ខេត្តកំពង់ចាម​ត្រៀមចាប់ផ្តើម​ដំណើរការ​សាងសង់​ស្ពាន​មួយទៀត​មានតម្លៃ​ជិត​៥០​លាន​ដុល្លារ​

592

(​កំពង់ចាម​)៖​ស្ពានថ្ម​ដ៏​ធំ​មួយទៀត​ដែលមាន​តម្លៃ​ជិត​៥០​លាន​ដុល្លារ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​និង​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រវែង​ជាង​មួយ​គីឡូម៉ែត្រ​នោះបាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​ដែល​នឹងត្រូវ​ចំណាយពេល​វេលា​បី​ឆ្នាំ​។​

លោក​ឃួ​យ​ហាក់​សុវណ្ណ​ថេត​ប្រធានការិយាល័យ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹងថា​នៅពេលនេះ​ខាង​ក្រុមហ៊ុន​ចិន​ឈ្មោះ​”​ស៊ា​ង​ហៃ​”​បាន​ដំណើរការ​ឈួ​ស​ឆាយ​សង់​កន្លែង​ស្នាក់នៅ​របស់​កម្មករ​និង​ផ្ទុក​សម្ភារ​:​សំណង់​នឹង​ឈានទៅ​សម្ពោធ​បើក​ការដ្ឋាន​ជា​ផ្លូវការ​នៅពេល​ខាងមុខ​។​ស្ពាន​នេះ​ឆ្លងកាត់​ទន្លេមេគង្គ​ដោយ​ត្រើយ​ខាងលិច​ជាប់​ភូមិ​បឹង​ដែង​និង​ភូមិ​មាឃ​បី​ឃុំ​ព្រែកកក់​ស្រុក​ស្ទឹងត្រង់​។​ចំណែក​ត្រើយ​ខាងកើត​គឺជា​ប់​ភូមិ​ក្តុល​លើ​និង​ភូមិ​ទ្រា​ទី​១​ឃុំ​ទ្រា​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​។

​លោក​បន្តថា​ស្ពាន​ឆ្លងទន្លេ​មួយ​នេះ​ជា​ជំនួយ​របស់​ប្រទេស​ចិន​មាន​ដែលមាន​តម្លៃ​ប្រមាណ​៤៧​លាន​ដុល្លារ​។​ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង​១.១៣៦​ម៉ែត្រ​និង​ទទឹង​ទំហំ​ស្ពាន​ប្រវែង​១៣​ម៉ែត្រ​ដែល​នឹងត្រូវ​ប្រើប្រាស់​ថេរវេលា​នៃ​ការសាងសង់​ចំនួន​៤២​ខែ​គិត​ចាប់ពី​ដើមឆ្នាំ​២០១៨​។​ប៉ុន្តែ​ស្ពាន​នេះ​គឺ​នៅ​មិនទាន់​មានឈ្មោះ​នៅឡើយ​ទេ​។​

​លោក​កែវ​នា​ឬ​ទ្ធិ​អភិបាលរង​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដ៍​ធំ​មួយ​នេះ​គឺមាន​សារសំខាន់​ខ្លាំងណាស់​។​ក្រៅពី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​មិនបាច់​បង់ប្រាក់​ដូច​កាល​ជិះ​ទូកដ​និង​ឆ្លង​សាឡាង​នោះ​គឺ​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​សម្រាប់​ដោះដូរ​ទំនិញ​ឆ្លង​កាត​ច្រក​ចំនួន​៤​។​ក្នុងនោះ​មាន​ទី​១​ខេត្តកំពង់ចាម​,​ទី​២​ខេត្តក្រចេះ​,​ទី​៣​ខេត្តស្ទឹងត្រែង​និង​ទី​៤​ខេត្ត​របស់​ប្រទេស​ឡាវ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ស្ពានបេតុង​ដែល​ត​ភ្ជាប់​រវាង​ទឹកដី​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​និង​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​នេះ​នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្នុង​រង្វង់​ខែមករា​ឆ្នាំ​២០១៨​នេះ​ដោយ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

កន្លងមក​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ក៏ដូចជា​អ្នកដំណើរ​ពី​តាម​បណ្តា​ខេត្ត​ដទៃទៀត​តែង​ធ្វើដំណើរ​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​នោះ​គឺ​ចាំបាច់​ត្រូវ​ជិះទូក​ដដែល​ទទួល​ម៉ៅការ​ពី​ក្រុមហ៊ុន​ឯកជន​បណ្តាល​ឲ្យ​មានការ​រ​អ៊ួ​រទាំ​ដោយសារ​អ្នកម៉ៅការ​អនុវត្ត​មិន​គោរព​តាម​សៀវភៅ​បន្ទុក​។​ប៉ុន្តែ​ក្រោយមក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេចយក​សាឡាង​ពី​អ្នក​លឿង​មក​ដាក់​ឲ្យ​ដំណើរ​ដោយ​ការអនុវត្ត​យក​តម្លៃ​សេវា​ឆ្លងកាត់​គោរព​តាម​សៀវភៅ​បន្ទុក​រយ​:​ពេល​ជាង​៣​ឆ្នាំ​មកហើយ​។​

​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​ស្ពាន​ធំៗ​ចំនួន​ពីរ​ហើយ​ដែល​ឆ្លងកាត់​ទន្លេមេគង្គ​គឺ​”​ស្ពាន​គី​ហ្ស៊ូ​ណា​”​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​បានដាក់​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន​ឆ្នាំ​ហើយ​និង​មួយទៀត​”​ស្ពាន​កោះ​មិត្ត​ហៅ​ស្ពាន​កោះ​ប៉ែន​”​ថវិកា​ចំណាយ​របស់​ជាតិ​កំពុង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​បច្ចុប្បន្ននេះ​៕S/ ដោយ​:​គង់​ហេង​