ដោយ: បាយ័ន
សៀមរាប: កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប មានរៀបចំពិធីបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ,លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខានៃក្រសួងធនធានឧស្សាហកម្ម និងទេសចរណ៍ នៃប្រទេសប្រ៊ុយណេ ដែលជាប្រធានអង្គប្រជុំ ASEAN NTOs លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះផងដែរមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១០ ដល់ថ្ងៃទី១២ ខែកក្កដា។
ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង និងមានកិច្ចប្រជុំក្នុងក្របខណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន , មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ASEAN NTOs និងកិច្ចប្រជុំដែលពាក់ព័ន្ធផ្សេងៗថា ខេត្ត សៀមរាប គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើសក្តានុពលទេសចរណ៍ រួមទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រធម្មជាតិដែលមានប្រាសាទបុរាណរាប់រយគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉េ ជាពិសេសប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោក។
លោកអភិបាលខេត្តបានបន្តថា លើសពីនេះទៀត ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាតំបន់បេតិកភណ្ឌពិភពលោក ដែលបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយ។
លោក ទៀ សីហា បានមានប្រសាសន៍ទៀតថា ខេត្តសៀមរាប បានក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ ដែលទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនពាក់កណ្តាល នៃចំនួនភ្ញៀវទេសចរសរុបប្រទេសកម្ពុជា ខណៈដែលកាលនៅក្នុងខែមិថុនា ឆ្នាំ ២០១៦ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ «ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោក» ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអ៊ឺរ៉ុប ដោយបានប្រកាសជាផ្លូវការថា «ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមបំផុតក្នុងឆ្នាំ២០១៦»។
នេះគឺជាមោទនភាពផងដែរសម្រាប់ខេត្តសៀមរាប ដែលប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏អស្ចារ្យនៅ អាស៊ីសម្រាប់ឆ្នាំ២០១៦ និងក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ ប្រាសាទអង្គរវត្តត្រូវបានបោះឆ្នោតជ្រើសរើសទីតាំងទេសចរណ៍ល្អបំផុតលើពិភពលោកដោយគេហទំព័រទេសចរណ៍ Trip Advisor
លោក ទៀ សីហា ក៏បានបន្ថែមថា នៅក្នុងឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិសរុបចំនួន ៣.២៤៩.៧៤៧ នាក់ កើនឡើង ៥,៣ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២.៥៩០.៨១៥ នាក់ នៅក្នុងឆ្នាំ កើនឡើង ៥,៤៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ យើងបានអភិរក្ស និងអភិវឌ្ឍផលិតផលទេសចរណ៍ ក៏ដូចជាតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ជាពិសេសជីវចម្រុះ នៅបឹងទន្លេសាប និងតំបន់ជុំវិញបឹងទន្លេសាប រួមទាំងការពង្រឹងអនាម័យបរិស្ថាន និងលើកកម្ពស់ គុណភាពសេវាកម្មដើម្បីធានាដល់ការអភិវឌ្ឍវិស័ទេសចរណ៍របស់ខេត្តសៀមរាបប្រកបដោយនិរន្តរភាព និង ទំនួលខុសត្រូវផងដែរដើម្បីទទួលបាននូវ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» និង «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ»៕ ល