ខេត្តសៀមរាប​៖ ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ភ្ញៀវទេសចរ​បរទេស​មានការ​កើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ខ្មែរ​មានការ​ថយចុះ

478
ចែករម្លែក
  • 23
    Shares

ដោយ​: បាយ័ន / សៀមរាប​: តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បង្ហាញថា នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះ មាន​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅតាម​រមណី​ដ្ឋា​ន​ធម្មជាតិ និង​ប្រាសាទបុរាណ​នានា​នៅក្នុង​ខេត្តសៀមរាប មាន​ចំនួន​៩៣.៦០៥ នាក់ មានការ​កើនឡើង ៣,៩៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ប្រមាណ ៩០.៨២៦​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន ៤១.៦០៥ នាក់ មានការ​កើនឡើង ២២,២៧ ភាគរយ ខណៈ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​២​ពាន់​នាក់ មានការ​ថយចុះ ៧,១៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន​ប្រមាណ ៥​ម៉ឺន​៦​ពាន់​នាក់​។​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បើទោះពី​បុណ្យចូលឆ្នាំ​ចិន​មិនមែន​ពិធីបុណ្យ​ជាតិ​របស់​ខ្មែរ​ក៏ពិតមែន តែ​នៅ​កម្ពុជា មាន​បងប្អូន​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ច្រើន ដូច្នេះហើយ​បានជា​បងប្អូន​ប្រជាពលរដ្ឋ​ខែ្មរ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​បាន​ដើរទៅ​កំសាន្ត​នៅតាម​រមណី​ដ្ឋា​ន​នានា​ច្រើន ជាពិសេស​នៅ​ខេត្តសៀមរាប​នេះ មាន​រមណី​ដ្ឋា​ន​សម្រាប់​សម្រាក​លំហែកាយ កម្សាន្ត​ច្រើន​ទាំង​បែប​ប្រវត្តិសាស្ត្រ និង​បែប​ធម្មជាតិ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ចូលឆ្នាំ​ចិន​ឆ្នាំ​២០១៩​នេះ អ្នកទេសចរ​ជាតិ​មានការ​ថយចុះ​ជាង​ឆ្នាំមុន​ដោយសារ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ មិន​ប៉ះចំ​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ ដូច​កាលពី​ឆ្នាំ​២០១៨ ។​

​លោក ចាន់ សុខ​ភា អនុប្រធាន​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​ចូលឆ្នាំ​ចិន​នេះ ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ខេត្តសៀមរាប​ពិតជា​ច្រើនជាង​ឆ្នាំមុន ព្រោះ​តាម​ការ​ស្ទង់​ពី​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ឃើញថា នៅតាម​បណ្តា​សណ្ឋាគារ​ស្ទើរ​ទាំងអស់ មានការ​កក់​ស្នាក់នៅ​ពេញ​ចាប់ពី​ថ្ងៃទី​០៤​ដល់​ថ្ងៃទី​០៧ ប៉ុន្តែ​សម្រាប់​ថ្លៃ​បន្ទប់ គឺ​គ្មាន​ការដំឡើងថ្លៃ​ហូត​ហេតុ​ពេក​នោះទេ ហើយ​ឆ្នាំនេះ​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅ​ខេត្តសៀមរាប​ឃើញថា អ្នកទេសចរ​ជនជាតិ​ចិន​ស្ថិតនៅ​លំដាប់​លេខ​១ រីឯ​ជនជាតិ​អាមេរិក​ស្ថិតនៅ​លំដាប់​លេខ​២ និង​ភ្ញៀវ​ជាតិ​នៅ​លំដាប់​លេខ​៣៕

#