ដោយ: ចាន់ថន / ព្រៃវែង: សម្រាប់ខេត្តព្រៃវែង កំពស់ទឹកឡើងមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ ប៉ុន្តែស្រូវកសិករជាង២ម៉ឺនហិកតា និងផ្ទះទ្រព្យសម្បត្តិផ្សេងៗជាច្រើនបានលិចលង់។
គិតដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០១៨ កំពស់ទឹកនៅព្រែកតាតាំ មុខសាលាខេត្ត ឡើងដល់៦ម៉ែត្រ ៧២សង់ទីម៉ែត្រ កើនឡើង ៤សង់ទីម៉ែត្រ លើសថ្ងៃទី១៤។ គួរបញ្ជាក់ថា កម្រិតប្រកាសអាសន្ន ៧ម៉ែត្រ ៥០សង់ទីម៉ែត្រ។
បើយោងតាមរបាយការណ៍ អាជ្ញាធរខេត្តព្រៃវែងបាន បង្ហាញថា ពលរដ្ឋចំនួន៣.៣៨៦គ្រួសារកំពុងខ្វះស្បៀងអាហារ ខណៈស្រូវកសិករលិចក្នុងទឹក ២២.២៣៥ហិកតា ស្រូវរលួយខូច ទាំងស្រុង៣.២២៨ហិកតា។ ស្ថានភាពទឹកជំនន់ បានជន់លិចក្រុង ស្រុក ចំនួន១១ ស្មើនឹង ៦៤ឃុំ សង្កាត់ ក្នុងចំណោម១១៦ឃុំ សង្កាត់ស្មើភូមិ ៣០៥ ក្នុងចំណោម១១៤៩ភូមិទូទាំងខេត្ត។ ក្នុងនោះស្រុកដែលលិចទឹក រួមមាន ស្រុកពាមរក៍ ស្រុកព្រះស្តេច ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ ស្រុកពារាំង ស្រុកពោធិ៍រៀង កំពង់ត្របែក ក្រុងព្រៃវែង ស្រុកបារភ្នំ ស្រុកស្វាយអន្ទរ និងស្រុកពាមជរ។
បញ្ហាខាងលើរំពឹងថា សប្បុរសជន មេត្តាចុះទៅជួយគ្រួសារប្រជាពលរដ្ឋកំពុងខ្វះខាតស្បៀង ដោយសារទឹកជំនន់ពួកគាត់កំពុងខ្វះខាតរហូតដល់ ៣.៣៨៦គ្រួសារ ដង្ហើយសុំឲ្យសប្បុរសជនជួយជាបន្ទាន់៕ ល