​។ សមាជិក​រដ្ឋាភិបាលបណ្តោះអាសន្ន​នេះ រួមមាន ខៀវ សំផន នាយករដ្ឋមន្ត្រី​, ចាន់ យូរ៉ាន់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការបរទេស​, កែវ យ៉ាន រដ្ឋមន្ត្រី​ការពារជាតិ​, ម៉ក់ បេន រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ជួន ជឿន ទីប្រឹក្សា​ពិសេស​, ទេព ឃុន​ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​បូរណភាព​ទឹកដី​, យឹម ផន រដ្ឋមន្ត្រី​មហាផ្ទៃ​, កោរ ប៊ុនហេង រដ្ឋមន្ត្រី​កិច្ចការ​ធារ​ណៈ និង តា​ម៉ុក អគ្គមេបញ្ជាការ​។​

រូប​រាប់​ពីស្តាំ​៖ តា ម៉ុក​, នួន ជា​, ខៀវ សំផន និង​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដ៏ទៃទៀត នៅក្នុង​ជំនួប​ប្រជុំ​នៅផ្ទះ​របស់ តា​ម៉ុក ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ឆ្នាំ​១៩៩៨​។ រក្សា​សិទ្ធិ និង​រូបថត​ដោយ ៖ ជេ​ម៍ ជឺ​រាណ​។​

​នួន ជា​, សុន សេន និង ប៉ុល ពត មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជីមេ​ដឹកនាំ​រដ្ឋាភិបាល បណ្តោះអាសន្ន​របស់​ខ្មែរក្រហម​នោះទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ប៉ុល ពត នៅតែ​ជា​មេ​ដឹក នាំ​ដ៏​មានអំណាច និង​មាន​ឥទ្ធិពល​មួយរូប​នៅក្នុង​រដ្ឋាភិបាលបណ្តោះអាសន្ន​នេះ​។ នួន ជា នៅតែ​ដើរតួនាទី​ជា​អ្នក​អប់រំ​។ នួន ជា បានផ្តល់​ការអប់រំ​ដល់​កងទ័ព និង​កម្មាភិបាល​ខ្មែរក្រហម​ជាប្រចាំ​។ នួន ជា ក៏បាន​អប់រំ​ណែនាំ​ដល់​ប្រជាជន​អំពី​ប្រធានបទ​ស្តីអំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដូចជា ការថែរក្សា​អនាម័យ ចិញ្ចឹមសត្វ និង ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនចាញ់​។ ចំណែក​កិច្ចការ​សំខាន់​របស់ នួន ជា មួយទៀត គឺ​ការអប់រំ​អំពី​មនោគមន៍វិជ្ជា​នយោបាយ​កុំ​ឲ្យ​ប្រជាជន​បោះបង់ចោល​ការតស៊ូ និង​ត្រូវ​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ​។

​ទោះបី​យ៉ាងនេះ​ក្តី មេដឹកនាំ​ខ្មែរក្រហម​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​អន្លង់វែង មិនមាន​គំនិត​ចុះសម្រុង​គ្នា​ឡើយ​ក្នុង​ការបន្ត​ដឹកនាំ​ចលនា​តស៊ូ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​១៩៩៧ ប៉ុល ពត បាន​បញ្ជា​ទៅ សូ សារឿន មេ​បញ្ជា​យោធា​ខ្មែរក្រហម​ដែល​ស្និទ្ធ​នឹង​ខ្លួន​ឲ្យ​ទៅ​សម្លាប់ សុន សេន ប្រពន្ធ ព្រមទាំង​កូនៗ នៅផ្ទះ​ម្តុំ​ពើយ​តា​ម៉ុក ស្ថិតនៅលើ​ភ្នំ​ដងរែក ដោយ​ចោទថា​ក្បត់​។ ការស្លាប់​របស់ សុន សេន និង​ក្រុមគ្រួសារ​បានធ្វើ​ឲ្យ តា​ម៉ុក ខឹងក្រេវក្រោធ​យ៉ាងខ្លាំង និង​បាន​ប្រមូល​កម្លាំង​ស្មោះស្ម័គ្រ​នឹង​ខ្លួន​វាយ​ទៅលើ ប៉ុល ពត វិញ​។ នៅ​អំឡុង​ពេលនោះ តា​ម៉ុក បាន​ឃោសនា​ឲ្យ​មានការ​ប្រឆាំងនឹង​ការដឹកនាំ​របស់ ប៉ុល ពត និង​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​។ ឆ្លើយតប​ទៅនឹង​ការឃោសនា​នេះ ប៉ុល ពត បាន​វាយប្រហារ តា​ម៉ុក និង​កងកម្លាំង​របស់ តា​ម៉ុក តាម​វិទ្យុ ដោយបាន​ចោទថា ក្បត់ជាតិ​។
​ខៀវ សំផន ក៏បាន​ចូលរួម​ក្នុង​ជម្លោះ​នោះដែរ​។ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​១៩៩៧ ខៀវ សំផន បាន​អាន​សេចក្តីប្រកាស​របស់ ប៉ុល ពត តាម​វិទ្យុ​ដោយបាន​ចោទប្រកាន់ សុន សេន ថា​ក្បត់​នឹង​ចលនា និង​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល នៅ​ទីក្រុង​ភ្នំពេញ​។

