ខេត្តកំពង់ចាមសល់​ស្បៀង​ជា​ស្រូវ​អង្ករ​ជាង​៣០០​ពាន់​តោន​ក្រោយពី​បញ្ចប់​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៨

948
ចែករម្លែក

​ដោយ​: គង់ ហេង / កំពង់ចាម​: ក្រោយពី​បញ្ចប់​រដូវ​ប្រមូល​ផល​ស្រូវវស្សា និង​ស្រូវប្រាំង កាលពី​ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ​២០១៨ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តកំពង់ចាម បាន​គណនា​បូកសរុប​តុល្យការ​ស្បៀង​ពី​បណ្តា​ស្រុក និង​ក្រុង​ចំនួន​១០ រកឃើញ​ស្បៀង​ជា​ស្រូវ​អង្ករ​នៅសល់​ជាង​៣០០​ពាន់​តោន នៃ​បរិមាណ​ផល​សរុប​ទាំងពីរ​រដូវ​ជាង​៥០០​ពាន់​តោន​។​

លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម និង​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ចាម ព្រមទាំង​មន្ត្រី នៃ​មន្ទីរ​នេះ​ជាច្រើនរូប​ទៀត​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​លោក គឹម សាវឿន បាន​ថ្លែង​ឲ្យ​ដឹងថា ចំនួន​ស្បៀង​នៅសល់​ខាងលើនេះ យើង​បានមកពី​ការ​កសិករ​ទូទាំង​ខេត្ត​បានបញ្ចប់​ការប្រមូល​ផល​ស្រូវ​១០០​ភាគរយ នៅលើ​ផ្ទៃដី​ស្រូវវស្សា​ទំហំ​៩១.៥៦៤​ហិកតា ផ្តល់​ទិន្នផល​សរុប​បា ន​ចំនួន​៣២១.៩៩៩​តោន គឺ​ផ្តល់​ផល​មធ្យម​ក្នុង​មួយ​ហិកតា​ជាង​បី​តោន និង​ស្រូវប្រាំង​ទំហំ​៤៣.៤៩៥,៥០​ហិកតា ផ្តល់​ទិន្នផល​សរុប​១៨២.០២៧​តោន គឺ​ផ្តល់​ផល​ជា​មធ្យម​ក្នុង​មួយ​ហិកតា​ជាង​បួន​តោន​។

​លោក​ប្រធាន​មន្ទីរ​បាន​លើកឡើងថា ជា​លទ្ធផល​សរុប​លើ​ដំណាំ​ស្រូវ​ទាំងពីរ​រដូវ​សម្រាប់​ឆ្នាំ​២០១៧-២០១៨​នេះ យើង​បានទទួល​ទិន្នផល​ស្រូវ​សរុប​ចំនួន​៥០៦.០១៤,៥០​ហិកតា​។ ក្នុងនោះ​យើង​បាន​ដក​ទុក​ស្រូវពូជ​ចំនួន​៦៥.៥២១,៨៦​តោន និង​ស្រូវ​ជា​ចំណី​ជា​ស្បៀង​ចំនួន​៤៣៨.៤៩២,៤៣​តោន​។ ដូច្នេះ​ស្បៀង​សល់​ជា​អង្ករ​ចំនួន​១៣១.០០២,៥៣​តោន និង​ជា​ស្រូវ​ចំនួន​២០៤.៦៩១,៤៥​តោន​។​

​លោក​បន្តទៀតថា ទិន្នផល​ស្រូវ​ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦-២០១៧ សរុប​ចំនួន​៤៩៤.៣៨៤​តោន​គឺ មានការ​កើនឡើង​ដោយ​ឆ្នាំនេះ អាកាសធាតុ​មាន​លក្ខណ​:​អំណោយផល​ស្ទើរ​គ្រប់​តំបន់​៕ ល​