ខេត្តកំពង់ឆ្នាំង នឹង​ប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ ខណៈ​ទើប​ដាក់​សម្ពោធ​ជា​ផ្លូវការ​ស្ថានីយ​ចំណតរថយន្ត​ថ្មី​កម្ពុជា​-​ជប៉ុន

1590
ចែករម្លែក
  • 100
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ខណៈដែល​ស្ថានីយ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តកំពង់ឆ្នាំង ទើប​ប្រកាស​បើក សម្ពោធ​ជា​ផ្លូវការ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញ​ជំនឿ​ថា វត្តមាន​ថ្មី​នេះ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត ព្រមទាំង​បង្កើត​មុខរបរ និង​ប្រាក់ចំណូល​បន្ថែម​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​។

ការលើកឡើង​ដូច្នេះ​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ឡើង​ក្នុង​ពិធី ប្រគល់​-​ទទួល និង​សម្ពោធ​ស្ថានីយ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តកំពង់ឆ្នាំង និង​ទិវា​ជាតិ​លើក កម្ពស់​ការប្រើប្រាស់​ផលិតផល ខ្មែរ​លើក​ទី​១ នៃ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​នេះ ដែល​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ និង​លោក ហ៊ិ​ដេ​ហិ​សា ហូ​រី​នូ​ឈិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ នៅ​កម្ពុជា​។​

​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​បន្តថា ស្ថានីយ​ថ្មី​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​វិស័យ ទេសចរណ៍ តាមរយៈ​ការបម្រើ​សេវាកម្ម​ម្ហូបអាហារ ការលក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ផលិតផល​ប្រចាំ​ភូមិ​/​តំបន់ ថែមទៀត ស្រប​ពេលដែល​គម្រោង​ពង្រីក​ជាតិ​លេខ​៥ របស់​រដ្ឋាភិបាល​ឲ្យ​ក្លាយជា​ផ្លូវ​ដ៏​ធំ​ក្នុង​តំបន់​អាស៊ាន​សំដៅ​បម្រើ វិស័យ​ទេសចរណ៍ និង​សម្រួល​ពាណិជ្ជកម្ម​។​

​ទន្ទឹមនេះ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ ទាំងអស់​ចូលរួម​ថែរក្សា​សម្ភារៈ​បរិក្ខារ​និង​បរិស្ថាន​នៅក្នុង​ស្ថានីយ​ឲ្យ​បានល្អ និង​បាន​សំណូមពរ​ដល់​អាជ្ញាធរ ខេត្ត​គ្រប់​លំដាប់ថ្នាក់ ជួយ​សហការ​គ្រប់គ្រង​សន្តិសុខ និង​ថែរក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ ជាតិ ដើម្បី​ថ្លែងអំណរគុណ​និង​ផ្តល់​កម្លាំងចិត្ត​ដល់​ប្រទេស​ជប៉ុន​ដែលជា​ម្ចាស់ជំនួយ​។​

​គួរ​បញ្ជាក់ថា ស្ថានីយ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តកំពង់ឆ្នាំង គឺជា​សមិទ្ធផល​ទី​២ ដែល ត្រូវបាន​សាងសង់​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ មូលនិធិ​សមាណ​ហ​រណកម្ម​ជប៉ុន​-​អាស៊ាន (JAIF) និង​មានការ​ចូលរួម​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ មូល​ធិ​និ JAIF ត្រូវបាន​បង្កើតឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន ក្នុង​ឆ្នាំ​២០០៧ ដើម្បី​ជួយ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និង​សម្របសម្រួល​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​តំបន់​ទន្លេមេគង្គ​។ ដោយឡែក ពិ​ពរណ៍ ខេត្តកំពង់ឆ្នាំង មានការ​ចូលរួម​ពី​ផលិតករ អាជីវករ សមាគម អង្គការ​នានា និង​ក្រុមហ៊ុន​ចំនួន​៦៩ ដែលមាន ស្តង់​សរុប​៧៧​ស្តង់ មាន​ដាក់លក់​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម សិប្បកម្ម គ្រឿងសំណង់ វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ និង​ភេសជ្ជៈ ផលិតផល​សុខភាព និង​សម្រស់ សេវា​ទេសចរណ៍ និង​អប់រំ​៕ ល​