ខេត្តពោធិ៍សាត់​ប្រារព្ធ​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯក​រា​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​កង​យុទ្ធ​ពល​ខេ​មរ​ភូមិ​ន្ទ

987
ចែករម្លែក

ដោយ​: ព​.​ស​. / ពោធិ៍សាត់​: ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស នា​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បានមក​ជួបជុំគ្នា​នៅលើ​មណ្ឌល​វប្បធម៌​កោះ​សំពៅ​មាស ក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដើម្បី​មក​ចូល រួម អបអរសាទរ​ខួប​អនុស្សា​រី​យ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ស្ថិតក្រោម​អធិបតីភាព​លោក ម៉ៅ ធនិន អភិបាល នៃ​គណ​អភិបាលខេត្ត និង​លោក ម៉ៅ សាន សមាជិក ក្រុមប្រឹក្សា​ខេត្ត​។​

​បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​គណៈ​អភិបាល កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ តំណាង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​សិស្សានុសិស្ស​ចំនួន​៩​ផែន បាន​អញ្ជើញ​ដាក់​កំរងផ្កា និង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ព្រះសង្ឃ​៩​អង្គ​បង្សុកូល​នោះ​រួចមក លោក ខូ​យ រី​ដា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អាន​នូវ​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច​ទាមទា​ឯករាជ្យ​នៅ​កម្ពុជា នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ​ន​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​ដោយបាន​ថ្លែងថា ៩​វិច្ឆិកា​ជា​ទិវា​ឯករាជ្យ​ជាតិ​និង​ជា កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការប្រកាស​ឯករាជ្យ​ពេញលេញ​របស់​កម្ពុជា ក្រោម​ព្រះរាជ​បូ​នី​យ កិច្ច​និង ព្រះរាជ​បេសកកម្ម​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣ របស់​ព្រះករុណា ព្រះបាទ​ព្រះ នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​ព្រះ បរម​រតន​កោដ្ឋ​។ ប្រជារាស្ត្រ របស់​ព្រះអង្គ​ទាំងអស់គ្នា​តែងតែ​ចងចាំ និង​ចារឹក ជាប់​ជានិច្ច​ក្នុង​ជីវិត​នូវ​ព្រះ​មហាករុណា​ទិ​គុណ ប្រកបដោយ​ព្រហ្ម​វិហារធម៌​យ៉ាង​ជ្រាលជ្រៅ​របស់​ព្រះករុណា​ដែល​កន្លងមក​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​បញ្ញាញាណ យ៉ាង​ក្លៀវក្លា​បំផុត​ដើម្បី​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ទាមទា​ឯករាជ្យ​នៅ​កម្ពុជា ឲ្យ​រួច​ផុតពី​អាណា និគម​និយម​បារាំង​។​

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បានបញ្ជាក់​ទៀតថា ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត ដោយ​ពុំ​អាច​កាត់ថ្លៃ​បាន​រហូតមកដល់​សព្វ​ថ្ងៃ​ព្រមទាំង​បាន​ត្រួសត្រាយ​មាគ៌ា​សន្តិភាព សាមគ្គីភាព និង​វឌ្ឍនភាព​សង្គមជាតិ​ខ្មែ​រទាំង​មូល ដែល​យើងទាំងអស់គ្នា​ជា​កូន ជា​ចៅ​ចៅទួត​របស់​ព្រះអង្គ​បាន​ដង្ហែរ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ​រហូតមក ទោះបី​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវ​ង្គ​ត​ហើយ​ក្តី​។

​ទន្ទឹមនឹងនេះ យើងទាំងអស់គ្នា​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដោយបាន​ចាត់ទុកថា សមិទ្ធិផល​ដ៏​ធំធេង​ទាំងឡាយ​ដែល​យើង​សម្រេចបាន​នេះ ពិតជា បានមក​តាមរយៈ​ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ​ការគោរព​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម កែលម្អ​អភិបាលកិច្ច​លើកស្ទួយ​វិស័យ​សាធារណៈ និង​ការអភិវឌ្ឍន៍​ជាតិ​។ ប្រការនេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ​គ្រប់ផ្នែក​គ្រប់​វិស័យ​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​ប្រទេស មានការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រស់បំព្រង​ទាំង​ផ្ទៃ​ប្រទេស ក៏​ដូច​នៅលើ​ពិភពលោក​៕

#