​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​រយៈពេល​៥​ថ្ងៃ ប៉ុល ពត​, នួន ជា​, ខៀវ សំផន ក៏បាន​រត់គេចខ្លួន​ពី​កងកម្លាំង​របស់ តា​ម៉ុក​។ នៅ​ទីបញ្ចប់ ប៉ុល ពត ត្រូវបាន​យោធា​របស់ តា​ម៉ុក ចាប់ខ្លួន​ពី​កន្លែង​លាក់ខ្លួន​នៅក្នុង​រូងភ្នំ និង​សែង​ត្រឡប់មកវិញ​។ នួន ជា និង ខៀវ សំផន បាន​ដើរ​ដោយ​ថ្មើរជើង​។ នួន ជា និង ខៀវ សំផន បាន​យំ​នៅពេល​ដើរ​តាមផ្លូវ​ត្រឡប់មកវិញ ព្រោះ​ខ្លាច តា​ម៉ុក សម្លាប់ចោល​។ ក្រោយមក​អ្នក​ទាំងពីរ​ត្រូវបាន​ដោះលែង​វិញ លើកលែងតែ ប៉ុល ពត និង​មេបញ្ជាការ​យោធា​មួយចំនួនទៀត ត្រូវបាន​បញ្ជូនទៅ​ឃុំឃាំង​ក្បែរ​ច្រកព្រំដែន​ជាំ​ស្រ​ងុំ​ា​។ ដោយសារ​គ្មាន​កន្លែង​ត្រូវ​ទៅ នួន ជា និង ខៀវ សំផន បាន​បន្ត​រស់នៅ​ជាមួយ តា​ម៉ុក​។

​មួយរយៈ​ក្រោយមក​មេ​បញ្ជា​យោធា​របស់ តា​ម៉ុក មួយក្រុម​បានរៀបចំ​ផែនការ​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នៅ​ភ្នំពេញ ជាសម្ងាត់​ដោយ​មិន​ឲ្យ តា​ម៉ុក ដឹង​ឡើយ​។ មេបញ្ជាការ​ខ្មែរក្រហម​ទាំងនោះ​បានស្នើ​សុំ​បី​ចំណុច​ទៅ​សម្តេច ហ៊ុន សែន គឺ ទី​១) សិទ្ធិ​រស់នៅ​ជា​ប្រជាជន​សាមញ្ញ ទី​២) សិទ្ធិ​ក្នុងការ​កាន់កាប់​កម្មសិទ្ធិ​ឯកជន និង​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​រដ្ឋបាល​ក្នុង​តំបន់ និង ទី​៣) សិទ្ធិ​ក្នុងការ​ទទួលបាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​នៅក្នុង​តំបន់​ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង​។

​បន្ទាប់មក​ការ​វាយ​ប្រយុទ្ធ​គ្នា​មួយ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៩៧ រវាង​ក្រុម​ដែល​រៀបចំ​ផ្តាច់ខ្លួន និង​កម្លាំង​ដែល​ស្មោះត្រង់​ជាមួយ តា​ម៉ុក​។ ការប្រយុទ្ធ​គ្នា​បាន​បន្ត​រហូតដល់​ខែមីនា ឆ្នាំ​១៩៩៨ តា​ម៉ុក ក៏បាន​ដឹកនាំ​កងទ័ព និង​មេដឹកនាំ​ខ្មែរក្រហម រួមមាន នួន ជា ខៀវ សំផន និង ប៉ុល ពត ឆ្លង​ចូលទៅ​ដី​ថៃ​។

