ខេត្តសៀមរាបឆ្នាំនេះនឹងប្រារព្វពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែអកអំបុករយៈពេល៤ថ្ងៃ

274
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យប្រពៃណីជាតិ គឺព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែអកអំបុក រយៈពេល៤ថ្ងៃនៅស្ទឹងសៀមរាប ជាប់នឹងព្រះរាជដំណាក់ស្តេច ដោយគិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាប ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ដែលកាសែតរស្មីកម្ពុជាទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ដើម្បីអបអរសាទរក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិ ខេត្តសៀមរាបនឹងរៀបចចំពិធីនេះក្នុងរយៈពេល៤ថ្ងៃ ខុសពីបណ្តាឆ្នាំមុនៗ។

តាមកម្មវិធីដែលគ្រោងទុក សេចក្តីជូនដំណឹងនោះក៏បានអោយអស់លោក លោកស្រី ដែលមានបំណងយកទូកងមកចូលរួមប្រណាំង សូមអញ្ជើញមកដាក់ពាក្យប្រណាំងទូកនៅទីចាត់ការធនធានមនុស្សរបស់សាលាខេត្តសៀមរាប ចាប់ពីពេលនេះតទៅ។

ការប្រណាំងទូកងប្រចាំឆ្នាំខាងលើនេះ គឺខេត្តសៀមរាបធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៏ទំនៀមទំលាប់ ប្រពៃណី ក៏ដូចជាការផ្សព្វផ្សាយសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ អោយចូលមកទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋាននានាក្នុងខេត្ត អោយបានកាន់តែច្រើនកុះករ៕B/