ខេត្តសៀមរាប​ធ្វើការ​ជ្រើសរើស​ជើងឯក​កីឡា​សិស្ស​មធ្យមសិក្សា​

506
ចែករម្លែក

ដោយ:​បាយ័ន​/​ខេត្តសៀមរាប​ ៖ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ឆ្នាំ​សិក្សា​២០១៨- ២០១៩ និង​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន ខណៈ ពេលដែល​វិញ្ញាសារ​មួយចំនួន​បានបញ្ចប់​រួចរាល់​ហើយ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប បានរៀបចំ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត រយៈពេល​១០​ថ្ងៃ នៅ​កីឡាដ្ឋាន​ខេត្តសៀមរាប ជាមួយ​ប្រភេទ​កីឡា​ចម្រុះ ហើយ​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​មក អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូរ​ទាំង​ខេត្តសៀមរាប ។

​លោក ជួន សុខ​វណ្ណឌី ប្រធានការិយាល័យ​កីឡា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប បានឲ្យដឹងថា មក​ទាល់​រសៀល​ថ្ងៃទី ២៨ ខែ កុម្ភៈ​ឆ្នាំ ២០១៩​នេះ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត បានបញ្ចប់​លើ​វិញ្ញាសា​មួយចំនួន​ហើយ ដូចជា ប៉េតង់ អត្តពលកម្ម ( រត់ប្រណាំង ចោលដុំដែក ) និង​តៃ​ខ្វាន់​ដូ ។​

ជាមួយគ្នានេះ​លោក ជួន សុខ​វណ្ណឌី បាន​បន្ថែមថា ប្រភេទ​វិញ្ញាសារ​ដែល​មិនទាន់បាន​បញ្ចប់​មាន បាល់បោះ​បុរស​-​នារី បាល់ទះ​បុរស​-​នារី និង​បាល់ទាត់​បុរស​-​នារី ហើយ​គ្រប់​វិញ្ញាសារ​ទាំងអស់ និង​បញ្ចប់​តែម្តង​នៅ​រសៀល​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០១៩ ខាង មុខនេះ ។​

លោក​បាន​បន្ថែមទៀតថា ចំពោះ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើង ឯក​ថ្នាក់​ខេត្ត​នេះ គឺ​ក្នុង​គោលបំណងឲ្យ​សិស្ស​កម្រិត​មធ្យមសិក្សា​ទាំងអស់​លេង​កីឡា​ដើម្បី​សុខភាព មាន​ទំនាក់ទំនង​គ្នា​ល្អ និង​បង្កើន​សាមគ្គីភាព​ជាដើម​។

លោក ជួន សុខ​វណ្ណឌី បានឲ្យដឹង​ទៀតថា បច្ចុប្បន្ននេះ សន្ទុះ​អ្នក​ចូលចិត្ត​លេង​កីឡា និង​អ្នកគាំទ្រ​កីឡា​មានការ​កើនឡើង​ជា​លំដាប់ ជាក់ស្តែង ចំពោះ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​នេះ ចំនួន​ក្រុម​មកពី បណ្តា​សាលា​ផ្សេងៗ​ទាំង​រដ្ឋ និង​ឯកជន ហាក់​មាន​ចំនួន​ច្រើនជាង​មុន ហើយ​អ្នកគាំទ្រ​ក៏មាន​ចំនួន​ច្រើន​ដូចគ្នា ទន្ទឹមគ្នា​នោះ លោក​ក៏បាន អំពាវនាវ​ដល់​អ្នកគាំទ្រ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ទាំងអស់ បន្ត​ការគាំទ្រ​ជា​កម្លាំងចិត្ត​ថែមទៀត និង​ជួយ​ថែរក្សា​អនាម័យ មុន​ការប្រកួត និង​ក្រោយ​ការប្រកួត​ផងដែរ ៕B/


#