ខេត្តមណ្ឌលគិរី​: អ្នកទេសចរ​កើនឡើង​១២,៤២​ភាគរយ ក្នុងពេល​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​

408
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បានបញ្ជាក់​ប្រាប់ ថា ភ្ញៀវទេសចរ​បាន​កើនឡើង​ប្រមាណ​១២,៤២​ភាគរយ គិត​ត្រឹមតែ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី ចិន​និង​វៀតណាម ឆ្នាំ​២០១៩​នេះ​។​

​លោក​ងិន​សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី ០៧ ខែកុម្ភៈ​នេះ​ថា គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥​រហូត​ថ្ងៃទី​០៧​ខែកុម្ភៈ អ្នក​ទេចរ​ជាតិ​និង​អន្តរជាតិ បាន​មកលេង​ខេត្តមណ្ឌលគិរី​ចំនួន​១៩.៥២៨​នាក់​។ ចំនួន​នេះ បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៨ ឃើញថា មានការ​កើនឡើង​ចំនួន​១២,៤២%​។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា បញ្ហា​សណ្តាប់ធ្នាប់​គឺមាន​ភាពល្អប្រសើរ​ផងដែរ​។​

​អ្នក​ទេ​ចរណ៍​ម្នាក់​ក្នុងចំណោម​ភ្ញៀវ​ដទៃទៀត​ថ្លែងថា ពួកយើង​ចាប់អារម្មណ៍​ខ្លាំង​លើ​បរិយាកាស បរិស្ថាន និង​សម្រស់​ធម្មជាតិ​ដែលមាន​ក្នុង​ទឹកដី​ខេត្ត​មួយ​នេះ​។ អ្នកទេសចរ​ដដែល​ប​ន្ត​ថា បើទោះជា​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន​&​វៀតណាម​នេះ អាកាសធាតុ​ប្រែ​កើន​កម្តៅ​ក៏ពិតមែន ប៉ុន្តែ​ខេត្ត​មួយ​នេះ នៅតែមាន​ភាព​ត្រជាក់​ជាង​បណ្តា​ខេត្ត​ដទៃ​៕