ខេត្តកំពត​ឆ្នាំនេះ ប្រមូល​ទិន្នផល​នេសាទ​បាន​ជិត​បី​ម៉ឺន​តោន​

470

(​កំពត​) ៖ ឆ្នាំ​២០១៧​នេះ ទិន្នផល​នៃ​ផល​នេសាទ​ទឹកសាប និង​សមុទ្រ​ស្រស់ បាន​ចំនួន​ជាង​២៨​ពាន់​តោន ក្នុងនោះ​ផល​នេសាទ​ទឹកសាប មាន​ចំនួន ៦​ពាន់​៦៩១ តោន និង​ផល​នេសាទ​សមុទ្រ ចំនួន​ជាង​២១​ពាន់​តោន​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ការងារ​ខណ្ឌ​រដ្ឋបាល​​ជលផល ខេត្តកំពត​។
​ ​
​របាយការណ៍​នេះ​បាន​បង្ហាញថា នៅក្នុង​ទិន្នផល​ខាងលើ មាន​ផល​នេសាទ​សិប្បកម្ម សមុទ្រ​ចំនួន​៦.៥៩៣​តោន ផល​នេសាទ​គ្រួសារ​សមុទ្រ​​ស្រស់ មាន​ចំនួន​ជាង​១​ម៉ឺន​៥​ពាន់​តោន ដោយ ប្រើ​ឧបករណ៍​ទូក​កាណូត​នេសាទ ចំនួន​សរុប​៦៦៣​គ្រឿង​។ ​ដោយឡែក​ការធ្វើ​វារីវប្បកម្ម​សមុទ្រ បាន ចំនួន​១.៦៦៩​តោន ក្នុងនោះ មាន​បង្គា​ចំនួន​១.៤៨១​តោន ត្រី​ឆ្ពង់ ចំនួន​៥៥​តោន ត្រី​តុកកែ ចំនួន​៤៨​តោន ក្តាមថ្ម ចំនួន​៧០​តោន និង​ត្រី​ផ្ទក់​សមុទ្រ ចំនួន​១៥​តោន​។ ចំណែកឯ​ផល​វារីវប្បកម្ម​ទឹកសាប វិញ​មាន​ចំនួន​១.៤៨៧​តោន​។​
​ ​
​គួរ​ឲ្យ​ដឹងថា ខេត្តកំពត មាន​ឆ្នេរ​ប្រវែង​៩៣​គីឡូម៉ែត្រ លាតសន្ធឹង​ពី​ព្រែក​ចាក ព្រំប្រទល់​ប្រទេស​វៀតណាម រហូតដល់​ព្រែក​ត្រពាំងរ​ពៅ ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​។ ទឹកសមុទ្រ​មាន​ប្រភេទ​ព្រៃកោងកាង ៤៦​ប្រភេទ ក្នុង​២៨​អម្បូរ និង​ធនធាន​ជលផល​ផ្សេងទៀត​មាន​ត្រី​​សមុទ្រ​៥២០​ប្រភេទ ស្មៅ​សមុទ្រ​១១​ប្រភេទ សារាយសមុទ្រ​១៦​ប្រភេទ ផ្កាថ្ម​រឹង ៧៧​ប្រភេទ ផ្កាថ្ម​ទន់ ១៧​ប្រភេទ​។ ក្រៅពីនេះ ខេត្តកំពត មាន​ស្ថានីយ ភ្ញាស់​កូន​ត្រី​ទឹកសាប សរុប​ចំនួន ២៣​កន្លែង (​ក្នុងនោះ​មិន​ដំណើការ​ចំនួន ០៨​កន្លែង​) អនុវត្តបាន​ចំនួន​ជិត​១០​លាន​កូន​។ ការងារ​កែច្នៃ​ផល​នេសាទ អនុវត្តបាន​ចំនួន ២​ពាន់​៤៨០ តោន​។ ធនាគារ​ក្តាមសេះ មាន​សរុប​ចំនួន ០៥​កន្លែង ការប្រមូល​ក្ដាម​មេ​ពង​ដាក់ចូល​ក្នុង​ធនាគារ​ក្ដាម បាន ២៨៦​គីឡូក្រាម ស្មើនឹង​៣​ពាន់​៨៩០​ក្តាម​៕​ដោយ​៖​វិបុល​/sn