ខេត្តកោះកុង មាន​ស្ត្រី​ជាង​៣៤​ភាគរយ កំពុង​បម្រើ​ការងារ​ជា​រាជការ​ស៊ីវិល​

144
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ស្ត្រី​ចំនួន​៩១៩​នាក់ ស្មើនឹង​៣៤.៩៨​ភាគរយ កំពុងតែ​បម្រើ​ការងារ​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន រាប់​ចាប់ពី​អភិបាលខេត្ត​រហូតដល់​ថ្នាក់ភូមិ​។ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​នេះ មាន​ក្នុងចំណោម​មន្ត្រីរាជការ​សរុប​ចំនួន​២.៦២៧​នាក់​។​

​ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ ក្នុង​វិស័យ​មុខងារសាធារណ និង​នយោបាយ​ឆ្នាំ​២០១៩​កន្លងទៅ បាន​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ជាក់ស្តែង សម្រាប់​ខេត្តកោះកុង​រាប់​ចាប់ពី​អភិបាលខេត្ត​រហូតដល់​ថ្នាក់ភូមិ​សង្កាត់​។ ក្នុងនោះ​រួមមាន​៖ អភិបាលខេត្ត​១​រូប អភិបាលរង​ខេត្ត​១​រូប អភិបាលរងក្រុង​ស្រុក​ចំនួន​៨​រូប​លើ​២២​រូប អនុប្រធាន​មន្ទីរ​១៥​រូប សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​ភូមិ​សរុប​ជាង​១៦៩​រូប​។​

​ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២០ ខួប​លើក​ទី​១០៩ កាលពី​ថ្ងៃ​៤ ខែមីនា លោកស្រី សុខ សុធាវី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកោះកុង បាន​បញ្ជាក់ថា បច្ចុប្បន្ន​ពី​ចំនួន​ស្ត្រី​បម្រើ​ការងារ​រដ្ឋ​មាន​ច្រើន មន្ទីរ​បានធ្វើ​សកម្មភាព​ការងារ​ដោយ​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​នារីរតនៈ​ទី​៥​របស់​ក្រសួង​កិច្ចការនារី​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​អទិភាព​សំខាន់ៗ​ចំនួន​៦ គឺ​ទី​១ ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ទី​២​ការអប់រំ​ស្ត្រី ក្មេងស្រី និង​ការផ្លាស់ប្តូរ​ឥរិយាបថ ទី​៣ សុខភាព អាហារូបត្ថម្ភ សម្រាប់​ស្ត្រី និង​កុមារី និង​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ ទី​៤​កិច្ចការពារ​ផ្លូវច្បាប់ សម្រាប់​ស្ត្រី និង​កុមារី ទី​៥ ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេច និង​កា​រប​ញ្ច្រ​ប​យេនឌ័រ​ទៅក្នុង​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ទី​៦​យេនឌ័រ និង​បម្រែបម្រួល​អាកាសធាតុ ការអភិវឌ្ឍន៍​បៃតង និង​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​លោកស្រី​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត បន្ថែមថា កន្លងទៅ មន្ទីរ​បាន​អនុវត្ត​ការងារ​ផ្តោតលើ​ការពង្រឹង​សមត្ថភាព​ដ​ល់​ស្ត្រី ដោយមាន​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា​រៀបចំ​វេទិកា​សហគមន៍ ទស្សនកិច្ច​សិក្សា​ផ្សេងៗ​ជាដើម​។
​សម្រាប់​បញ្ហា​ប្រឈម ទោះបី​ជាមាន​ចំនួន​ស្ត្រី​បម្រើ​ការងារ​ច្រើន​ជា​បន្តបន្ទាប់​ក៏ពិតមែន ប៉ុន្តែ​កត្តា​ភូមិសាស្ត្រ​តាម​ភូមិ​ឃុំ​មួយចំនួន​នៅ​ឆ្ងាយ​ដាច់​ស្រ​យោល​ពេល​មាន​ប្រឈម​ចំពោះ​ស្ត្រី និង​ក្មេងស្រី​។​
​ចំណែកឯ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏បាន​លើកឡើង​ដែរ​ថា ស្ថានភាព​អ្នកទោស​ជា​ស្ត្រី សព្វថ្ងៃ ត្រូវបាន​រៀបចំ​ក្នុង​បរិយាកាស​រស់នៅ​បា​នស​មរ​ម្យ និង​ទទួលបាន​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​កាត់ដេរ​សម្លៀកបំពាក់ និង​ផ្នែក​សម្អាងការ សម្រាប់​ពួកគេ​បាន​កែប្រែ​ខ្លួន និង​មាន​ការងារ​ធ្វើ​ដូច​ពលរដ្ឋ​ដ៏​ទៃ​នៅ​ថ្ងៃ​អនាគត​។​

