ខេត្តមណ្ឌលគិរី​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរកាន់តែច្រើន​តាម​រយៈ​ព្រឹត្តិការណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​»

143
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: តាមរយៈ​ព្រឹត្តិការណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» ដែល​នឹង​រៀបចំឡើង​នៅ​កណ្ដាល​ក្រុង​សែន​មនោ​រម្យ​នា​ថ្ងៃ​ខាងមុខនេះ ត្រូវបាន​មន្ត្រី​រំពឹងថា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យចូល​ទៅ​កម្សាន្ត​ខេត្តមណ្ឌលគិរី ហើយ​ពិសេស​នឹង​ជួយ​បង្កើន​ទាំង​សេវាកម្ម សោ​ភ័​ណ​ភាព​និង​ការអភិវឌ្ឍតំបន់​ទេសចរណ៍​កាន់តែ​ច្រើន​ថែមទៀត​។​

​ខេត្ត​ដែលជា​ទីកន្លែង​សក្តានុពល​ទេសចរណ៍​ក្នុងនោះ មានដូចជា​ទេសភាព​ព្រៃភ្នំ ទឹកជ្រោះ សត្វព្រៃ​និង​ទេសភាព​ដ៏​ស្រស់ត្រកាល​ កន្លែង​នេះនឹងត្រូវ​បាន​គេរ​រៀបចំ​ព្រឹត្តិការណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» នៅ​ថ្ងៃទី​០៩- ១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​។​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍ រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល ដែល​នឹង​ត្រូវបាន​គេ​រៀបចំ​នៅ​ថ្ងៃ​ខាងមុខនេះ​ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី​ ក្នុងនោះ​មាន​ទាំង​អ្នក​អាជីវករ អ្នកបម្រើ​លើ​វិស័យ​យានជំនិះ ទីកន្លែង​ស្នាក់នៅ​ជាដើម​។​

​លោក​បាន​មានប្រសាសន៍ថា ​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​មក​ទស្ស​នាខេត្តមណ្ឌលគិរី ចំនួន​១៩៣៨៩​នាក់ ក្នុងនោះទេសចរ​ជាតិ​ចំនួន ១៨៤០១២​នាក់ និង​អន្ដរជាតិ​ចំនួន ១០ ៣៧៧​នាក់​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​មណ្ឌលគិរី​បានឱ្យដឹង​បន្ថែមថា “​ចំពោះ​ផ្ទៃដី​មណ្ឌលគិរី​គ្របដណ្ដប់ទៅដោយ​ព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប និង​សម្បូរទៅដោយ​ជ្រលង​ដងអូរខ្វាត់ខ្វែង បង្កើតបាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​។ ក្រៅពីនេះ មណ្ឌលគិរី មាន​ជនជាតិដើម​ភាគតិច​ជាច្រើនបានរស់នៅ​ មាន​វប្បធម៌​ផ្សេងៗ​គ្នា ដែលជា​ចំណុច​ទាក់ទាញ​ភ្ញៀ​វ​ទេសចរ​ផងដែរ​”​។​

​កញ្ញា ឆរ​ដ្ឋ ឆ​លា​ភី ស្ថាបនិក​ព្រឹត្តិការណ៍​ទេសចរណ៍ «​រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​» បានឱ្យដឹង​ដែរ​ថា ​ព្រឹត្តិការណ៍ រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង ដូចជា​ផ្សព្វផ្សាយ​ទីតាំង និង​កំណប់ទ្រព្យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី ដែលមាន​ដូចជា​ភ្នំ ទឹកជ្រោះ ក៏ដូចជា​ទេសភាព​ដ៏​ស្រស់បំព្រង​នានា​នៃ​ធនធានធម្មជាតិ ដែលជា​អេកូ​ទេសចរណ៍​នៅក្នុងខេត្តមណ្ឌលគិរី ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី និង​ជួយ​ជំរុញឱ្យមាន​កំណើន​នៃ​ការធ្វើដំណើរកម្សាន្ដត​នៅក្នុង​ស្រុក ជាពិសេស​ពី​ភ្ញៀវទេសចរ​ជាតិ​។​

​កញ្ញា បញ្ជាក់​បន្ថែមថា ​ព្រឹត្តិការណ៍ រម្យ​នា ហ្វេ​ស​ស្ទី​វ៉​ល នេះ​គ្រោង​នឹងធ្វើ​ឡើង​៤ ដង​នាពេល​ខាងមុខនេះ ដែលមាន​ដូចជា​ក្នុងឱកាសព្រះរាជ​ពិធីបុណ្យ​អំុ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ ពិធីបុណ្យ​ណូអែល និង​ចូលឆ្នាំ​សកល ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន និងពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ ដែល​បានធ្វើ​ដំណើរ​ទៅលេង​មណ្ឌល​គី​រីយ៉ាង​សប្បាយរីករាយ​។​

​ដោយឡែក លោក សុខ វណ្ណា ប្រធាន​នាយក​រដ្ឋា​ន​កីឡា​ទេសចរណ៍ និង​សេវា​កម្សាន្ត នៃ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​ចំណុច​គោលដៅ របស់​ក្រសួង​ទេ​ចរណ៍ ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​ត្រូវ​ការឱ្យ​ក្រុមហ៊ុន​ដែលជា​វិស័យ​ឯកជន​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ជាតិនិង​អន្តរជាតិ មក​ទស្សនា​នៅក្នុង​ខេត្តមណ្ឌលគិរី ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពិសេស​ខេត្តមណ្ឌលគិរី​ក៏​ជា​កន្លែង​កម្សាន្ត​យ៉ាងសំខាន់​ដែល​អ្នក​ទេសចរ​តែង​ចូលចិត្ត​ទៅ​កម្សាន្ត​៕​ ​/Ha