ខេត្តកំពត​មោទនភាព​ខ្ពស់​ដោយ​កំណើន​បេក្ខជន​ប្រឡង​ទុតិយភូមិ​ទទួល​និទ្ទេស​ល្អប្រសើរ​

4655

(​កំពត​): ប្រមុខ​ដឹកនាំ​ខេត្តកំពត បាន​សម្តែង​នូវ​មោទនភាព​ជាមួយ​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧ ដោយ​បេក្ខជន​ជ័យលាភី​និទ្ទេស A មាន​កំណើន​រហូត​១០​នាក់ លើស​ចំនួន​ដែល​ទទួលបាន​កាលពី​ឆ្នាំមុន​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​ពីរ​ខែ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ លោក ចាន់ ចេស្តា អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ផ្អែក​តាម​លទ្ធផល​ដែល​បានចេញ​ផ្សាយ​ជា​ផ្លូវការ ដោយ​ក្រសួង​អប់រំ​អំពី​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រព្រឹត្តឡើង កាលពី​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ ក្នុងចំណោម​បេក្ខជន​នៅ​ខេត្តកំពត​ដែល​ប្រឡង​ជាប់ ៣.៤៧៥​នាក់ មាន​ជ័យលាភី​ចំណាត់ថ្នាក់​និទ្ទេស​A ចំនួន​២១​នាក់ ស្រី​១០​នាក់​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា បរិមាណ​នេះ មានការ​កើនឡើង​រហូត​ដល់​១០​នាក់​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ត្រឹមតែ​១១​នាក់​។ លើសពីនោះ​ទៀត​ចំនួន​កំណើន​នេះ ក៏​ស្ថិតក្នុង​កម្រិត​ខ្ពស់​សម្រាប់​ទូទាំងប្រទេស ខណៈដែល​២៥ រាជធានី​ខេត្ត កម្រិត​និទ្ទេស A បាន​កើនឡើង​ចំនួន​១៩​នាក់​នោះ​។​

​សូម​រំលឹកថា​ការប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៦-២០១៧ ខេត្តកំពត មាន​បេក្ខជន​៥.១៣៥​នាក់ ស្រី​២.៣៩៣​នាក់ សម្រាប់​មណ្ឌល​ប្រឡង​ចំនួន​ប្រាំបី​ស្មើនឹង ២០៨​បន្ទប់ ប្រព្រឹត្តឡើង​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។ ដើម្បីឱ្យ​ដំណើរការ​ប្រព្រឹត្ត​ទៅក្នុង​ភាពល្អប្រសើរ និង​លទ្ធផល​មាន​គុណភាព​ខ្ពស់ មុន​សម័យ​ប្រឡង​ចូលមក​ដល់ រដ្ឋបាល​ខេត្តកំពត បាន​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន​សម្រាប់​ការអនុវត្ត ដោយ​លោក​ចាន់ ចេស្តា​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ឱ្យទទួល​ខុសត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​។ ក្នុងនោះ​​មន្ទីរ​ទេសចរណ៍​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ​បញ្ចៀស​នូវ​ការដំឡើងថ្លៃ​ចន្លោះ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែសីហា​។

​មន្ត្រី​មន្ទីរអប់រំ​ត្រូវ​ចុះ​ណែនាំ​ដល់​គ្រប់​មណ្ឌល​ប្រឡង​មិនឱ្យ​មានការ​លក់ដូរ​ក្នុង​សាលា ហើយ​គួររៀបចំ​ឱ្យមាន​ទឹកស្អាត​សម្រាប់​បេក្ខជន និង​មន្ត្រី​មាន​ភារកិច្ច​ទាំងអស់​សម្រាប់​ការប្រឡង ពិសេស​សម្អាត​អនាម័យ​ឱ្យមាន​បរិស្ថាន​ល្អ​នៅ​មណ្ឌល​នីមួយៗ​។​

ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវ​ចាត់​កម្លាំង​ដើម្បី​ឈរជើង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​បេក្ខជន ក៏ដូចជា​មន្ត្រី​មាន​ភារកិច្ច​តាម​មណ្ឌល​ប្រឡង​ទាំងអស់​។ មន្ទីរ​សុខាភិបាល​ត្រូវបញ្ជូន​ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និង​រថយន្ត​សង្គ្រោះ​ទៅ​ប្រចាំការ​រាល់​ម៉ោង​ប្រឡង​។

​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​មន្ទីរ​អង្គភាព​ទាំងអស់​ត្រូវ​គ្រប់គ្រង​ឱ្យបាន​នូវ​ម៉ាស៊ីន និង​រាល់​ការថត​ចម្លង​ឯកសារ​ផ្សេងៗ​។ ជាមួយនឹង​បំណង​ទាំងនេះ ទើប​តាមរយៈ​ការបិទ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ លទ្ធផល​គឺ​ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​៣.៤៧៥​នាក់ មាន​២១​នាក់ ទទួល​ចំណាត់​និទ្ទេស​A​មាន​២១​នាក់ ជា​កម្រិត​បរិមាណ​ខ្ពស់​គួរឱ្យ​មោទនៈ​។ ជ័យលាភី​លំដាប់​ល្អប្រសើរ​ទាំងនោះ រួមមាន ស្រុក​អង្គ​ជ័យ​ចំនួន​១០​នាក់ ស្រុក​បន្ទាយមាស​៥​នាក់ ក្រុង​កំពត​៤​នាក់ និង​ស្រុក​ដងទង់​២​នាក់​៕ L ដោយ : បូកគោ​