ខេត្តសៀមរាប​រួមគ្នា​បំបាត់​ជម្រក និង​ប្រភព​មូស​ខ្លា​

198
ចែករម្លែក

ដោយ​: បា​យ័យ​
​សៀមរាប​:
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ​២០១៩​នេះ មាន​រៀបចំ​បើក​យុទ្ធនាការ រួមគ្នា​បំបាត់​ជម្រក និង ប្រភព​មូស​ខ្លា ដើម្បី​ការពារ​ជម្ងឺគ្រុនឈាម ដែល​បានធ្វើ​នៅ​សាលាបឋមសិក្សា​មុខ​នាគ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ក្រោម​វត្តមាន​របស់លោក​ស្រី​ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី អស់លោក លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាកបាទក្រហម និង ក្រុមយុវជន​កាយ​រឹទ្ធ​កម្ពុជា ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាន​១​ពាន់​៩៣៤​នាក់​ចូលរួម​។

​តាម​ការបញ្ជាក់​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា រយៈពេល ២៦​សប្តាហ៍ ឆ្នាំ​២០១៩​ស្លាប់ ១១​នាក់​ដោយសារ​គ្រុនឈាម​នៅ​ខេត្តសៀមរាប​។ លោក​បានបង្ហាញ​អំពី​សភាពការណ៍​នៃ​អ្នក​ជម្ងឺគ្រុនឈាម​ដែល​បាន​ចូលមក​សម្រាក​នៅតាម​មន្ទីរពេទ្យ​ទាំងអស់​នៅ​ខេត្តសៀមរាប ចាប់ពី​សប្តាហ៍​ទី​១ ដល់​សប្តាហ៍​ទី​២៦ ឆ្នាំ​២០១៩ មាន​អ្នក​ជម្ងឺ​ចូលមក​សម្រាក​ព្យាបាល​ចំនួន​សរុប​ទាំងអស់​១១​ពាន់​២២៣​នាក់ ស្លាប់ ១១​នាក់ អត្រា​ស្លាប់​ស្មើ​០.០៩% ជា​ប្រជាពលរដ្ឋ​មកពី ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ឧ​ត្ត​ម​មានជ័យ កំពង់ចាម និង​ខេត្ត​មួយចំនួនទៀត​។ ក្នុងនោះ​មាន​អ្នក​ជម្ងឺ​ដែលជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​មាន​៤​ពាន់​៤២៨​នាក់ ស្លាប់ ៤​នាក់ អត្រា​ស្លាប់​ស្មើនឹង​០.០៩%​។

​បើតាម​ការអះអាង​រប​ស់ លោក​វេជ្ជបណ្ឌិត ប៊ូ សារិន ប្រធាន​កម្មវិធី​ជំងឺគ្រុនឈាម​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ដោយសារ​ជម្ងឺគ្រុនឈាម​បាន​កើនឡើង​រហូត​នៅ​ឆ្នាំ​២០១៩​នេះ មន្ទីរ​សុខាភិបាល​បាន​តាមដាន​សភាពការណ៍​ជម្ងឺគ្រុនឈាម តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ចុះ​អង្កេត អេ​ពី​ដេ​មី​សាស្ត្រ​-​បាណក​សាស្ត្រ របស់​មូស​ខ្លា​ដែល​វា​ពង​ដាក់ ពាងទឹក អាងទឹក និង ការ​វី​វដ្ត​របស់​វា និង​បាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យ​ពួកគាត់​លាង​សំអាត​ពាងទឹក អាងទឹក លុបបំបាត់ និង បំផ្លាញចោល​សំបក​កំប៉ុង សំបក​កង់ឡាន​ចាស់ៗ ដែលមាន​ទឹក​ដក់​ឲ្យ​បានជា​ប្រចាំ និង ដាក់​ថ្នាំ​អា​បេ​ត​ក្នុង​អាងទឹក ពាងទឹក ជាដើម​ផង ដើម្បី​បំបាត់​ជម្រក​មូស ជាពិសេស​មូស​ខ្លា​ញី​ដែលជា​ប្រភព​ចម្លង​ជម្ងឺគ្រុនឈាម​។

