ខួប ៣៤​ឆ្នាំ នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​

536
ចែករម្លែក

នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នេះ គឺជា​ខួប​លើក​ទី​៣៤ ឆ្នាំ​ដែល​សម្តេច​អគ្គមហា សេនាបតី តេ​ជោ ហ៊ុន សែន បានទទួល​តំណែង​ជា “​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​” (១៤​មករា ១៩៨៥-១៤ មករា ២០១៩)​។ ប៉ុន្តែ​បើ​គិតពី​រយៈពេល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ក្នុង​រដ្ឋាភិបាល គឺ​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមាន​រយៈពេល ៤០​ឆ្នាំ​ហើយ​។​
​ ​
ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បានបញ្ចប់ សង្គ្រាម​ទាំងស្រុង នៅក្រោម​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​បង្រួបបង្រួម​ជាតិ នាំមក​នូវ សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ផ្លូវ​ស្ពាន​សាលារៀន ជាច្រើន​ផ្សេងទៀត​។​

នៅ​ថ្ងៃ​ខួប​គម្រប់​៣៤​ឆ្នាំ នៃ​ការទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ប្រវែង ៥២.៩៨៣ ម៉ែត្រ (​ជាង ៥២​គីឡូម៉ែត្រ​) ឆ្លងកាត់​រាជធានី ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៧៣ លាន​ដុល្លារ​អាម៉េរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិការ​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ គឺជា​ផ្លូវ​ដ៏​សំខាន់ ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ លើសពីនេះ​ទៀត ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​គឺជា​ការតភ្ជាប់ ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច សំខាន់ៗ​របស់​មហា​អនុតំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង​។​
​ ​
ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល ៣៤​ឆ្នាំ​មកនេះ ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ថា ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្នុង​កិច្ច​ផ្តល់ និង​រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​វិបុលភាព​ជាតិ​។​
​ ​
ជាងនេះទៅទៀត កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​ឆ្លើយតប​យ៉ាង​មាន ប្រសិទ្ធភាព​លើ​រាល់​សកម្មភាព​ទាំង​ក្រុម​ក្នុងស្រុក ក៏ដូចជា បរទេស ក្នុង​កិច្ចពង្រឹង និង​ថែរក្សា អធិបតេយ្យភាព​ជាតិ អត្តសញ្ញាណ​ជាតិ ព្រមទាំង​ក្តាប់បាន​គ្រប់​ជ្រុងជ្រោយ ដែល​អាច​បង្ក និង​ថែរក្សា​មោទនភាព​ជាតិ​។​
​ ​
ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ជ្រើស​តាំងពី​ការបោះឆ្នោត និង​ការគាំទ្រ ផ្តល់​សេចក្តី ទុកចិត្ត​របស់​សភា ក៏ដូចជា​ព្រះមហាក្សត្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ដឹកនាំ​កម្ពុជា អស់ពី​កម្លាំងកាយ​ចិត្ត ពិសេស​ក្នុង​អតីតកាល គឺ​សម្តេច​តេ​ជោ ហ៊ុនសែន នេះឯង ដែល​បាន​យក ជីវិត​ជាដើម​ទុន ដើម្បី​សង្គ្រោះ​ប្រជាជន​កម្ពុជា ចេញពី​របប​វាលពិឃាត ប្រល័យពូជសាសន៍ ប៉ុលពត ដោយ​សម្តេច​រត់​ភៀសខ្លួន​ទាំង​គ្រោះថ្នាក់ ទៅសុំ​ជំនួយ​ពី​វៀតណាម ដើម្បី​វាយ​ផ្តួលរំលំ របប​ខ្មែរក្រហម រហូតដល់​ទទួល​ជ័យជម្នះ នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​
​ ​
បន្តម​កទៀត ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​ដឹកនាំ​កម្ពុជា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ គឺ​ដៃ​ម្ខាង​ដឹកនាំ អភិវឌ្ឍន៍​ប្រទេស ដែល​ងើប​ពី​បាត​ដៃទទេ រីឯ​ដៃ​ម្ខាង​ទៀត ទប់​ទល់នឹង​ការប៉ុនប៉ង​វិលត្រឡប់​របស់​ក្រុម ខ្មែរក្រហម​។​
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្នះ​ឧ​ប​ស័គ្គ​ផ្ទៃក្នុង​បក្ស​ជាថ្មីទៀត ដើម្បី​ដឹកនាំ​កម្ពុជា ចេញពី​ទី ផ្សារ​ផែនការ​ហើយ​នៅ​ឆ្នាំ​១៩៨៧ សម្តេច​តេ​ជោ​ក៏បាន​បើក​ការចរចា​ជាមួយ សម្តេចព្រះ នរោត្តម​សីហនុ ទាំង​ផ្ទៃក្នុង​បក្ស​មួយចំនួន ហាក់​មិន​គាំទ្រ​សម្តេច​។ ប៉ុន្តែ​ដោយសារតែ មាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ដើម្បី​ខ្មែរ ឈប់​បង្ហូរឈាម​គ្នា​តទៅទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពុះពារ​គ្រប់​ឧ​ប​ស័គ្គ​ទាំងឡាយ រហូតដល់​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១​។​
​ ​
ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ មិនបាន​បញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​នោះទេ​។ ពោលគឺ ខ្មែរក្រហម មិនត្រូវ​បាន​រំសាយ​អង្គការ​ចាត់តាំង​នៅឡើយ​។ ក្រុមខ្មែរក្រហម បន្តកាន់កាប់​ទឹក ដី​កម្ពុជា នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា ប៉ៃលិន បាត់ដំបង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាដើម​។

