ខេត្តកំពង់ឆ្នាំង​មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ពិធី​ដង្ហែ​ក្បួន​ដ៏​ធំ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនា​ការឃោសនា​

900
ចែករម្លែក

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​២៧ ខែកក្កដា​នេះ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត នៅ​ខេត្តកំពង់ឆ្នាំង គេ​សង្កេតឃើញ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ដែល​បានធ្វើ​ពិធី​ដង្ហែរ​ក្បួន​ដ៌​ធំ​នៅ​ទូទាំង​ខេត្ត​តែម្តង​។​

​ការ​ដង្ហែ​ក្បួន​ឃោសនា​ដ៏​ធំ​នេះ បើតាម​គម្រោង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​រថយន្ត ចំនួន​៦៨៨ គ្រឿង ម៉ូតូ​ចំនួន​៧ ៩០៧​គ្រឿង គោយន្ត​ចំនួន​២១៧​គ្រឿង កា​រណូត​ចំនួន​១៥២​គ្រឿង រឺ​ម៉ក​ចំនួន​២៧​គ្រឿង ក្រុម​ឆៃយ៉ាំ​ចំនួន​២៤​ក្រុម តន្ត្រីសម័យ​ចំនួន​១០​ក្រុម និង​មាន​សមាជិក​សមាជិការ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​នេះ មាន​ចំនួន​៥៤.២៨៩​នាក់​។​

​នៅក្នុង​ក្រុង​កំពង់ឆ្នាំង សមាជិក សមាជិការ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៧ ៥៦៧​នាក់​បាន​ទៅ​ជួបជុំគ្នា​សួនច្បារ​វិមានឯករាជ្យ ហើយ​ក្បួន​រថយន្ត​និង​ម៉ូតូ ដែល​ក្បួន​ទីមួយ ចេញដំណើរ​ពី​សួនច្បារ​ដើម​ពោធិ​ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្បួន​ទី​ពីរ​ចេញពី​ទីលាន​បាល់ទាត់​ខាងមុខ​សាលាខេត្ត ក្នុង​សង្កាត់​ប្អេ​រ និង ក្បួន​ទី​បី​ចេញពី​សួន​ដំរី​ស ក្នុង​សង្កាត់​កំពង់ឆ្នាំង​។​
​ក្បួន​រថយន្ត​និង​ម៉ូតូ​បាន​ដង្ហែរ​នៅតាម​ដងផ្លូវ​នានា ចាប់ពី​ម៉ោ​ជាង​៨ រហូតដល់​ម៉ោង​១០​ន​ព្រឹក​។​

​នៅ​គ្រប់​ផ្លូវ​ទាំងអស់ ក្នុង​ទី​រួម​ខេត្តកំពង់ឆ្នាំង ផ្ទុក​ពេញ​ទៅដោយ​ក្បួន​រថយន្ត ម៉ូតូ និង សំឡេង​ស្រែក​ជ័យ​ឃោស ឡើង​កងរំពង ប្រជាពលរដ្ឋ ពិសេស​គឺ​យុវជន យុវនារី និង កុមារា កុមារី បាន​កាន់​ទង់ជាតិ និង ទង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​គ្រវី​នៅ​អម​សងខាង​ផ្លូវ និង បាន​ជួយ​ស្រែក​បន្ទរ ជយោ គណបក្ស​ប្រជាជន កម្ពុជា​។ នៅលើ​វិមានឯករាជ្យ គេ​សង្កេតឃើញ​វត្តមាន សម្តេច​ចៅ​វា​ហ្វាំ​ង​គង់ សំអុល លោក អ៊ុក រ៉ាប៊ុន លោក​គុយ សុផល លោកស្រី​ជូ ប៊ុន​អេង និង មន្ត្រី​សំខាន់ៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយចំនួនទៀត នៅ​ឈរ​គ្រវីទង់ជាតិ ទង់បក្ស លើកទឹកចិត្ត ដល់​សមាជិក​សមាជិកា​រ ក្នុង​ក្បួន​យុទ្ធនា​ការឃោសនា​ដ៏​ធំ​ក្នុង​ថ្ងៃ​បញ្ចប់ នៃ​យុទ្ធនា​ការឃោសនា​នេះ​។​

​សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានស្រុក​ចំនួន​៧​និង​ក្រុង​១ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីរ​បោះឆ្នោត​ចំនួន ៣១០.៩៥៦​នាក់ និង មាន​អាសនៈ​ចំនួន​៤ ក្នុង​រដ្ឋសភា​៕ ល​