ខេត្តសៀមរាប ក្នុងរយ:ពេល៥ខែ គ្រោះមហន្តរាយធម្មជាតិមានចំនួន១៧៦ករណី និងបាត់បង់ជីវិតមនុស្សចំនួន៦នាក់

496
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ក្នុងរយ:ពេល៥ខែដោយគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងខេត្តសៀមរាបមានគ្រោះមហន្តរាយដោយសារកត្តាធម្មជាតិ មានចំនួន១៧៦ករណី និងបង្ករឱ្យបាត់បង់ជីវិតមនុស្សចំនួន០៦នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំទៀត។

នេះគឺជាការបញ្ជាក់របស់លោក លីវ ឡន ប្រធានការិយាល័យអភិវឌ្ឍន៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៩នេះ។

លោកលីវ ឡន ប្រធានការិយាល័យអភិវឌ្ឍន៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបន្តថា គ្រោះមហន្តរាយធម្មជាតិ រួមមាន៖ ការកើនឡើងកម្តៅ ការឈានចូលដល់រដូវវស្សាយឺត ករណីរន្ទះបាញ់ និងករណីខ្យល់កន្ត្រាក់ ដែលបានកើតឡើងក្នុងខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩នេះ គិតត្រឹមថ្ងៃទី ២៤ ខែឧសភានេះ មានចំនួន​១៧៦លើក ដែលបង្ករឱ្យបាត់បង់ជីវិតមនុស្សចំនួន៦នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត។

លោក បន្ថែមទៀតថា ចំពោះករណីគ្រោះធម្មជាតិដែលបានកើតមានឡើងនេះ សាខាកាកបាទក្រហមខេត្តសៀមរាប តែងតែបានចុះជួយអន្តរាគមន៍ ដោយផ្តល់ជូនជាសម្ភារៈ និងថវិការដល់គ្រួសាររងគ្រោះទៅតាមទំហំនៃការខូចខាតផងដែរ។ជាមួយគ្នានោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនានា ដែលកើតឡើងជាយថាហេតុ៕B/