ខេត្តកំពត​ទទួលភ្ញៀវ​ជាង​១៣៧.០០០​នាក់ ​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី

390
ចែករម្លែក
  • 10
    Shares

ដោយ​បូកគោ​/​កំពត​:​ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​រយៈពេល​បី​ថ្ងៃ​ខេត្តកំពត​ទទួលភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​បាន​ប្រមាណ​ជាង​១៣៧.០.០០០​នាក់​។​ក្នុងនោះ​តំបន់​រមណី​យដ្ឋា​ន​ធម្មជាតិ​ទឹកឈូ​ស្ថិតក្នុង​លំដាប់​ទីមួយ​ ដែលមាន​វត្តមាន​ភ្ញៀវ​ជាង​៥០.០០០​នាក់​។ ​រីឯ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ឈរ​នៅ​លំដាប់​លេខ​ពីរ​។​

​លោក​សយ​ ស៊ី​ណុល​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​រយៈពេល​បី​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៩​ ជា​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ទេសចរ​ជិត​ឆ្ងាយ​ដែល​បាន​ចូលមក​កម្សាន្ត​និង​ស្នាក់នៅ​ខេត្តកំពត​មាន​ចំនួន​១៣៧.១៧៤​នាក់​។​បរិមាណ​នេះ​បាន​កើនឡើង​១,៦៦​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៣៣.៩១៥​នាក់ ឯ​ទេសចរ​បរទេស​មាន​៣.២៥៩​នាក់​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ ជាការ​កត់សម្គាល់​ ទេសចរ​ដែល​នាំគ្នា​ទៅលេង​កម្សាន្ត​នៅ​តំបន់​រមណី​យដ្ឋា​ន​ធម្មជាតិ​ទឹកឈូ​ស្ថិតក្នុង​លំដាប់​នាំមុខគេ​ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំង​១៧​កន្លែង​របស់​ខេត្តកំពត ​គឺមាន​រហូតដល់​៥០.៤៧១​នាក់​ ខណៈដែល​រមណីយ​ដ្ឋា​ន​ឋានសួគ៌​បូកគោ​ឈរ​នៅ​លំដាប់​លេខ​ពីរ​មាន​ចំនួន​៤៤.៦០៣​នាក់​។

លោក​សយ ​ស៊ី​ណុល​បាន​បន្តថា ​សម្រាប់​អ្នកចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធី​សប្បាយៗ​នៃ​កំពត​សង្ក្រាន្ត​ទាំងបី​ថ្ងៃ​មាន​ប្រមាណ​ជាង​១៥០.០០០​នាក់ កើន​លើស​ឆ្នាំ​២០១៨ ប្រហែល​៣៦,៣៦​ភាគរយ​។ ពិសេស​ជាងនេះទៀត​នោះ​អំឡុងពេល​ទាំងបី​ថ្ងៃ​ ស្ថានភាព​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅតាម​មណ្ឌល​កម្សាន្ត​នានា​មាន​លក្ខណៈ​ល្អប្រសើរ​ ដោយ​ពុំមាន​ករណី​អវិជ្ជមាន​ណាមួយ​កើតឡើង​ឡើយ ពោលគឺ​ភ្ញៀវ​សប្បាយរីករាយ និង​ទទួលយកបាន​គ្រប់​សេវាកម្ម​ទាំងអស់​។​

​ជាមួយនឹង​ភាពសប្បាយ​រីករាយ​ទាំងនេះ​រយៈពេល​បី​ថ្ងៃនេះ​ ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន​ប្រាំមួយ​លើក ​បណ្តាលឱ្យ​បាត់បង់​ជីវិត​មនុស្ស​ពីរ​នាក់ ​រងរបួស​ធ្ងន់​បួន​នាក់​ និង​របួសស្រាល​ពីរ​នាក់​ផងដែរ​៕S/​Ha