​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៩៨ កងទ័ព​របស់ តា​ម៉ុក បាន​វាយ​ដណ្តើម​អន្លង់វែង​វិញ ប៉ុន្តែ​មិនយូរប៉ុន្មាន​កងទ័ពរ​បស់ តា​ម៉ុក ត្រូវបាន​បណ្តេញ​ចេញពី​អន្លង់វែង ដោយ​កង​កម្លាំងយោធា​ខ្មែរក្រហម​ដែល​ផ្តាច់ខ្លួន រួម​នឹង​កងយោធពល​ខេរ​ភូមិន្ទ​។​

​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​១៩៩៨ ភាគី​ទាំងសងខាង​បាន​ឈានដល់​ការព្រមព្រៀង​គ្នា​បញ្ចប់​ជម្លោះ និង​រំលាយ​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេសសល់​។ ចំណែក តា​ម៉ុក ក៏​យល់ព្រម​ចុះចាញ់ និង​អនុញ្ញាត​ឲ្យ​កងទ័ព និង​ប្រជាជន​ទាំងអស់​ចុះ​ពីលើ​ភ្នំ​។

​រហូតមកដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៩៨ នួន ជា និង ខៀវ សំផន ក៏បាន​យល់ព្រម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ៥​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ដដែល នួន ជា និង ខៀវ សំផន បាន​ឡើង​មកជួប និង​ទទួលបាន​ការស្វាគមន៍​ពីស​ម្តេច ហ៊ុន សែន យ៉ាង​កក់ក្តៅ​នៅ​ភូមិគ្រឹះ​របស់​សម្តេច​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ បន្ទាប់ពី​ការចុះ​ចូល នួន ជា និង ខៀវ សំផន ត្រូវបាន​អនុញ្ញាត​ឲ្យ​រស់នៅ​ដោយ​សេរី​នៅ​ប៉ៃលិន​។ ការចុះ​ចូល​របស់ នួន ជា និង ខៀវ សំផន គឺជា​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ហើយ​ពិធី​សមាហរណកម្ម​ជា​ផ្លូវការ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុក​អន្លង់វែង នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ ក្រោម​អធិបតីភាព​របស់​សហ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឯកឧត្តម ទៀ បាញ់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរី​រ័ត្ន​។

​នួន ជា និង ខៀវ សំផន បានរស់នៅ​ប៉ៃលិន រហូត​ត្រូវបាន​ចាប់ខ្លួន​យកមក​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ឆ្នាំ​២០០៧ ជាមួយ​បទចោទប្រកាន់​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជាច្រើន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩)​។ បន្ទាប់ពី​ចំណាយពេល​១១​ឆ្នាំ ក្នុងការ​ជំនុំ​ជម្រះក្តី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានសម្រេច​ចោទប្រកាន់ នួន ជា និង ខៀវ សំផន ស្តី​ពីបទ​ប្រព្រឹត្ត ១)​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ២)​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ៣) ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​បាន​ផ្តន្ទាទោស​អ្នក​ទាំងពីរ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​៕

រូប​ឈរ​ជួរ​ខាងមុខ​រាប់​ពីស្តាំ ៖ ខៀវ សំផន អតីត​គណៈ​ប្រធាន​រដ្ឋ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩) និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន ទទួល​គណៈប្រតិភូ​បរទេស នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិចិនតុង​
រូប​ឈរ​ខាងមុខ​រាប់​ពីស្តាំ ៖ នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន និង ខៀវ សំផន អតីត​គណៈ​ប្រធាន​រដ្ឋ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩)​។​
កងកម្លាំង​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ប្រមាណ​ជិត​ពីរពាន់​នាក់​នៅ​ស្រុក​អន្លង់វែង បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ ក្រោម​អធិបតីភាព​របស់​សហ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឯកឧត្តម ទៀ បាញ់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរី​រ័ត្ន​។​