ខេត្តកំពង់ឆ្នាំង​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ជាប់​២.៦៩៦​នាក់​និទ្ទេស​A​៦​នាក់​ស្មើ​ជាង​៦២​ភាគរយ​

127
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​។​នៅ​មណ្ឌល​ប្រឡង​ទាំង​៨​ក្នុង​ខេត្តកំពង់ឆ្នាំង​គេ​សង្កេតឃើញ​មាន​បេក្ខជន​ជាច្រើន​បានមក​ពិនិត្យមើល​លទ្ធ​របស់ខ្លួន ។​

​ចំពោះ​សិស្ស​ដែល​បានមក​ពិនិត្យមើល​លទ្ធផល​បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​និង​រំភើបចិត្ត​យ៉ាង​ក្រៃលែង​ដែល​បានបង្ហាញ​ពី​សមត្ថភាព​ពិត​។​ក្រោម​ការ​រឹតបន្តឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​អាច​រកឃើញ​នូវ​គុណភាព​ពិតប្រាកដ​។​សិស្ស​ទាំងអស់​បានបញ្ជាក់​ទាំង​ចិត្ត​រំភើប​ថា​លទ្ធផល​ដែល​បាន​នា​ថ្ងៃនេះ​បើ​គ្មាន​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ​។​ការយកចិត្តទុកដាក់​បង្ហាត់បង្រៀន​និង​ដាស់តឿន​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​នោះទេ មិន​អាចមាន​ផ្លែផ្កា​នាពេល​នេះឡើយ ។​

​លោក​ស៊ឹម​ប្រឹម​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​១៩​សីហា​ឆ្នាំ​២០១៩​នេះ​សិស្ស​មក​ប្រឡង​មាន​ចំនួន​៤.៣២២​នាក់​។​ប្រឡង​ជាប់ ២.៦៩៦​នាក់ ស្រី​នួន​១ ៥៧០​នាក់ ស្មើនឹង​៦២,៣៨​ភាគរយ ។​ក្នុងនោះ​និទ្ទេស​A ចំនួន​៦​នាក់​ស្រី​៣​នាក់​និទ្ទេស​B​ចំនួន​៤១​នាក់ ស្រី​២៣​នាក់ និទ្ទេស​C ចំនួន​១៥៤​នាក់​ស្រី​៩៤​នាក់ និទ្ទេស​D​ចំនួន​៤៣២​នាក់ ស្រី​២៦៣​នាក់​និង​និទ្ទេស​E​ចំនួន​២០៣៦​នាក់​ស្រី​១.១៨៧​នាក់ ។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៩​នេះ​បេក្ខជន​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៤.៤៩៧​នាក់​ស្រី​ចំនួន​២៣៥៨​នាក់​។​បានរៀបចំ​មណ្ឌល​ប្រឡង​មាន​ចំនួន​៨​មណ្ឌល​បន្ទប់​ចំនួន​១៨១​បន្ទប់​ដោយបាន​ចែកចេញ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​២​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​៦​មណ្ឌល​៕S/​

#