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​ជីវិត ធ្វើ​ដើមទុន​ជាថ្មីទៀត ដោយ​សម្តេច ចូលទៅ​កាន់​តំបន់​ខ្មែរក្រហម​កាន់កាប់​នៅ​ប៉ៃលិន និង​នៅ​សំឡូត ជាដើម ដើម្បី​ប្រកាស​កងទ័ព ខ្មែរក្រហម ធ្វើ​សមាហរណកម្ម ក្នុង​ជួរ​រាជរដ្ឋាភិបាល​។ ក្នុងនោះ​រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើប​អង្គការ​ចាត់តាំង​ខ្មែរក្រហម ត្រូវបាន​រំលាយ​ទាំងស្រុង ដោយសារតែ​ខៀវ​សំផន អៀង​សារី នួន​ជា បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច​នៅ​តាខ្មៅ ខេត្តកណ្តាល​។ នេះ​ជា​ជោគ ជ័យ​នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​ដែល​បញ្ចប់​អង្គ​ការចាត់​តាំងរបស់​ខ្មែរ ក្រហម នាំ​សុខសន្តិភាព​ពេញលេញ​ដល់​កម្ពុជា​។​
​ ​
ក្រោយពី​រំលាយ​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម ដោយ​ជោគជ័យ តាមរយៈ​នយោបាយ ឈ្នះ​ឈ្នះ រួចមក សម្តេច​តេ​ជោ ហ៊ុន សែន មានឱកាស​ពេញលេញ​ក្នុង​ការងារ​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​។ ផ្លូវជាតិ ផ្លូវលំ ស្ពាន សាលារៀន និង​វត្ត​អារាម​ជាច្រើន ត្រូវបាន​សាងសង់ឡើង ជា​បន្តបន្ទាប់​។ ជីវភាព​ប្រជាជន ពិសេស​អ្នក​នៅ​ជនបទ ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ តាម​ស្រុក ស្រែចម្ការ​មកដល់ពេលនេះ ប្តូរ​ពី​រទេះគោ មកជា​គោយន្ត ប្តូរ​ពី​កង់ មកជា​ម៉ូតូ និង​ឡាន​ស្ទើរ គ្រប់​ផ្ទះ​។ ផ្លូវថ្នល់ ដែល​ពីមុន ជា​ផ្លូវដី លំបាក​ធ្វើដំណើរ តែ​ពេលនេះ បានប្រែក្លាយ​ជា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ​។ ក្នុងនោះ ឆ្លងទន្លេ​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​ប្រើ​ទូកដ ឬ​សាឡាង តែ​ពេលនេះ ប្រែក្លាយជា​ស្ពានថ្ម ចង់​ឆ្លង និង​ដឹកជញ្ជូន​ទំនិញ ផលិតផល​កសិកម្ម នៅ​ម៉ោង​ណា​ក៏បាន ហើយ​មិន​ប្រថុយ​នឹង​គ្រោះថ្នាក់​ទៀតឡើយ​។​

