ខេត្តកំពត​និង​ខេត្ត​កែប​ទទួលភ្ញៀវ​បាន​ជិត​២០​ម៉ឺន​នាក់​ក្នុងឱកាស​បុណ្យអុំទូក​

152
ចែករម្លែក

ដោយ​: បូកគោ / កំពត​-​កែប​: រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ កំពត និង​កែប​ដែលជា​ខេត្ត​ទេសចរណ៍​ភាគ​និរតី នៃ​កម្ពុ​ជាមាន​ភ្ញៀវ​ចូលមក​កម្សាន្ត​ប្រមាណ​ជិត​២០​ម៉ឺន​នាក់​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ដោយ​គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ប្រពៃណីជាតិ ខេត្តកំពត​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​៩០.៧៤០​នាក់​។ ចំនួន​នេះ​មានការ​កើនឡើង​០,២៣​ភាគរយ​បើ​ប្រៀបធៀប​នឹង​ពិធី​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។ ក្នុងនោះ​ទេសចរ​ជាតិ​ចំនួន​៩០.៥២៣​នាក់ និង​ភ្ញៀវ​អន្តរជាតិ​២.៥១៩​នាក់ ។​

​លោក​វរសេនីយ៍ឯក ពុធ សឺ​ង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ដោយសារ​ចំនួន​រថយន្ត​សម្រុក​ចូលមក​ខេត្តកំពត​ច្រើន ទើប​ធ្វើឱ្យមាន​ការកកស្ទះ​រៀងរាល់​ពេល​រសៀល នៃ​ថ្ងៃ​ទាំងបី​ត្រង់ចំណុច​សងខាង​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​។ ប៉ុន្តែ​ស្ថានភាព​មិនអាក្រក់​ដូច​ឆ្នាំមុន ដោយសារ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បន្ថែម​ឧបករណ៍​បញ្ជា​ចរាចរ និង​ដឹកនាំ​បែងចែក​កម្លាំង​បានល្អ​។ ឯ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​មិនមាន​ករណី​ធ្ងន់ធ្ងរ​រហូត​បាត់​បង់ជីវិត​មនុស្ស​ទេ គឺ​គ្រាន់​មាន​ប៉ះគ្នា​រលាត់​ដៃជើង​ខ្លះៗ​ប៉ុណ្ណោះ​។​

​ដោយឡែក លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​បញ្ជាក់ថា ក្នុងឱកាស​បុណ្យអុំទូក​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ ខេត្ត​កែប​ទទួលភ្ញៀវ​ចូលមក​កម្សាន្ត​ចំនួន​១០០,១០៦​នាក់​។ បរិមាណ​នេះ​បាន​កើនឡើង ៤.៤៧​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ខណៈដែល​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​មក​លម្ហែ​កម្សាន្ត​ចំនួន​៩៦,៧៤១​នាក់​។ លោក​អនុប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា ក្នុងចំណោម​ភ្ញៀវ​ជាង​៩៦,០០០​នាក់​នោះ ទេសចរ​ជាតិ​មាន​ចំនួន​៩៧,៥២៨​នាក់ ចំណែក​ភ្ញៀវ​បរទេស​មាន​២,៥៧៨​នាក់​៕ ល​