ខួប​៤០​ឆ្នាំ​នៃ​ជ័យជម្នះ ៧ មករា​ដែល​មក​នូវ​ជីវិត​និង​សមិទ្ធផល​យ៉ាង​សម្បើម​

310
ចែករម្លែក

នៅ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩​នេះ​គឺជា ជា​គម្រប់​ខួប ៤០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត និង​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កម្ពុជា​។ ទិវា​ជ័យជម្នះ ៧ មករា ត្រូវបាន​ប្រជាជន​យើង​ទូទាំងប្រទេស ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​មហា គុណូបការៈ​នៃ​ជ័យជម្នះ ជា​ប្រវត្តិសាស្ត្រ​នេះ​។

​សមិទ្ធផល​ធំៗ ដែល​ប្រជាជន​កម្ពុជា សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល ៤០​ឆ្នាំ មកនេះ មាន​ច្រើន​រាប់មិនអស់ មាន​ជាអាទិ៍ ការស្តារ​កសាង និង​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជាពិសេស សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ដែល​បានមកពី​ការបូជា​សាច់​ស្រស់ ឈាម​ស្រស់ របស់​ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​យើង​ច្រើន​ឥត​គណនា ប្រកបដោយ វីរភាព​ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ និង​ការពារ​ការ​រស់​ឡើងវិញ របស់​ប្រជាជាតិ រហូត​ឈានដល់​ការបញ្ចប់​បាន​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។

​ក្នុង​រយៈពេល ៤០​ឆ្នាំនេះ ជាមួយនឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាជន​យើង​ពិតជា មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​កើតឡើង​ពី​ការខិតខំ ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា​ក្នុងការ​ស្តារ និង​កសាង​ប្រទេសជាតិ​មួយ​ដែល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី អស់​នៅសល់តែ​គំនរ​ផេះផង់​ឲ្យ​ក្លាយទៅជា​ទឹកដី​មួយ ដែលមាន​ការរីកចម្រើន​រស់​រវើក និង​ស្រស់ បំព្រង​ដូច​សព្វថ្ងៃ ហើយ​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់ ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង ។

​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ទាំងនោះ រួមមាន ១-​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ ពូជសាសន៍​អាច​វិលត្រឡប់​មកវិញ​បាន ការពារ​ការ​រស​ឡើងវិញ របស់​ជាតិ និង​ប្រជាជន​។ ២-​ដណ្តើមបាន​មកវិញ​នូវ​សិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប​ប្រល័យពូជសាសន៍​។ ៣-​សម្រេចបាន​ជោគជ័យ​ក្នុងការ​បង្រួបបង្រួម​ជាតិ​។ ៤-​នយោបាយ ឈ្នះ ឈ្នះ​បាន​នាំមក​នូវ​សន្តិភាព ពេញលេញ និង​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង ចាប់ពី​ចុងឆ្នាំ​១៩៩៨​។ ៥-​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​បាន​រឹងមាំ ការពារ​យ៉ាង​គត់មត់​នូវ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​។ ៦-​ស្តារ​សេដ្ឋកិច្ច សង្គម​ចាប់ពី​លេខ​សូន្យ​ឲ្យ​មានការ​ប្រែប្រួល​រីកចម្រើន ជា​ជំហានៗ និង​ឈាន​មកដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់ ប្រជាជន​ត្រូវបាន​កែលម្អ លើកកម្ពស់​ជា​បន្តបន្ទាប់​ទាំង​ខាង​សម្ភារៈ និង​ស្មារតី​។ ៧-​ស្តារ និង​លើកស្ទួយ​ឡើងវិញ​នូវ​កិត្តិយស និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ មាន​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​។​