​នៅ​ទូទាំងប្រទេស ពិសេស​នៅ​ភ្នំពេញ អគារ​ខ្ពស់ៗ ស្ពាន​អាកាស ត្រូវបាន​សាងសង់ឡើង យ៉ាង​ស្អេកស្កះ ហើយ​អ្នកវិនិយោគ​បរទេស និង​អ្នកវិនិយោគ​កម្ពុជា មិន​ស្ទាក់ស្ទើរ​ក្នុង​ការបោះ ទុនវិនិយោគ​នៅ​កម្ពុជា​នោះទេ ពិសេស​លើ​វិស័យ​អចលនទ្រព្យ សំណង់​អគារ​ខ្ពស់ៗ​ដ៏​ច្រើន​។ នៅមាន​សមិទ្ធផល​ច្រើន​វិស័យ​ទៀត ដែល​យើង​រាប់មិនអស់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​
​ ​
ថ្មីៗ​នេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​នូវ​ជំហរ មិន​អោនក្បាល​ចំពោះ​បរទេស ជា​ថ្នូរ​នឹង​ជំនួយ​នោះទេ​។ ចំពោះ​ការប្រកាស​ព្រមាន​របស់​បរទេស ពិសេស​សហភាព​អឺរ៉ុប ដែល​ចង់​ដាក់​ការគាបសង្កត់​សេដ្ឋកិច្ច ដោយសារតែ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង មួយ​ក្តាប់​តូច​នោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន មិន​អោនក្បាល ចុះ​ញ៉ម​ជាដាច់ខាត​។ វិធានការ​ជាច្រើន ត្រូវបាន​សម្តេច​តេ​ជោ​ប្រកាស​អនុវត្ត សម្រាប់​ពង្រឹង​ឯករាជ្យភាព​វិស័យ សេដ្ឋកិច្ច ដើម្បី​ទប់ស្កាត់​ភាព​ងាយ​រងគ្រោះ ប្រសិនបើ​សហភាព​អឺរ៉ុប ឬ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​កម្ពុជា​មែន​នោះ​។​
​ ​
សរុបមក ក្នុង​រយៈពេល ៣៤​ឆ្នាំ ជា​នាយករដ្ឋមន្ត្រី និយាយ​ដោយឡែក និង​ក្នុង​រយៈពេល ៤០​ឆ្នាំ ដែល​សម្តេច​តេ​ជោ ហ៊ុនសែន បាន​ចូលរួម និង​ដឹកនាំ​កម្ពុជា ស្គាល់​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ដូច្នេះ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ យើង​ត្រូវ​បន្ត​ចូលរួម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ ប្រទេស​កម្ពុជា​តទៅទៀត​។ បើ​មិនមាន​សន្តិភាព​ទេ កុំថាឡើយ​ការអភិវឌ្ឍ​ប្រទេស​សូម្បីតែ​សេចក្តី សុខ​ផ្ទាល់ខ្លួន ក៏​មិនអាច​កើតមាន​បានឡើយ​។ កម្ពុជា​ឆ្អែតឆ្អន់​នឹង​សង្គ្រាម និង​ការកាប់សម្លាប់ ដោយសារតែ​ការ​លូកដៃ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕ ដោយ​: ម៉េង​ឆៃ​