​ជាមួយ​សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន និង បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ហែរ​ក្បួន​ផ្សព្វផ្សាយ​ពី​ការលុបបំបាត់​ជម្រក​មូស​ខ្លា ការពារ​គ្រុនឈាម លោកស្រី ទាង អេង ទៀ​សីហា បាន​សម្តែង​ក្តី​សោកស្តាយ​បំផុត​ចំពោះ​លោកឪពុក​អ្នក​ម្តាយ​ដែល​បាន​បាត់បង់​កូន​ជាទី​ស្រឡាញ់​ដោយសារ​ជម្ងឺគ្រុនឈាម និង​បាន​ថ្លែង​រំលែក​ការលំបាក​ចំពោះ​អ្នក​រង​នូវ​ជម្ងឺ​នេះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ទាំងអស់​ផងដែរ​។​

​លោកស្រី បាន​បន្តទៀតថា ជម្ងឺគ្រុនឈាម គឺជា​បញ្ហា​ប្រឈម​យ៉ាង​ស្រួចស្រាល់ និង ជា​ក្តីកង្វល់​របស់​អាណាព្យាបាល ក៍​ដូចជា​អាជ្ញាធរ មន្ទីរ​ស្ថាប័ន កាកបាទក្រហមកម្ពុជា និង រាជរដ្ឋាភិបាល​យើង​ផងដែរ​។ ដើម្បី​ការពារ និង បញ្ចៀស​បាន​ពី​បញ្ហា​ឈឺ​និង​ស្លាប់​ដោយសារ​ជម្ងឺគ្រុនឈាម​នេះ សូម​បងប្អូន​ពុក​ម៉ែ និង ប្រជាពលរដ្ឋ​ទាំងអស់ សំខាន់​យុវវ័យ​គ្រប់រូប និង សិស្សានុសិស្ស ត្រូវ​រួមគ្នា​បំបាត់​ជម្រក​មូស ដោយ​ការធ្វើ​អនាម័យ​បរិស្ថាន​ជុំវិញ​លំនៅដ្ឋាន សាលារៀន សំអាត​អនាម័យ​ផ្ទាល់ខ្លួន​ឲ្យ​បានជា​ប្រចាំ ស​ម្រា​ន​តែ​ក្នុង​មុង​សុវត្ថិភាព (​មុង​ជ្រ​លុក​ថ្នាំ​)​និង ត្រូវ​ប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ​កុំ​ឲ្យ​គាត់​ងូតទឹក​លេង និង ដើរលេង​ក្បែរ​គុម្ពោត​ព្រៃ​ផ្តេសផ្តាស​ជាដើម និង ប្រយ័ត្ន​ពេល​ពួកគាត់​គេង​នៅពេល​ថ្ងៃ ត្រូវដាក់​មុង​ឲ្យ​គាត់​និង​ក៍​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ពិសារ​និង​បរិភោគ​ចំណីអាហារ ដើម្បី​ចៀសវាង​ពី​ជម្ងឺ​រាករូស ចុក​ឆ្អល់​ផ្សេងៗ មក​យាយី​ដល់​សុខភាព​យើង​។​

​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការលុបបំបាត់​ជម្រក​មូស​ខ្លា ការពារ​គ្រុនឈាម​នេះ ធ្វើឡើង​ដោយយោង តាម​ការណែនាំ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា និង បាន​ឆ្លង​ការពិភាក្សា​ក្រុមការងារ រួមជាមួយ​មន្ទីរ ស្ថាប័ន​អង្គភាព អាជ្ញាធរ មូលដ្ឋាន​ផងដែរ​។ ផ្អែក​តា​របាយការណ៍រ​បស់ កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប​ថា សកម្មភាព​នេះ​បានធ្វើ​៥​លើក​មកហើយ​នៅ​ស្រុក​អង្គរជុំ វ៉ា​រិន្ទ អង្គរធំ និង​ក្រុង​សៀមរាប ជាល​ទ្ឋ​ផល​អនុវត្តបាន​៩៣​ភូមិ ដាក់​អា​បេ​ត​បាន​១៩​ពាន់​៨៤៤​ពាងទឹក នៃ​ខ្នង​ផ្ទះ​ចំនួន​១៣​ពាន់​៣៣៨​ខ្នង​ផងដែរ​៕ ល​