ខេត្តសៀមរាបរៀបចំមហោស្រពរបាំ​ប្រពៃណីដើម្បីផ្លាស់ប្តូរវប្បធម៌ ​កម្ពុជា-ឥណ្ឌា Bharatanatyam ​អន្តរជាតិ លើកទី៣ ឆ្នាំ២០២០ ​

219
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ អស់រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មហោស្រពរបាំប្រពៃណីដើម្បីផ្លាស់ប្តូរវប្បធម៌ កម្ពុជា-ឥណ្ឌា Bharatanatyam ឆ្នាំ២០២០ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ ដោយមានសិល្បករ-សិល្បការិនី នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ប្រមាណជា៣០០នាក់ ចូលរួមការសម្តែង ដែលមហោស្រពនេះ មន្ទីរវប្បធម៌និងវិចត្រសិល្បៈខេត្តសៀមរាប មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ដោយមានកិច្ចសហការរៀបចំពីក្រុមហ៊ុន Seenu Gnanam Travels ជាមួយសមាគមសប្បុរសធម៌កម្ពុជា-តាមិល ណាឌូ និង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចំពោះសិល្បករ សិល្បការិនី ប្រមាណជា៣០០នាក់ដែលបានចូលរួម ក្នុងនោះមានសិល្បករ និងសិល្បការិនីកម្ពុជា នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប , សិល្បករ-សិល្ប ការិនីមកពីវិទ្យាស្ថានសិល្បៈ Bharatanatyam នៃប្រទេសឥណ្ឌា និងក្រុមសិល្បករ-សិល្បការិនីឥណ្ឌា Bharatanatyam ដែលមានសមាគមរបស់ខ្លួន ប្រចាំនៅបណ្តាប្រទេសចំនួន៩ផ្សេងទៀត ដូចជានៅប្រទេសស្រីលង្កា , ម៉ាឡេស៊ី , អូស្រ្តាលី , អង់គ្លេស , អារ៉ាប់រួម , សឹង្ហបូរី , បារាំង , អាមេរិក និង ប្រទេសណ័រវ៉េស ។

មហោស្រពរបាំប្រពៃណីកម្ពុជា-ឥណ្ឌា Bharatanatyam អន្តរជាតិ លើកទី៣ ឆ្នាំ២០២០នេះ បានបង្ហាញអំពីការរីកចម្រើនថ្មី លើការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកលើវិស័យសិល្បៈ សំដៅឆ្ពោះទៅរកការបំផុសស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយវប្បធម៌ ផ្លាស់ប្តូរបទពិសោធន៍លើវិស័យសិល្បៈ និង អ្វីដែលជាគោលបំណងរបស់មហោស្រពរបាំនេះផងដែរនោះ គឺការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ហើយតាមរយៈនៃការនាំមកនូវការសម្តែងរបាំកម្ពុជា-ឥណ្ឌា នៅក្នុងមហោស្រពលើកទី៣នេះ បានបង្ហាញនូវទម្រង់សិល្បៈប្លែកៗ ក្រោមទេពកោសល្យច្នៃប្រឌិតរបស់គ្រូរបាំ និងកាន់តែបានលើកកម្ពស់ផងដែរ នូវការបង្ហាញបទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក៕B/