​លោកស្រី មិថុនា ភូ​ថង កត់សម្គាល់ថា នេះ​ជាការ​យកចិត្តទុកដាក់​ដ៏​ល្អ​មួយ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងន័យ​ជួយ​ស្តារ​សម្បទា​អ្នកទោស​ជា​ស្ត្រី​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ឡើងវិញ​។​
​ក្រោយពី​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការជំរុញឱ្យ​ព​ន្លឿ​ន​ការជំនុំជម្រះ​ក្តី​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ឱ្យបាន​ឆាប់រហ័ស រដ្ឋបាលខេត្ត និង​មន្ទីរ​កិច្ចការនារី ក៏បាន​ស៊ើបសួរ​ព័ត៌មាន​ខ្លះ​ពី​អ្នកទោស​ជា​ស្ត្រី​ផងដែរ ដើម្បី​សម្របសម្រួល​ជាមួយនឹង​តុលាការ​បើកសវនាការ​ជូន​ពលរដ្ឋ ករណី​ពុំមាន​មេធាវី គឺ​នឹង​ទំនាក់ទំនង​ទៅ​ក្រុម​មេធាវី​ស្មោះ​ចិត្ត​របស់​សម្តេច​តេ​ជោ​អន្តរាគមន៍​។​

​លោក គ្រី ប៊ុន​ថា ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង គូសបញ្ជាក់ថា អ្នកទោស​ជា​ស្ត្រី​ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​របស់លោក មាន​ចំនួន​៦៥​នាក់ ភាគច្រើន​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន ក្រៅពីនេះ​មាន​បទល្មើស​ឃាតកម្ម និង​ចោរកម្ម​។​
​ប្រធាន​ពន្ធនាគារ​ខេត្ត បន្ថែមថា ក្រុម​ស្ត្រី​ជា​អ្នកទោស គឺ​ពិតជា​ទទួលបាន​ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ​ខាង​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់ និង​ផាត់មុខ​ធ្វើ​សក់​ជាដើម​។ ចំពោះ​ការឡើង​ស​នវ​ការកាត់ក្តី ជនជាប់ចោទ អាច​សុំ​ឱ្យមាន​មេធាវី ប៉ុន្តែ​ភាគច្រើន​ក្រុមគ្រួសារ​ជនជាប់ចោទ មកសុំ​ដាក់ពាក្យ​ត្រូវការ​មេធាវី​ការពារ​ក្តី​តែម្តង​។ ហើយ​កន្លងទៅ ក៏មាន​ក្រុម​មេធាវី​សម្តេច​តេ​ជោ បានការ​ពារ​ក្តី​ជូន​អ្នក​ទេស​ជា​ស្ត្រី​បាន​២​ទៅ​៣​នាក់​ផងដែរ​។​

​លោក អ៊ុន សុវណ្ណ​ធានី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកោះកុង បង្ហាញថា តុលាការ​បាន​ជំនុំជម្រះ និង​ប្រកាស​អ្នកទោស​ជា​ស្ត្រី​បាន​ចំនួន​៤៤​ក់ (​ទណ្ឌិត និង​ពិរុទ្ធជន​) ចំពោះ​ជនជាប់ចោទ​ដែល​ត្រៀម​ព​ន្លឿ​ន​ការជំនុំជម្រះ គឺមាន​៦​នាក់​។ រីឯ​ជន​ត្រូវ​ចោទ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ​មាន​ចំនួន​១៥​នាក់​៕ ល​