​សរុបមក ជ័យជម្នះ ៧ មករា ជា​ប្រវត្តិសាស្ត្រ មាន​អត្ថន័យ​យ៉ាង​ធំធេង និង​ជ្រាលជ្រៅ​បំផុត​សម្រាប់ ការ​ស្ថិត​ស្ថិរ​គង់វង្ស និង​រីកចម្រើន​របស់​ជាតិ​យើង​មកដល់​បច្ចុប្បន្ន ក៏​ដូចតទៅ​អនាគត​យូរអង្វែង​។ ស្មារតី ៧ មករា គឺ​សាមគ្គីភាព វីរភាព និង​ជ័យជម្នះ ។ ស្មារតី ៧ មករា ស្ថិតស្ថេរ​ជានិច្ច​ក្នុង ដួងវិញ្ញាណ​របស់​ប្រជាជាតិ​យើង​ម្នាក់ៗ ដែល​បាន​ប្រែក្លាយជា​កម្លាំង​ពិត​ដ៏​ខ្លាំងក្លា ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​កម្ពុជា​ឲ្យ​សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។​

​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងអស់ លើ​គ្រប់​វិស័យ ដែល​ប្រជាជន​កម្ពុជា​សម្រេចបាន​រយៈពេល ៤០​ឆ្នាំនេះ គឺជា​សក្ខីភាព​ជាក់ស្តែង​ដែល​បញ្ជាក់​ច្បាស់​ថា ជាមួយនឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ទៅមុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ​ហើយ​កាន់តែ​ពង្រីក​បាន​នូវ​ភាព អំណោយផល​ឱ្យ​ប្រជាជន​យើង​បន្ត​ឈានទៅ​សម្រេច​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ ។ ប្រការនេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ច្បាស់​នូវ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា គ្រប់​ស្រទាប់ គ្រប់​ជនជាតិ និង​គ្រប់​ជំនឿ​សាសនា​, មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់​ឤ​វុ​ធ និង​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​នានា​ក្នុង​សាមគ្គី​ភាពជា​ធ្លុង​មួយ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ប្រទេសជាតិ ក៏ដូចជា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះសរ​ពី​សំណាក់​បណ្តា​ប្រទេស ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍​អន្តរជាតិ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​កម្ពុជា ។ ព្រម​ជាមួយនេះ គប្បី​ចងចាំ​ថា រាល់​សមិទ្ធផល​ដែល​យើង​សម្រេចបាន គឺ​បានមក​ដោយ​ផ្តើម​ពី​ការយក​ឤ​យុ​ជីវិត ធ្វើជា​ដើមទុន និង​ពី​ពលិកម្ម​ដ៏​ធំធេង​មិន​ឤ​ច​កាត់ថ្លៃ​បាន​របស់​ថ្នាក់ដឹកនាំ​, យុទ្ធជន​, យុទ្ធ​នារី​, និង​ជនរួមជាតិ​យើង​រាប់លាន​នាក់ ។

​ឤ​ស្រ័យ​ហេតុនេះ យើងទាំងអស់គ្នា ត្រូវ​ប្តេជ្ញា​ថែរក្សា​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​ឱ្យ​គង់វង្ស ជា​រៀង​ដរាប ដោយ​មិន​អនុញ្ញាតឱ្យ​មជ្ឈដ្ឋាន​ណាមួយ​មក​បំផ្លាញ​ទៅវិញ​បាន ទោះបីជា​ត្រូវ​បង់ ដោយ​តម្លៃ​ណា​ក្តី ។ យើង​ត្រូវ​រួមគ្នា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​, សន្តិសុខ និង​ស្ថិរភាព នយោបាយ​, រួមគ្នា​ពង្រឹង​ឯកភាព​ជាតិ ហើយ​ប្តេជ្ញា​បន្ត​កសាង​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន ឆ្ពោះទៅកាន់​ចក្ខុវិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្លាយជា​អរិយ​ប្រទេស​ជឿនលឿន​មួយ​ក្នុង​តំបន់ ជា​សង្គម​ប្រកបដោយ ភាពសុខដុមរមនា និង​សេចក្តីស្រឡាញ់ ដោយ​គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម​, អំពើ​ប្រល័យ ពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ ដូចពេលមុន​ទៀត​៕ ដោយ​: ម៉េង​ឆៃ​